ប្រទេសអូស្ត្រាលី

អូស្ត្រាលីត្រូវបានស្នើឱ្យហាមការផ្សាយពាណិជ្ជកម្មល្បែងតាមអ៊ិនធើណិត ដើម្បីទប់ទល់ការញៀនកាន់តែខ្លាំង


គណៈកម្មាធិការស៊ើបអង្កេតសភាអូស្ត្រាលីបានផ្តល់អនុសាសន៍កាលពីថ្ងៃពុធ ទី ២៨ មិថុនា ថា អូស្ត្រាលីគួរតែបញ្ឈប់ការផ្សាយពាណិជ្ជកម្មល្បែងអនឡាញនៅក្នុងរយៈពេល៣ឆ្នាំ ដើម្បីទប់ស្កាត់ការញៀនល្បែងរបស់ប្រជាជនខ្លួន ដែលកំពុងប្រែក្លាយអូស្ត្រាលីជាទីផ្សារភ្នាល់ល្បែងដ៏ធំបំផុតមួយរបស់ពិភពលោក។ នេះបើតាមការចុះផ្សាយសារព័ត៌មានអន្តរជាតិធំៗ។
អូស្ត្រាលីគ្រោងហាមប្រាមការផ្សាយពាណិជ្ជកម្មល្បែងតាមអ៊ិនធើណិត
ដោយ

គណៈកម្មាធិការស៊ើបអង្កេតសភាអូស្ត្រាលីបានធ្វើការណែនាំចំនួន៣១ចំណុច អំពីរបៀបដែលការលេងល្បែងអនឡាញ បាននិងកំពុងផ្លាស់ប្តូរវប្បធម៌កីឡានៅក្នុងប្រទេស។ គណៈកម្មាធិកាដដែលឱ្យដឹងថា វាគួរតែត្រូវបានគ្រប់គ្រង និងមានការគាំពារប្រជាជនអូស្ត្រាលីដែលកំពុងតស៊ូជាមួយនឹងការញៀនល្បែងអនឡាញ។

លោកស្រី ប៉េតា ម៉ូហ្វី (Peta Murphy) ប្រធានគណៈកម្មាធិការស៊ើបអង្កេតសភា បាននិយាយក្នុងរបាយការណ៍ក្រោមចំណងជើង«អ្នកឈ្នះបានខ្លះ តែចាញ់ច្រើន»ថា ប្រជាជនអូស្ត្រាលីចំណាយលើសពីពលរដ្ឋនៃប្រទេសផ្សេងៗទៀតលើល្បែងស៊ីសងអនឡាញ។ លោកស្រីថា ទំនោរនេះកំពុងបង្កការខូចខាតនៅក្នុងសហគមន៍អូស្ត្រាលី។

ក្រុមហ៊ុនល្បែងអនឡាញផ្សាយពាណិជ្ជកម្មដោយចេតនា និងដោយប្រើយុទ្ធសាស្ត្រភ្ជាប់ជាមួយនឹងកីឡា ដែលបានធ្វើឱ្យល្បែងប្រភេទនេះមានលក្ខណៈធម្មតា ជាសកម្មភាពសប្បាយនិងគ្មានការបង្កគ្រោះថ្នាក់។ ស្របពេលជាមួយគ្នា យុវជនអូស្ត្រាលីជំនាន់ថ្មីចាត់ទុកការលេងល្បែងស៊ីសងនិងការលេងកីឡាថាមានទំនាក់ទំនងគ្នាដែលមិនអាចកាត់ផ្ដាច់បាន។ នេះបើយោងតាមលោកស្រី ម៉ូហ្វី ដែលបានបញ្ជាក់បន្ថែមថា និន្នាការនេះកំពុងផ្លាស់ប្តូរវប្បធម៌កីឡានៅអូស្ត្រាលី។

គណៈកម្មាធិការសភាអូស្ត្រាលីនិយាយថា បម្រាមចំពោះការផ្សាយពាណិជ្ជកម្មល្បែងអនឡាញអាចនឹងធ្វើឡើងជាដំណាក់ៗ ក្នុងរយៈពេលជាង ៣ ឆ្នាំ ដើម្បីឱ្យអង្គការកីឡា និងប្រព័ន្ធផ្សព្វផ្សាយ មានពេលវេលាគ្រប់គ្រាន់ ដើម្បីស្វែងរកប្រភពចំណូលពីការផ្សាយពាណិជ្ជកម្មរឿងផ្សេងវិញ។

តែជាការពិតណាស់ វិធានការដែលស្នើនេះចង់ឬមិនចង់ប្រាកដជានឹងប៉ះពាល់ដល់ក្រុមហ៊ុនហ្គេមអនឡាញធំៗនៅក្នុងប្រទេសអូស្តា្រលី ដូចជាក្រុមហ៊ុន ផ្លាត់ធើ អិនធើថេនមិន (Flutter Entertainment) ដែលចុះបញ្ជីនៅទីក្រុងឡុងដ៍ និងជាម្ចាស់កម្មវិធីភ្នាល់តាមទូរស័ព្ទដ៏ពេញនិយមបំផុតនៅក្នុងប្រទេសអូស្ត្រាលី, ក្រុមហ៊ុន ស្ពតបិត (Sportsbet), និងក្រុមហ៊ុន អិនថេន (Entain) ជាដើម។

អូស្ត្រាលីគឺជាប្រទេសលេងល្បែងស៊ីសងធំជាងគេបំផុតមួយនៅលើពិភពលោក បើគិតពីការខាតបង់ក្នុង មនុស្សម្នាក់។ ឧស្សាហកម្មល្បែងស៊ីសងក្នុងប្រទេសនេះ កំពុងទទួលការចាប់អារម្មណ៍ខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយមានការរិះគន់ពីសាធារណៈជនទូទៅ និងឈានទៅដល់ការស៊ើបអង្កេតអំពីប្រតិបត្តិករកាស៊ីណូធំ ជុំវិញការលាងលុយកង្វក់ផងដែរ។

ទោះបីជាយ៉ាងណា នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក អាន់តូនី អាល់បានេស (Anthony Albanese) បាននិយាយប្រាប់វិទ្យុអេប៊ីស៊ីអូស្ត្រាលីថា រដ្ឋាភិបាលនឹងពិចារណាលើអនុសាសន៍របស់គណៈកម្មាធិការសភានេះ ក្នុងការដោះស្រាយបញ្ហានានាដែលកើតមាននៅលើបណ្ដាញអ៊ិនធើណិត និងលើប្រព័ន្ធផ្សព្វផ្សាយសង្គម ឱ្យបានគ្រប់ជ្រុងជ្រោយទូទាំងប្រទេសតែម្ដង៕




អត្ថបទបន្ទាប់


ឯកឧត្តម ស៊ុន ចាន់ថុល អះអាងថា ផ្លូវរថភ្លើងក្រោមដី និងលើអាកាសនៅភ្នំពេញត្រូវបានសិក្សាចប់ហើយ

ព័ត៌មាន
ថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូនបានអះអាងថា គម្រោងផ្លូវរថភ្លើងក្រោមដី និងលើអាកាសនៅរាជធានីភ្នំពេញត្រូវបានសិក្សាចប់ហើយ និងរំពឹងទទ…

គម្រោងនិងទំហំវិនិយោគនៅកម្ពុជា នៅ៥ខែនេះបានធ្លាក់ចុះ ប៉ុន្ដែអ្នកជំនាញថា ស្ថានភាពវិនិយោគនៅតែល្អប្រសើរ

ព័ត៌មាន
នៅរយៈពេល ៥ខែឆ្នាំ២០២៣ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានអនុម័តគម្រោងវិនិយោគថ្មី និងគម្រោងពង្រីកផលិតកម្មសរុបចំនួន ៧៥គម្រោង ដែលមានទំហំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ