ឧកញ៉ា ម៉ុង ឬទ្ធី៖ តម្លៃជ្រូកចុះថោក ប៉ុន្តែថ្លៃដើមផលិតខ្ពស់

អ្នកឧកញ៉ា ម៉ុង ឬទ្ធី ជឿជាក់ថា អ្នកចិញ្ចឹមជ្រូកជាច្រើនអាចប្រឈមនឹងក្ស័យធន បើតម្លៃជ្រូកក្នុងស្រុកបន្តធ្លាក់ចុះ


តម្លៃជ្រូករស់ក្នុងស្រុកធ្លាក់ថ្លៃខ្លាំង នៅតែជាបញ្ហាចាក់ស្រេះមិនទាន់អាចដោះស្រាយបានរហូតមកទល់ពេលនេះ។ តួយ៉ាងតាមការអះអាងរបស់អ្នកឧកញ៉ា ម៉ុង ឬទ្ធី អ្នកជំនាញកសិកម្មចាស់វស្សាដែលមានកសិដ្ឋានចិញ្ចឹមជ្រូកដ៏ធំមួយនៅកម្ពុជា បញ្ហាតម្លៃជ្រូករស់ក្នុងស្រុកធ្លាក់ថ្លៃនាពេលបច្ចុប្បន្ននេះ កត្តាចម្បងគឺដោយសារតែនៅលើទីផ្សារមានការចរាចរសាច់បង្កកនាំចូលពីក្រៅប្រទេសហួសប្រមាណ និងមានតម្លៃទាបជាងសាច់ក្នុងស្រុក។
ឧកញ៉ា ម៉ុង ឬទ្ធី៖ តម្លៃជ្រូកចុះថោក ប៉ុន្តែថ្លៃដើមផលិតខ្ពស់

ស្របពេលដែលតម្លៃជ្រូករស់ក្នុងស្រុកមានការធ្លាក់ថ្លៃ ប៉ុន្តែថ្លៃដើមផលិតរបស់កសិករត្រូវចំណាយខ្ពស់ ដែលធ្វើឱ្យកសិករចិញ្ចឹមជ្រូកមួយចំនួនធំរងការខាតបង់ និងក្ស័យធន ដែលធ្វើឲ្យការចិញ្ចឹមជ្រូកនៅកម្ពុជាមានការធ្លាក់ចុះយ៉ាងខ្លាំងនៅមួយរយៈចុងក្រោយ។

អ្នកឧកញ៉ា ម៉ុង ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនម៉ុង ឬទ្ធី គ្រុប បានអះអាងថា តម្លៃជ្រូករស់នៅក្នុងស្រុកកំពុងមានការដាំក្បាលចុះយ៉ាងខ្លាំងនាពេលបច្ចុប្បន្ននេះ ពោលគឺជ្រូករស់នៅក្នុងកសិដ្ឋាន លោកអាចលក់ចេញបានក្នុងតម្លៃក្រោម៨ពាន់រៀលក្នុងមួយគីឡូក្រាមប៉ុណ្ណោះ។ បើតាមអ្នកឧកញ៉ា ម៉ុង ឬទ្ធី កត្តាចម្បងដែលធ្វើឱ្យតម្លៃជ្រួករស់នៅក្នុងស្រុកមានតម្លៃទាបយ៉ាងដូច្នេះ គឺដោយសារតែមានការនាំចូលនូវសាច់បង្កក ដែលគ្មានប្រភពច្បាស់លាស់ពីក្រៅប្រទេសច្រើនពេកចូលមកកម្ពុជានាពេលបច្ចុប្បន្ននេះ ដ្បិតសាច់បង្កកទាំងនោះមានតម្លៃទាបជាងសាច់ជ្រូកដែលចិញ្ចឹមក្នុងស្រុក។

តាមការវាយតម្លៃរបស់អ្នកជំនាញចាស់វស្សារូបនេះ បច្ចុប្បន្នប្រជាកសិករចិញ្ចឹមជ្រូកស្ទើទាំងអស់សុទ្ធតែកំពុងមានការខាតបង់ដោយសារតម្លៃជ្រូកចុះថោកនេះ។ បើតាមមការវាយតម្លៃរបស់អ្នកឧកញ៉ា ម៉ុង ឬទ្ធី មកទល់ពេលនេះកសិករចិញ្ចឹមជ្រូកខ្នាតតូចស្ទើទាំងអស់បានរងការខាតបង់ និងការក្ស័យធនក្នុងរបរចិញ្ចឹមជ្រូកនេះ ខណៈអ្នកចិញ្ចឹមខ្នាមធ្យមមួយចំនួនធំកំពុងប្រឈមមុខនឹងការក្ស័យធនផងដែរ។ ដោយឡែកបច្ចុប្បន្នមានតែកសិដ្ឋានធំៗប៉ុណ្ណោះ ដែលពួកគាត់នៅបន្តរបរចិញ្ចឹមជ្រូកនេះ ហើយប្រសិនជាបញ្ហានេះនៅតែបន្តអូសបន្ថាយតទៅទៀត អ្នកឧកញ៉ា ម៉ុង ឬទ្ធី ជឿថាប្រជាកសិករចិញ្ចឹមជ្រូកនឹងមានការក្ស័យធនជាបន្តបន្តាប់ទៀតជាក់ជាពុំខាន។

ក្រៅពីតម្លៃជ្រូកធ្លាក់ថ្លៃ កត្តាដែលធ្វើឱ្យប្រជាកសិករប្រឈមខ្ពស់ក្នុងការខាត់បង់មួយទៀតនោះ គឺថ្លៃដើមផលិតត្រូវចំណាយខ្ពស់ តួយ៉ាងនៅពេលនេះវត្ថុធាតុដើមកសិផលសម្រាប់យកមកផលិតជាចំណីឡើងថ្លៃខ្ពស់ ប៉ុន្តែសាច់ជ្រូកដែលកសិករចិញ្ចឹមបានបែជាមានតម្លៃថោកទៅវិញ។ នេះបើតាមការបញ្ជាក់របស់អ្នកឧកញ៉ា ម៉ុង ឬទ្ធី ដោយបានបន្ថែមថា នៅក្នុងកសិដ្ឋានរបស់លោកផ្ទាល់ ការចំណាយលើថ្លៃដើមផលិតអស់ក្នុងរង្វង់ជាង២ដុល្លារទៅហើយ ក៏ប៉ុន្តែសម្រាប់តម្លៃជ្រូករស់ ដែលលក់បានមកវិញនោះ គឺមានតម្លៃត្រឹមតែក្រោម២ដុល្លារក្នុងមួយគីឡូក្រាមប៉ុណ្ណោះ។

ជុំវិញបញ្ហានេះឧកញ៉ា ម៉ុង ឬទ្ធី បានស្នើឱ្យរាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធបង្កើនការយកចិត្តទុកដាក់ឱ្យបានហ្មត់ចត់ ដើម្បីដោះស្រាយ និងទប់ស្កាត់នូវរំហូរសាច់បង្កកពីក្រៅប្រទេស ដើម្បីធ្វើយ៉ាងណាជួយទ្រទ្រង់ដល់កសិករចិញ្ចឹមជ្រូកនៅក្នុងស្រុកឱ្យមានស្ថានភាពល្អប្រសើឡើងវិញ។

ជាមួយគ្នានេះ លោក លី ឡាវីល ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានគូសបញ្ជាក់ថា តាមរយៈការនាំចូលនូវសាច់បង្កកនេះ វាបានធ្វើឲ្យប៉ះពាល់ដល់ទីផ្សារ និងការចិញ្ចឹមជ្រូករបស់ប្រជាពលរដ្ឋកម្ពុជា ដោយបានទាញទម្លាក់តម្លៃសាច់ និងសត្វដែលចិញ្ចឹមនៅក្នុងស្រុកឲ្យមានការធ្លាក់ចុះ ក៏ដូចជាធ្វើឲ្យទីផ្សារសាច់ក្នុងស្រុកកាន់តែមានភាពប្រកួតប្រជែងផងដែរ។ មិនតែប៉ុណ្ណោះ ចង់ឬមិនចង់ការបរិភោគសាច់បង្កកដែលគ្មានប្រភពច្បាស់លាស់នេះ វាក៏អាចបង្កជាហានិភ័យដល់សុខភាពរបស់ប្រជាពលរដ្ឋផងដែរ៕




អត្ថបទបន្ទាប់


តើការកំណត់ប្រាក់ឈ្នួលអប្បរមានៅកម្ពុជា គេវាយតម្លៃលើកត្តាអ្វីខ្លះ?

ព័ត៌មាន
ប្រាក់ឈ្នួលគោលអប្បបរមារបស់កម្មករនិយោជិត នៃវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា ត្រូវបានកំណត់ថា អាចខ្ពស់ជាង ឫស្មើ ត…

អ្នកជំនាញយល់ឃើញបែបណាជុំវិញបេសកម្មធំៗ២របស់នាយករដ្ឋមន្រ្តីកម្ពុជា ទៅកាន់ប្រទេសចិន និងអាមេរិក នាអំឡុងខែកញ្ញានេះ?

ព័ត៌មាន
តបតាមការអញ្ជើញរបស់នាយករដ្ឋមន្រ្តីនៃសាធារណៈប្រជាមានិតចិន នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ