យន្តហោះដ្រូន

សហរដ្ឋអាម៉េរិក និងអូស្ត្រាលី ឯកភាពសហការជាមួយជប៉ុន អភិវឌ្ឍន៍យន្តហោះដ្រូនយោធា


ក្រុមមេដឹកនាំនៃប្រទេសអូស្ត្រាលី និងសហរដ្ឋអាម៉េរិក បានប្រកាសកាលពីថ្ងៃពុធថា អាម៉េរិក និងអូស្ត្រាលីនឹងចាប់ដៃជាមួយប្រទេសជប៉ុន ដើម្បីបង្កើតយន្តហោះគ្មានមនុស្សបើកជំនាន់ចុងក្រោយ សម្រាប់ប្រើនៅក្នុងវិស័យយោធា ដែលវាជាការបង្ហាញពីការបង្កើនកិច្ចខិតខំប្រឹងប្រែងនៅក្នុងវិស័យ«យន្តហោះចម្បាំងរួមគ្នា»។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
យន្តហោះដ្រូន
ដោយ

ប្រធានាធិបតីអាម៉េ​រិក លោក ចូ បៃដិន និងនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក អេនថូនី អាល់បានីស បានចេញសេចក្តីថ្លែងការណ៍រួមមួយ បន្ទាប់ពីកិច្ចប្រជុំនៅសេតវិមាន ដោយបានកត់សម្គាល់ថា សម្ព័ន្ធមិត្តទាំង២នេះ នឹង«ស្វែងរកកិច្ចសហប្រតិបត្តិការត្រីភាគីជាមួយប្រទេសជប៉ុន»ផ្ដោតលើប្រព័ន្ធអាកាស ដែលគ្មានប្រើមនុស្ស។

សេចក្តីថ្លែងការណ៍នេះបាននិយាយថា កិច្ចសហប្រតិបត្តិការរបស់ពួកគេ មានបំណងលើកកម្ពស់អន្តរប្រតិបត្តិការ និងពន្លឿនការផ្ទេរបច្ចេកវិទ្យានៅក្នុងវិស័យ ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សនៃយន្តហោះចម្បាំង និងការស្វ័យរួមគ្នា។

យន្តហោះចម្បាំងរួមគ្នា គឺជាគំនិតថ្មីមួយរបស់កងទ័ពអាកាសរបស់អាម៉េរិក ដែលស្រមៃចង់ឃើញយន្តហោះដ្រូនធ្វើប្រតិបត្តិការដោយស្វ័យភាព ឬស្ថិតនៅក្បែរយន្តហោះចម្បាំងមានមនុស្សបើក ខណៈដែលជប៉ុនមានបច្ចេកវិទ្យាផ្នែកបញ្ញាសិប្បនិម្មិត និងមនុស្សយន្ត ដែលអាចជួយបង្កើនសមត្ថភាពបែបនេះ។

កិច្ចសហប្រតិបត្តិការលើយន្តហោះដ្រូននេះឆ្លុះបញ្ចាំងពីតួនាទីនៃយន្តហោះដ្រូនសម្រាប់វាយប្រហារ និងស៊ើបការណ៍នៅលើសមរភូមិដ៏ទំនើប។ ជាក់ស្ដែងដូចជានៅក្នុងជម្លោះនៅតំបន់ណាហ្គូណូ-ការ៉ាបាក (Nagorno-Karabakh) នៅប្រទេសអាស៊ែរបៃហ្សង់ និងអាមេនី គឺយន្តហោះដ្រូន ដែលផ្គត់ផ្គង់ដោយប្រទេសតួកគី និងអ៊ីស្រាអែល បានធ្វើឱ្យអាស៊ែរបៃហ្សង់ឈ្នះដាច់ទៅលើអាមេនី។

ហើយករណីមួយទៀតនៅក្នុងសង្រ្គាមនៅអ៊ុយក្រែន គឺភាគីទាំង២បានបញ្ជូនយន្តហោះដ្រូន ដើម្បីបំផ្លិចបំផ្លាញដល់គូសត្រូវរបស់ខ្លួនជាហេតុធ្វើឱ្យភាគីទាំង២ខ្លាចរអាគ្នារៀងៗខ្លួនផងដែរ។

សហរដ្ឋអាម៉េរិក និងជប៉ុន បានចាប់ផ្តើមធ្វើការរួមគ្នាផ្ដោតលើប្រព័ន្ធស្វ័យភាពរួចហើយ។ ជាក់ស្ដែងកាលពីខែធ្នូ ឆ្នាំមុនទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតូក្យូ បានចេញសេចក្តីថ្លែងការណ៍រួមគ្នាមួយ ដោយបញ្ជាក់ថា សម្ព័ន្ធមិត្តទាំង២នេះ នឹងធ្វើការរួមគ្នាលើការស្រាវជ្រាវ ការអភិវឌ្ឍ ការធ្វើតេស្ត និងការវាយតម្លៃសមត្ថភាពនៃប្រព័ន្ធស្វ័យភាពនេះ។

សេចក្តីថ្លែងការណ៍នេះបានបន្ថែមថា យន្តហោះដ្រូននេះអាចបំពេញបន្ថែមនូវយន្តហោះចម្បាំងថ្មីទៀតដល់ជប៉ុន ខណៈដែលប្រទេសនេះកំពុងអភិវឌ្ឍន៍រួមគ្នាជាមួយនឹងចក្រភពអង់គ្លេស និងអ៊ីតាលី។

លោក ចូ បៃដិន និងលោក អាល់បានីស បានពណ៌នាពីស្ថានភាពនៃទំនាក់ទំនងទ្វេភាគីនេះថា ជា«យុគសម័យថ្មីនៃកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្ររវាងសហរដ្ឋអាម៉េរិក និងអូស្ត្រាលី» ខណៈដែលភាពជាដៃគូនេះ ត្រូវបានពង្រីកទៅក្នុងវិស័យថ្មីមួយចំនួនទៀត ដើម្បីឆ្លើយតបនឹងភាពស្មុគស្មាញ ដែលកំពុងតែកើនឡើងនូវបញ្ហាប្រឈមជាសកលនិងក្នុងតំបន់៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អតីតនាយករដ្ឋមន្ត្រីចិនលោក Li Keqiang បានទទួលមរណភាពក្នុងវ័យ៦៨ឆ្នាំ ដោយសារគាំងបេះដូង

ព័ត៌មាន
ជារឿងមួយដ៏គួរភ្ញាក់ផ្អើល និងសោកសៅនៅក្នុងប្រទេសចិន ខណៈដែលអតីតនាយករដ្ឋមន្ត្រីចិនលោក Li Keqiang បានទទួលមរណភាពនៅថ្ងៃសុក្រ ទី២៧ តុលានេះ ក្ន…

អ៊ីស្រាអែលព្រមពន្យារពេលវាយលុកលើហ្កាហ្សា ខណៈមេក្រុមសកម្មប្រយុទ្ធទាំង៣ជួបប្រជុំគ្នា រៀបចំយុទ្ធសាស្ត្រវាយអ៊ីស្រាអែល

ព័ត៌មាន
យោងតាមរបាយការណ៍មួយចុះផ្សាយនៅថ្ងៃទី២៥ ខែតុលា ដោយស្រង់សម្តីប្រភពពីមន្ត្រីអ៊ីស្រាអែល និងអាម៉េរិក ដោយកាសែត The Wall Street Journal បានឱ្យ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ