ប្រព័ន្ធហិរញ្ញវត្ថុ

ក្រោយសេដ្ឋកិច្ចហាក់វិលរកភាពល្អប្រសើរ ធនាគារកណ្តាលអាម៉េរិក អាចបញ្ចប់ការរឹតបន្តឹងហិរញ្ញវត្ថុ


ធនាគារកណ្តាលអាម៉េរិក បានសម្រេចរក្សាអត្រាការប្រាក់មិនផ្លាស់ប្តូរ ខណៈទេសាភិបាលធនាគារនេះបានលើកឡើងថា អាម៉េរិកអាចនឹងបញ្ចប់យុទ្ធនាការរឹតបន្តឹងប្រព័ន្ធហិរញ្ញវត្ថុនៅក្នុងប្រទេស។ បើទោះបីសេដ្ឋកិច្ចអាម៉េរិកហាក់វិលមករកភាពល្អប្រសើរឡើងវិញក៏ដោយ តែធនាគារកណ្តាលប្រទេសនេះបានរក្សាអត្រាការប្រាក់ឱ្យស្ថិតក្នុងកម្រិតខ្ពស់ដដែល ពោលគឺចម្លោះពី៥,២៥%ទៅ៥,៥០%។
ប្រព័ន្ធហិរញ្ញវត្ថុ

ធនាគារកណ្តាលអាម៉េ​រិក បានសម្រេចរក្សាអត្រាការប្រាក់ឱ្យនៅថេរកាលពីថ្ងៃពុធ ខណៈដែលអ្នកបង្កើតគោលនយោបាយកំពុងខិតខំ ដើម្បីកំណត់ថា តើស្ថានភាពហិរញ្ញវត្ថុនៅពេលនេះអាចមានភាពតឹងរ៉ឹងគ្រប់គ្រាន់ ដើម្បីគ្រប់គ្រងអតិផរណា ឬថាតើសេដ្ឋកិច្ចដែលកំពុងបន្តដំណើរការលើសពីការរំពឹងទុក អាចនឹងត្រូវការការអត់ធ្មត់បន្ថែមទៀតឫយ៉ាងណា។ នេះបើតាមសារព័ត៌មានធំៗបានរាយការណ៍។

លោក ជេរ៉ូម ផូវែល ( Jerome Powell) ទេសាភិបាលធនាគារកណ្តាលអាម៉េរិក បាននិយាយថា ស្ថានភាពអតិផរណានៅតែជាបញ្ហាមួយ ដោយមន្ត្រីធនាគារកណ្តាលអាម៉េ​រិក មានឆន្ទៈក្នុងការកែសម្រួលអត្រាការប្រាក់ម្តងទៀត ប្រសិនបើមានការរីកចម្រើនលើការគ្រប់គ្រងអតិផរណា។ថ្នាក់ដឹកនាំរូបនេះបានថ្លែងដោយប្រយ័ត្នប្រយែងថា ការកើនឡើង នៃអត្រាការប្រាក់ផ្អែកលើទីផ្សារអាចចាប់ផ្តើមថ្លឹងថ្លែងលើសេដ្ឋកិច្ច ហើយការព្យាយាមមិនឱ្យរំខាន លើសពីការចាំបាច់ គឺបានបង្ហាញពីកម្លាំងនៃស្ថិរភាពការងារ និងកំណើនប្រាក់ឈ្នួលនៅក្នុងទីផ្សារការងារអាម៉េ​រិក។​

នៅក្នុងសន្និសីទសារព័ត៌មានមួយបន្ទាប់ពីបញ្ចប់កិច្ចប្រជុំអំពីគោលនយោបាយរយៈពេលពីរថ្ងៃ លោក ផូវែល បាននិយាយថា ស្ថានភាពសេដ្ឋកិច្ចនៅពេលនេះដំណើរការល្អប្រសើរ ប៉ុន្តែ វានៅតែមានចំណុចមន្ទិលមិនច្បាស់លាស់នៅក្នុងការសម្រេចចិត្តពាក់ព័ន្ធនឹងការកំណត់អត្រាការប្រាក់គោលរបស់ធនាគារកណ្តាល រហូតដល់មានការសម្រេចចិត្តរក្សាដដែល គឺចន្លោះពី ៥,២៥%ទៅ៥,៥០%។

លោកអះអាងថា ធនាគាកណ្តាលអាម៉េ​រិកនឹងបន្តតាមដានស្ថានភាពនៃការប្រែប្រួលទីផ្សារការងារ និងតម្លៃ ដែលជាទិន្នន័យដ៏សំខាន់សម្រាប់ជាមូលដ្ឋាននៃការសម្រេចចិត្តនៅក្នុងកិច្ចប្រជុំកម្រិតគោលនយោបាយនៅខែធ្នូ ខាងមុខនេះ។ គិតមកទល់ពេលនេះធនាគារកណ្តាល និងសេដ្ឋវិទូអាម៉េ​រិក បានប្រកាន់យកចំណាត់ការរឹតបន្តឹងលើគោលនយោបាយហិញ្ញវត្ថុជាង២០ខែមកហើយ។

មេធនាគារកណ្តាលអាមេរិករូបនេះអះអាងថា ដើម្បីគ្រប់គ្រងអតិផរណាឱ្យស្ថិតក្នុងកម្រិត២ ភាគរយ ដែលជាគោលដៅកំណត់ អ្នកគោលនយោបាយខ្លះនៅតែមិនទាន់ហ៊ានសន្និដ្ឋានច្បាស់លាស់ទេថា តើលក្ខខណ្ឌហិរញ្ញវត្ថុទាំងមូលបានរឹតបន្តឹងគ្រប់គ្រាន់ហើយឬនៅ ដើម្បីទប់ទល់នឹងគោលដៅអតិផរណានេះ។

តែយ៉ាងណាមកដល់ពេលនេះ ស្ថានភាពអតិផរណានៅអាម៉េ​រិក បានថមថយ និងកំពុងតែប្រសើរឡើងវិញ ប៉ុន្តែអតិផរណានៅអាម៉េ​រិក នៅតែស្ថិតនៅក្នុងរង្វង់៣,៤%នៅឡើយកាលពីខែកញ្ញា កន្លងទៅ។

រដ្ឋមន្ត្រីក្រសួងរតនាគារអាម៉េ​រិក លោកស្រី ជេណេត យេឡេន (Janet Yellen) បាននិយាយ កាលពីពេលថ្មីៗថា ទិន្នន័យកំណើនក្នុងត្រីមាសទីបីបង្ហាញថា សេដ្ឋកិច្ចអាម៉េ​រិកកំពុងដំណើរការយ៉ាងល្អ ហើយកម្រិតនៃអតិផរណា ក៏ហាក់មានសភាពធ្លាក់ចុះផងដែរ។ ថ្នាក់ដឹកនាំរូបនេះអះអាងថា សេដ្ឋកិច្ចអាម៉េ​រិកបានកើនឡើងក្នុងអត្រាជិត៥%នៅត្រីមាសទីបីឆ្នាំនេះ ដែលជាល្បឿនលឿនបំផុតក្នុងរយៈពេលជិតពីរឆ្នាំ៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិនព្រមពិភាក្សាលើការគ្រប់គ្រងអាវុធនុយក្លេអ៊ែជាមួយអាម៉េរិក

ព័ត៌មាន
ប្រទេសចិន និងសហរដ្ឋអាម៉េរិកនឹងពិភាក្សាគ្នាអំពីការគ្រប់គ្រងអាវុធនុយក្លេអ៊ែ នៅសប្តាហ៍ក្រោយ បន្ទាប់ពីអាក់ខានជាច្រើនឆ្នាំចាប់តាំងពីរដ្ឋបាលលោក…

វិបត្តិអតិផរណា ធ្វើឱ្យជប៉ុនត្រៀមទុកកញ្ចប់ថវិការហូតដល់១១៣ពាន់លានដុល្លារ

ព័ត៌មាន
ខណៈដែលកម្រិតអតិផរណានៅតែបន្តកើនឡើងឥតឈប់ឈរនោះ រដ្ឋាភិបាលជប៉ុលបានសម្រេចប្រកាសពីកញ្ចប់ថវិកាជាង១រយពាន់លានដុល្លារ ដើម្បីទប់ស្កាត់កម្រិតអតិផរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ