សហភាពអឺរ៉ុប-ដំណាំកសិកម្ម

ច្បាប់ថ្មីរបស់សហភាពអឺរ៉ុប កំពុងគំរាមកំហែងដល់ដំណាំកសិឧស្សាហកម្មនៅអាស៊ាន


ច្បាប់របស់សហភាពអឺរ៉ុប ដែលមានគោលបំណងបញ្ឈប់ការកាប់បំផ្លាញព្រៃឈើកំពុងគំរាមកំហែងដល់ដំណាំកសិឧស្សាហកម្មផ្សេងៗ ជាពិសេសដំណាំកៅស៊ូនៅអាស៊ីអាគ្នេយ៍។ ការអនុវត្តច្បាប់នេះបានធ្វើឲ្យកសិកររាប់សិបនាក់នៅក្នុងប្រទេសនានា ដូចជាកម្ពុជា ថៃ ម៉ាឡេស៊ី វៀតណាម និងឥណ្ឌូនេស៊ីជាដើមបានរងផលប៉ះពាល់។
សហភាពអឺរ៉ុប-ដំណាំកសិកម្ម
ដោយ

តាមសេចក្តីរាយការណ៍របស់សាព័ត៌មាន Nikkei បទប្បញ្ញត្តិស្តីពីការកាប់បំផ្លាញព្រៃឈើរបស់សហភាពអឺរ៉ុប ដែលត្រូវបានដាក់ចេញមានគោលបំណងហាមឃាត់ការនាំចូលទំនិញចំនួនប្រាំពីរដោយរាប់តាំងពីសត្វពាហនៈ កាកាវ កាហ្វេ ប្រេងដូង កៅស៊ូ សណ្តែក និងឈើ ទៅកាន់សហគមន៍អឺរ៉ុប ប្រសិនបើទំនិញទាំងនោះ ត្រូវបានរកឃើញថា បានមកពីប្រភពដាំដុះ ឫធ្វើប្រតិបត្តិការអាជីវកម្មនៅលើផ្ទៃដី ដែលមានការកាប់បំផ្លាញព្រៃឈើចាប់ពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០មក។

តាមច្បាប់ដែលកំណត់ បណ្តាក្រុមហ៊ុនដែលទាក់ទងនឹងការនាំចូលផលិតផលបែបនេះ ត្រូវបានអាជ្ញាធរនានានៅសហភាពអឺរ៉ុបតម្រូវឲ្យផ្តល់ព័ត៌មាន ដែលអាចបញ្ជាក់ និងផ្ទៀងផ្ទាត់បាន" ដោយគូសផែនទីខ្សែច្រវាក់ផ្គត់ផ្គង់ រួមទាំងទិន្នន័យទីតាំងភូមិសាស្ត្រ សម្រាប់កន្លែងផលិត ឫដាំដុះ ដើម្បីធានាថា ផលិតផលនោះមានភាពអនុលោមអាចនាំចូលបាន។

ច្បាប់របស់សហភាពអឺរ៉ុបនេះនឹងក្លាយជាកាតព្វកិច្ច ដោយត្រូវអនុវត្តចាប់ពីខែធ្នូ ឆ្នាំ២០២៤ សម្រាប់ក្រុមហ៊ុនធំៗ និងចាប់ពីខែមិថុនា ឆ្នាំ២០២៥ សម្រាប់ក្រុមហ៊ុនតូចៗ។

ពាក់ព័ន្ធនឹងច្បាប់នេះ សហគមន៍មួយចំនួនកំពុងបង្ហាញក្តីព្រួយបារម្ភ ជាពិសេស គឺកសិករដែលមានផ្ទៃដីដាំដំណាំកសិឧស្សាហកម្មទាំងនេះតូចៗអាចត្រូវស្ថិតនៅក្នុងដែន នៃការអនុវត្តច្បាប់របស់សហភាពអឺរ៉ុបនេះ។

ក្តីបារម្ភនេះត្រូវបានគេរាយការណ៍ថា កំពុងកើនឡើងនៅក្នុងប្រទេសម៉ាឡេស៊ី ដោយគេដឹងថា ម៉ាឡេស៊ីកំពុងចាប់ដៃជាមួយឥណ្ឌូណេស៊ី ដើម្បីចរចាជាមួយសហភាពអឺរ៉ុបអំពីច្បាប់នៃការកាប់បំផ្លាញព្រៃឈើ ខណៈដែលប្រទេសទាំងពីរមានការព្រួយបារម្ភអំពីផលប៉ះពាល់លើឧស្សាហកម្មប្រេងដូងរបស់ពួកគេ ប៉ុន្តែឧស្សាហកម្មនាំចេញកៅស៊ូតម្លៃជាង២ពាន់លានដុល្លាររបស់ម៉ាឡេស៊ីក៏រងផលប៉ះពាល់ដែរ។

ក្រុមប្រឹក្សាកៅស៊ូម៉ាឡេស៊ី បានអះអាងថា ម៉ាឡេស៊ីបាននាំចេញកៅស៊ូប្រមាណជា១៧ភាគរយ នៃផលិតផលកៅស៊ូរបស់ខ្លួនទៅកាន់សហភាពអឺរ៉ុប ដែលជាទីផ្សារធំបំផុតរបស់ខ្លួនបន្ទាប់ពីសហរដ្ឋអាម៉េរិក ហើយគេដឹងថា ៩៣ភាគរយ នៃផ្ទៃដីដាំកៅស៊ូនៅក្នុងប្រទេសត្រូវបានគ្រប់គ្រងដោយកសិករខ្នាតតូច។

ដោយឡែកសម្រាប់ប្រទេសថៃ ដែលជាប្រទេសផលិត និងនាំចេញកៅស៊ូធំជាងគេរបស់ពិភពលោកកំពុងព្យាយាមរុញច្រានកិច្ចការនេះ ដើម្បីធ្វើយ៉ាងណាឲ្យកសិករ ដែលមានប្រមាណជា ៥លាននាក់នៅក្នុងប្រទេសអាចនឹងបំពេញតាមតម្រូវការចង់បានរបស់សហភាពអឺរ៉ុប។

សម្រាប់វៀតណាមក៏កំពុងតែប្រឈមមុខនឹងបញ្ហានេះដែរ ខណៈដែលប្រភពនាំចេញកៅស៊ូវៀតណាម គឺសហភាពអឺរ៉ុប ហើយមកដល់ពេលនេះ ធនធាននាំចេញរបស់វៀតណាម ត្រូវបានគេដឹងថា កំពុងតែរួមបញ្ចូលគ្នារវាងផលិតផលកៅស៊ូវៀតណាមបូកផលិតផលកៅស៊ូពីកម្ពុជា និងកៅស៊ូពីឡាវ៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការដាក់ប្រាក់បញ្ញើនៅតាមគ្រឹះស្ថានហិរញ្ញវត្ថុនៅថៃ ធ្លាក់ចុះជាលើកដំបូងក្នុងរយៈពេល១០ឆ្នាំ

ព័ត៌មាន
ប្រធានទីភ្នាក់ងារការងារប្រាក់បញ្ញើ (DPA) គឺលោក សុងផូល ឆេវ៉ាផាន់យ៉ារ៉ូច (Songpol Chevapanyaroj) បាននិយាយថា តម្លៃនៃប្រាក់បញ្ញើនៅក្រោមទ…

សង្រ្គាមតម្លៃរថយន្តនៅចិនកំពុងកើនឡើង ខណៈក្រុមហ៊ុន BYD បញ្ចុះតម្លៃ១០%

ព័ត៌មាន
ក្រុមហ៊ុន BYD ដែលជាក្រុមហ៊ុនផលិតរថយន្តដ៏ល្បីល្បាញមួយរបស់ចិន បានប្រកាសបញ្ចុះតម្លៃរហូតដល់១០ភាគរយ ចំពោះរថយន្តអគ្គីសនីជាច្រើនប្រភេទ ខណៈដែលសង្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ