ថាមពលឥន្ធនៈ

តម្លៃប្រេងបន្តធ្លាក់ចុះប៉ុន្មានថ្ងៃជាប់គ្នា ខណៈបញ្ហាសេដ្ឋកិច្ចដាក់សម្ពាធលើតម្រូវការប្រេងសកល


តម្លៃប្រេងបានបន្តធ្លាក់ចុះ២ថ្ងៃជាប់គ្នាគិតត្រឹមថ្ងៃចន្ទ ទី២២ ខែមករា នេះ ដោយសារបញ្ហាសេដ្ឋកិច្ចបានដាក់សម្ពាធលើទស្សនវិស័យតម្រូវការប្រេងសកល ខណៈមានក្ដីបារម្ភចំពោះភូមិសាស្ត្រនយោបាយនៅតំបន់មជ្ឈិមបូព៌ា និងការវាយប្រហារទៅលើស្ថានីយនាំចេញឥន្ធនៈរបស់រុស្ស៊ី កាលពីចុងសប្តាហ៍កន្លងទៅ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
ថាមពលឥន្ធនៈ
ដោយ

សន្ទស្សន៍តម្លៃប្រេងឆៅនៅលើទីផ្សារអង់គ្លេស បានធ្លាក់ចុះ៤១សេន ឬ០.៥% មកនៅត្រឹម៧៨ដុល្លារ៣៣សេនក្នុងមួយធុងបារ៉ែល គិតត្រឹមព្រឹកថ្ងៃចន្ទ សប្តាហ៍នេះ បន្ទាប់ពីតម្លៃប្រេងឆៅបានធ្លាក់ចុះ៥៤សេន កាលពីថ្ងៃសុក្រសប្ដាហ៍មុន។ ចំណែកឯសន្ទស្សន៍តម្លៃប្រេងឆៅនៅលើទីផ្សារសហរដ្ឋអាម៉េរិក សម្រាប់ការចែកចាយក្នុងខែកុម្ភៈ ក៏បានធ្លាក់ចុះ២៨សេនដែរ មកនៅត្រឹម៧៣ដុល្លារ១៣សេនក្នុងមួយធុងបារ៉ែល ហើយសន្ទស្សន៍តម្លៃប្រេងឆៅរបស់ទីផ្សារនេះសម្រាប់ការចែកចាយនៅខែមីនា ខាងមុខបានធ្លាក់ចុះ២១សេន មកនៅត្រឹម៧៣ដុល្លារ ក្នុងមួយធុងបារ៉ែល។

លោក តូនី សាយខាម័រ (Tony Sycamore) អ្នកវិភាគនៅក្រុមហ៊ុន IG បាននិយាយថា ការបន្តធ្លាក់ចុះតម្លៃប្រេងឆៅជាថ្មីនៅព្រឹកថ្ងៃចន្ទ សប្តាហ៍នេះ បានបង្ហាញពីស្ថានភាពបច្ចុប្បន្ននៅក្នុងទីផ្សារប្រេងឆៅ ទោះបីជាមានភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយនៅអឺរ៉ុប និងមជ្ឈិមបូព៌ា ក៏ដោយ។

តម្លៃប្រេងឆៅនៅតែបន្តធ្លាក់ចុះ បើទោះជាអ៊ុយក្រែន បានវាយប្រហារដោយយន្តហោះដ្រូនទៅលើស្ថានីយនាំចេញឥន្ធនៈដ៏ធំរបស់រុស្ស៊ីក៏ដោយ ហើយក្រុមហ៊ុនប្រេងរបស់រុស្ស៊ី ណូវ៉ាតេក (Novatek) បាននិយាយកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅថា ក្រុមហ៊ុននេះបានបង្ខំចិត្តផ្អាកប្រតិបត្តិការមួយចំនួននៅសមុទ្របាល់ទិក (Baltic Sea) ដោយសារតែភ្លើងឆេះស្ថានីយប្រេងរបស់ខ្លួន។

ចំណែកនៅតំបន់មជ្ឈិមបូព៌ាឯណោះវិញ សង្រ្គាមនៅតំបន់ហ្គាហ្សា នៅតែបន្តកើតឡើង ខណៈដែលសហរដ្ឋអាម៉េរិក បានកម្ទេចមីស៊ីលប្រឆាំងនាវាមួយទៀតដែលក្រុមឧទ្ទាមហ៊ូទី នៅប្រទេសយេម៉ែនត្រៀមបាញ់ចូលទៅក្នុងឈូងសមុទ្រអាដែន (Aden) កាលពីថ្ងៃសៅរ៍ ទី២០ ខែមករា។ ការវាយប្រហារដោយក្រុមសម្ព័ន្ធមិត្តអ៊ីរ៉ង់ នៅសមុទ្រក្រហម និងឈូងសមុទ្រអាដែន នេះបានធ្វើឱ្យរាំងស្ទះដល់ពាណិជ្ជកម្ម​ពិភពលោក ហើយវាក៏បានរឹតបន្តឹងទីផ្សារប្រេងឆៅនៅអឺរ៉ុប និងអាហ្រ្វិកផងដែរ។

បើតាមការព្យាករកំណើនតម្រូវការប្រេងចុងក្រោយ ដែលធ្វើឡើងដោយរដ្ឋបាលព័ត៌មានថាមពលអាម៉េរិក (EIA) ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) និងអង្គការប្រេងអូប៉ិច សម្រាប់ឆ្នាំ២០២៤ បង្ហាញថា តម្រូវការប្រេងសកលនឹងស្ថិតក្នុងចន្លោះពី១,២៤លានបារ៉ែល ទៅ២,២៥លានបារ៉ែលក្នុងមួយថ្ងៃ ប៉ុន្តែស្ថាប័នអន្តរជាតិទាំង៣នេះរំពឹងថា តម្រូវការនឹងថយចុះនៅក្នុងឆ្នាំ២០២៥៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វិស័យប្រដាល់ Muay Thai ជោគជ័យខ្លាំងនៅអាម៉េរិក ដោយក្លឹបប្រដាល់នេះរីកដូចផ្សិតកើនដល់ជិត២ពាន់ក្លឹប

ព័ត៌មាន
វិស័យប្រដាល់ មួយថៃ (Muay Thai) កំពុងក្លាយជាកីឡាដ៏ពេញនិយមមួយនៅលើទឹកដីសហរដ្ឋអាម៉េរិក ដោយក្លឹប ឬ សាលាបង្ហាត់ប្រដាល់ មួយថៃ (Muay Thai)…

រុស្ស៊ី ព្រមានលោកខាងលិចនឹងបាត់បង់ទ្រព្យសម្បត្តិជិត៣០០ពាន់លាន់ដុល្លារ បើហ៊ានរឹបអូសទ្រព្យសម្បត្តិខ្លួន

ព័ត៌មាន
ឯវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ក្នុងទីក្រុង Davos ប្រទេសស្វីស កាលពីពេលថ្មីៗនេះ ក្រុមមន្ត្រីលោកខាងលិច បានបញ្ជាក់ជំហរថា ពួកគេបើកចំហចំពោះគ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ