ធនាគារពិភពលោក

ធនាគារពិភពលោក៖ បញ្ហាបម្រែបម្រួលអាសកាសធាតុនឹងបន្ដជះឥទ្ធិពលបន្ថែមលើគ្រប់ផ្នែកនៃសេដ្ឋកិច្ចកម្ពុជា ប្រសិនបើគ្មានដំណោះស្រាយ


ធនាគារពិភពលោក នៅថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០២៣ បានចេញមកព្រមានជាថ្មីទៀតចំពោះផលប៉ះពាល់ទៅលើសេដ្ឋកិច្ចកម្ពុជាគ្រប់ផ្នែកទាំងអស់ ដែលកើតឡើងបណ្ដាលមកពីបញ្ហាប្រែប្រួលអាកាសធាតុ ប្រសិនបើប្រទេសនេះ មិនមានដំណោះស្រាយសមស្របចំពោះបញ្ហានេះទេនោះ។
3
ដោយ

ផ្ទុយទៅវិញ ធនាគារពិភពលោក​បានគូសបញ្ជាក់ថា កម្ពុជា​អាច សម្រេច​ចក្ខុវិស័យ​អភិវឌ្ឍន៍​របស់​ខ្លួន​បាន​ ប្រសិន​បើ​ប្រទេស​នេះ​ធ្វើ​ចំណាត់​ការ​លើ​បម្រែ​បម្រួល​អា​កាស​ធាតុ​​តាម​រយៈសកម្មភាព​ធំៗបី គឺ កាត់បន្ថយ (Reduce) ឱ្យបានច្រើន​នូវភាពងាយរងគ្រោះដោយសារបម្រែបម្រួលអាកាសធាតុ; សម្របឡើងវិញ (Realign) នូវគន្លងបំភាយកាបូននៅក្នុងការអភិវឌ្ឍ; និង តម្រង់ទិសឡើងវិញ (Reorient) សម្រាប់សេដ្ឋកិច្ច ដើម្បី​ក្រសោប​យកឱកាសថ្មីៗ​ពី​ការ​ធ្វើ​អន្តរកាល​ទៅរកការអភិវឌ្ឍ​បៃតងលើសកលលោក។ នេះបើយោងតាម​របាយការណ៍​ស្តីពី ស្ថានភាពអាកាសធាតុនិងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា (Country Climate and Development Report/CCDR) របស់ធនាគារពិភពលោកដែលចេញផ្សាយកាលពីពេលថ្មីៗនេះ។​

បើតាមធនាគារពិភពលោក កម្ពុជា​កំពុង​រង​ផលប៉ះពាល់​ខ្លាំង​ពីបម្រែបម្រួល​អាកាស​ធាតុ​រួច​ទៅហើយ ដែលមានន័យថាប្រទេសនេះ​ចាំបាច់​ត្រូវ​ធ្វើ​ការបន្ស៊ាំខ្លួន​ជា​បន្ទាន់​ទៅនឹង​ផលប៉ះពាល់​ទាំងនោះ។ ការកើនឡើងភាពប្រែប្រួលនៃទឹកភ្លៀងកំពុងបណ្តាលឱ្យមានភាពរាំងស្ងួតនិងទឹកជំនន់ញឹកញាប់និងខ្លាំងជាងមុន។ គ្រោះរាំងស្ងួតធ្ងន់ធ្ងរដែលបានកើតឡើងនៅឆ្នាំ២០១៥និង២០១៦ បានប៉ះពាល់ដល់១៨ខេត្ត​ក្នុង​ចំណោម ២៥ខេត្ត/រាជធានី និងប៉ះពាល់ដល់មនុស្សជាង ២,៥លាននាក់។ ផលស្រូវបានបាត់បង់​ប្រមាណ១០០លានដុល្លាអាមេរិក ដោយសារគ្រោះរាំងស្ងួតដែលបណ្តាលមកពីបាតុភូត El Nino នាឆ្នាំ២០១៩។ នៅខែកញ្ញាឆ្នាំ២០២២ ដែលមានភ្លៀងធ្លាក់ខ្លាំងបំផុតនារយៈពេល៣ឆ្នាំនេះ បានបង្ករគ្រោះទឹកជំនន់ធ្ងន់ធ្ងរក្នុងខេត្តចំនួន១៤ ដោយប៉ះពាល់ប្រមាណ៨៥ម៉ឺនគ្រួសារ និងមានការបាក់ដី ដែលនាំឱ្យមានការជំលៀសប្រជាជន៥០០០គ្រួសារ។

របាយការណ៍ CCDR នេះ និយាយទៀតថា យោង​តាម​ការ​ព្យាករអាកាសធាតុ ហានិភ័យ​ទឹកជំនន់ និង​សម្ពាធកម្តៅ នៅ​ក្នុង​ប្រទេស​កម្ពុជា នឹងមាន​សភាព​កាន់​តែ​អាក្រក់នាពេលអនាគត។ ​ប្រសិនបើគ្មាន​វិធានការបន្ស៊ាំ និងកាត់បន្ថយផលប៉ះពាល់សម​ស្រប​ទេ បម្រែ​បម្រួល​អាកាស​ធាតុអាច​នឹង​ធ្វើ​ឱ្យ​កម្ពុជា​ខាតបង់ ផ.ស.ស អស់​ ៩ភាគរយ គិត​ត្រឹម​ឆ្នាំ​២០៥០ និង​ធ្វើ​ឱ្យអត្រា​​ភាព​ក្រីក្រ ​កើនឡើង​៦ភាគរយពិន្ទុ គិត​ត្រឹម​ឆ្នាំ​២០៤០។

លោកស្រី ម៉ានូអែលឡា វ. ហ្វេររ៉ូ អនុប្រធានធនាគារពិភពលោក​ទទួលបន្ទុក​តំបន់​អាស៊ីបូព៌ា និង​ប៉ាស៊ីហ្វ៊ិក មាន​ប្រសាសន៍​ថា៖ «កម្ពុជា​ជា​ប្រទេស​ដែល​ប្រឈម​ខ្លាំង​ទៅនឹង​ផលប៉ះពាល់នៃ​អាកាស​ធាតុ ជាពិសេសតាមរយៈការកើនឡើងជាញឹកញាប់និងធ្ងន់ធ្ងរនៃគ្រោះទឹកជំនន់។ លោកស្រី​ពោលបន្តទៀតថា៖ “ដើម្បីស្តារឡើងវិញដែលបានបាត់បង់​ដោយសារជំងឺឆ្លងរាតត្បាត និងការកើនឡើង​តម្លៃ​ចំណីអាហារនិងប្រេងឥន្ទនះ កម្ពុជាត្រូវរក្សាកំណើនខ្ពស់ ស្របពេលដែលត្រូវដោះស្រាយ​ផលប៉ះពាល់​ដែលបង្ករឡើងដោយការប្រែប្រួលអាកាសធាតុលើសេដ្ឋកិច្ច និងការកាត់បន្ថយការបំភាយ​កាបូន”។

របាយការណ៍បាន​ធ្វើ​ការកត់ស​ម្គាល់ថា កម្ពុជា ​បាន​ដាក់​ចេញ​នូវ​គោលដៅវែងឆ្ងាយ​មួយ ក្នុង​ការប្រែក្លាយសេដ្ឋកិច្ចឱ្យទៅជា​ប្រទេស​មានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០។ ទន្ទឹម​នឹង​ជោគជ័យ​ដែលសម្រេច​បានកន្លងមក​នេះ ដើម្បីរក្សាកំណើនឱ្យរីងមាំ កម្ពុជា​ចាំ​បាច់​ត្រូវ​តែខិតខំ​ជម្នះ​​ឧបសគ្គ​លក្ខណៈ​រចនាសម្ព័ន្ធមួយចំនួន រួមមានឧបសគ្គដែលទាក់ទងនឹងពាណិជ្ជកម្ម ហេដ្ឋារចនាសម្ព័ន្ធដែលមិនទាន់គ្រប់គ្រាន់សម្រាប់សំរួលដល់ពាណិជ្ជកម្ម ការវិនិយោគពីក្នុងស្រុកនៅទាប ការថយចុះនៃវិនិយោគសាធារណៈ និងការកើនឡើងនូវបំណុលជាឯកជន។

សេដ្ឋកិច្ចរបស់កម្ពុជាមានមូលដ្ឋាន​ប្រមូលផ្តុំខ្លាំង បើនិយាយពីការនាំចេញ, ទីផ្សារ, វិស័យ, និងប្រភពហិរញ្ញប្បទាន ដែលធ្វើឱ្យប្រទេសនេះងាយរងគ្រោះណាស់​ ពីសំណាក់​ហេតុការណ៍នៅក្រៅប្រទេស។ ការធ្វើពិពិធកម្មមូលដ្ឋាននាំចេញរបស់ខ្លួន, ការកែលម្អបរិយាកាសអំណោយផលសម្រាប់វិស័យឯកជន, ការដោះស្រាយបញ្ហា​ខ្វះ​ខាតនៅ​ក្នុង​វិស័យ​អប់រំ និងសុខាភិបាល, និងការកែលម្អហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ទាំងអស់នេះជាកត្តាសំខាន់សម្រាប់រក្សា​បាន​កំណើនបែប​បរិយាបន្ន​ និងការអភិវឌ្ឍប្រកបដោយចីរភាព។

លោកស្រី ម៉ារីយ៉ាម ស្ហឺរមែន តំណាងធនាគារពិភពលោកប្រចាំ​ប្រទេស​ មីយ៉ាន់ម៉ា, កម្ពុជា និង ឡាវ មាន​ប្រសាសន៍​ថា៖ “សម្រាប់​កម្ពុជា ការបន្ត​រក្សា​ឱ្យ​បាននូវកំណើន​សេដ្ឋកិច្ច​ប្រកបដោយចរីភាព និង​ការ​ឆ្លើយ​តបទៅនឹង​តម្រូវការ​នៃ​បម្រែបម្រួល​អាកាស​ធាតុ គឺ​ជា​បញ្ហាប្រឈម​ដែលប្រទាក់ក្រឡាគ្នា។ ​លោកស្រី​ពោលបន្តទៀតថា៖ “​នៅក្នុងន័យនេះ ការ​បង្កើន​សមត្ថភាព​ប្រកួតប្រជែង​សេដ្ឋកិច្ច, ការ​កសាងមូលធនមនុស្ស, និង​ការវិនិយោគទៅលើ​ភាពធន់​នឹង​អាកាសធាតុ នឹង​នាំអត្ថ​ប្រយោជន៍​ដល់​ប្រជាជនកម្ពុជា​ទាំងអស់គ្នា”។

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សាលារាជធានីភ្នំពេញ ហាមមិនឱ្យមានការយកភាស៊ី ចំពោះអ្នកលក់ដូរតាមកញ្រ្ចែង ល្អី និងលក់ដូរចល័ត

ព័ត៌មាន
ការលក់ដូរតាមកញ្រ្ចែង កញ្ជើ ល្អី និងការលក់ចល័តគ្រប់ប្រភេទក្នុងរាជធានីភ្នំពេញ នឹងមិនត្រូវអស់ប្រាក់ដោយសារការប្រមូលចំណូលភាស៊ី ឬការបង់ថ្លៃអ្វី…

មេក្រុមហ៊ុន Samsung ប្តេជ្ញារកឲ្យបាន ៥៧ពាន់លានដុល្លារពីការនាំចេញផលិតផលរបស់ខ្លួននៅវៀតណាមក្នុងឆ្នាំនេះ

ព័ត៌មាន
ប្រធានផ្នែកហិរញ្ញវត្ថុនៃក្រុមហ៊ុនយក្សរបស់កូរ៉េខាងត្បូង Samsung Group លោក Park Hark Kyu បានបញ្ជាក់ច្បាស់ៗប្រាប់នាយករដ្ឋមន្ត្រីវៀតណាមលោក ផា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ