ការលក់ដូរតាមកញ្រ្ចែង

សាលារាជធានីភ្នំពេញ ហាមមិនឱ្យមានការយកភាស៊ី ចំពោះអ្នកលក់ដូរតាមកញ្រ្ចែង ល្អី និងលក់ដូរចល័ត


ការលក់ដូរតាមកញ្រ្ចែង កញ្ជើ ល្អី និងការលក់ចល័តគ្រប់ប្រភេទក្នុងរាជធានីភ្នំពេញ នឹងមិនត្រូវអស់ប្រាក់ដោយសារការប្រមូលចំណូលភាស៊ី ឬការបង់ថ្លៃអ្វីផ្សេងៗនោះឡើយ ហើយការមិនយកភាស៊ី ឬការបង់ថ្លៃនេះ ក៏ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ដាក់បញ្ជាឱ្យអាជ្ញាធរពិនិត្យមើលឱ្យបានម៉ឺងម៉ាត់បំផុត និងចៀសវាងជនខិលខូចមួយចំនួនឆ្លៀតឱកាសដើរប្រមូលថវិកា។ នេះបើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ។
ការលក់ដូរតាមកញ្រ្ចែង
ដោយ

ដើម្បីពង្រឹង និងចៀសវាងជនខិលខូចមួយចំនួនឆ្លៀតឱកាសដើរប្រមូលថវិកា ក្រោមរូបភាពប្រមូលភាស៊ី ពីអ្នកលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី និងការលក់ដូរចល័តរបស់អាជីវករ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ហាឱ្យអាជ្ញាធរ និងអ្នកពាក់ព័ន្ធទាំងអស់ត្រូវពង្រឹងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការអនុវត្តស្ដីពីការលុបការបង់ថ្លៃចំពោះប្រជាពលរដ្ឋលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី ឱ្យមានប្រសិទ្ធភាព។

ជាមួយគ្នានេះ ឯកឧត្តម បានព្រមានថា ក្នុងករណីមានបុគ្គលណាទាមទារ ឬបង្ខិតបង្ខំឱ្យអាជីវករបង់ភាស៊ី ឬបង់ថ្លៃផ្សេងៗផ្ទុយពីការកំណត់នឹងត្រូវឃាត់ខ្លួនជាបន្ទាន់ ដើម្បីអនុវត្តច្បាប់។ ទន្ទឹមគ្នានេះ ក្រុមហ៊ុន ឬអ្នកវិនិយោគធ្វើអាជីវកម្មដែលមិនអនុវត្តតាម នឹងឈានដល់ការលុបកិច្ចសន្យាវិនិយោគ។

យ៉ាងណាក៏ដោយ ថ្នាក់ដឹកនាំរូបនេះបានណែនាំដល់អាជីវករ ដែលលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី និងលក់ដូរចល័តត្រូវលក់ដូរនៅតាមទីតាំងដែលអាជ្ញាធរផ្សារបានរៀបចំជូន ចៀសវាងធ្វើឱ្យប៉ះពាល់ដល់សោភ័ណភាព និងសណ្ដាប់ធ្នាប់សាធារណៈ។

សូមរំលឹកថា កាលពីឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជា បានលុបការបង់ភាស៊ី និងការបង់ថ្លៃផ្សេងៗទៀតចំពោះប្រជាពលរដ្ឋលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី នៅទីកន្លែងលក់ដូរ និងទីផ្សារទូទាំងប្រទេស។

ដូចគ្នានេះដែរ កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់បទបញ្ជាឱ្យអនុវត្តនូវសារាចរណែនាំកន្លងទៅឱ្យបានម៉ឺងម៉ាត់បំផុត ដើម្បីសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ៕

អត្ថបទ៖ បូ ដូឡា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សម្តេចធិបតី ហ៊ុន ម៉ាណែត សម្រេចបង្កើត សហគ្រិនខ្មែរ ជាបរធនបាលកិច្ច ដើម្បី កៀរគរ គ្រប់គ្រង និងចាត់ចែងបរធនពីប្រភពស្របច្បាប់នានា

ព័ត៌មាន
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២៣ បានសម្រេចចេញអនុក្រឹត្យស្ដីពីការបង្កើតសហគ្រិនខ្មែរ ឬ Khmer…

ធនាគារពិភពលោក៖ បញ្ហាបម្រែបម្រួលអាសកាសធាតុនឹងបន្ដជះឥទ្ធិពលបន្ថែមលើគ្រប់ផ្នែកនៃសេដ្ឋកិច្ចកម្ពុជា ប្រសិនបើគ្មានដំណោះស្រាយ

ព័ត៌មាន
ធនាគារពិភពលោក នៅថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០២៣ បានចេញមកព្រមានជាថ្មីទៀតចំពោះផលប៉ះពាល់ទៅលើសេដ្ឋកិច្ចកម្ពុជាគ្រប់ផ្នែកទាំងអស់ ដែលកើតឡើងបណ្ដាល…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ