កម្ពុជានឹងសាងសង់ស្ពានចំនួន៣ បន្ថែមទៀត

សម្តេច ហ៊ុន សែន អះអាងថា កម្ពុជានឹងសាងសង់ស្ពានចំនួន៣ បន្ថែមទៀត


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អះអាងថា កម្ពុជានឹងមានការសាងសង់ស្ពានឆ្លងទន្លេចំនួន ៣បន្ថែមទៀត នៅពេលខាងមុខនេះ ដែលក្នុងនោះរួមមាន ស្ពានឆ្លងកាត់ទន្លេមេគង្គត្រង់ខេត្តក្រចេះ, ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ (ពីចំណុចផ្សារចាស់-ជ្រោយចង្វារ, ជ្រោយចង្វារ-អរិយក្សត្រ) និងស្ពាននៅតំបន់ល្វាឯម ជាប់ជាមួយផ្លូវល្បឿនលឿនភ្នំពេញ-បាវិត។ សម្តេចបានគូសបញ្ជាក់ទៀតថា ពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងទន្លេមេគង្គនៅខេត្តក្រចេះ នឹងត្រូវធ្វើឡើងមុនគេ ដោយអាចនឹងរៀបចំធ្វើឡើងនៅថ្ងៃទី ២ ឬទី៦ ខែមករា ឆ្នាំ២០២៣ខាងមុខនេះ។
សម្តេច ហ៊ុន សែន អះអាងថា កម្ពុជានឹងសាងសង់ស្ពានចំនួន៣ បន្ថែមទៀត

ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែររស់នៅតំបន់អឺរ៉ុបប្រមាណជាង២ពាន់នាក់ នៅទីក្រុងព្រុចសែល ប្រទេសបែលហ្សិក នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នឹងមានការសាងសង់ស្ពានឆ្លងទន្លេចំនួន៣បន្ថែមទៀត។ ក្នុងនោះរួមមាន ស្ពានឆ្លងកាត់ទន្លេមេគង្គត្រង់ខេត្តក្រចេះ ដែលសម្តេចអះអាងថា ស្ពាននេះពិតជាមានភាពចាំបាច់ណាស់សម្រាប់អ្នករស់នៅក្នុងខេត្តក្រចេះ ហើយរាជរដ្ឋាភិបាលក៏មានការតភ្ជាប់ផ្លូវពីខេត្តក្រចេះ កាត់មកស្រុកស្ទោង ខេត្តកំពង់ធំតែម្តង ដែលវានឹងកាត់បន្ថយការធ្វើដំណើររបស់ប្រជាពលរដ្ឋដែលធ្វើដំណើរពីខេត្តក្រចេះទៅកាន់ខេត្តកំពង់ធំបានយ៉ាងស្រួល។

ដោយឡែក ចំពោះស្ពានទីពីរ គឺស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ ពីភ្នំពេញទៅតំបន់អរិយ្សក្សត្រ ដែលស្ពាននេះជាប្រភេទស្ពានខ្សែកាប មានការតភ្ជាប់ចំនួនពីរ ក្នុងនោះស្ពានទី១ សាងសង់ចេញពីម្តុំផ្សារចាស់ ឆ្ពោះទៅត្រើយជ្រោយចង្វារឆ្លងកាត់ទន្លេសាប និងស្ពានទី២ ចេញពីម្តុំត្រើយជ្រោយចង្វារ ឆ្ពោះទៅតំបន់អរិយក្សត្រឆ្លងកាត់ទន្លេមេគង្គ ខណៈដែលរាជរដ្ឋាភិបាលកម្ពុជាទើបតែចុះហត្ថលេខាក្នុងការទទួលឥណទានសម្បទាន ប្រហែលជិត ២៥០លានដុល្លារ ពីរដ្ឋាភិបាលកូរ៉េខាងត្បូងកាលពីថ្ងៃទី៩​ ខែធ្នូ កន្លងទៅសម្រាប់គម្រោងសាងសង់ស្ពាននេះ។

ចំពោះគម្រោងសាងសង់ស្ពានមួយទៀតវិញ សម្តេចតជោ ហ៊ុន សែន បញ្ជាក់ថា គឺស្ពាននៅតំបន់ល្វាឯម ជាប់ជាមួយផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលស្ពាននេះត្រូវសាងសង់ពីតំបន់ល្វាឯម ទៅកាន់ផ្លូវជាតិលេខ១ ដើម្បីភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត។ សម្តេចបញ្ជាក់បន្ថែមថា ជាការពិតផ្លូវល្បឿនលឿនភ្នំពេញ-បាវិត គឺនឹងមានការបង់ប្រាក់ពេលប្រើប្រាស់ ប៉ុន្តែសម្រាប់ការប្រើប្រាស់ស្ពាននេះវិញ សម្ដេចបានទាមទារពុំឱ្យមានការបង់ប្រាក់ឡើយសម្រាប់អ្នកប្រើប្រាស់ស្ពានភ្ជាប់ពីផ្លូវជាតិលេខ១ ទៅល្វាឯម ដែលជាស្ពាន់ភ្ជាប់ជាមួយផ្លូវល្បឿនលឿន ភ្នំពេញ-បាវិតនេះ ដើម្បីសម្រួលដល់ប្រជាពលរដ្ឋដែលប្រើប្រាស់ស្ពាននេះជាប្រចាំ។ យ៉ាងណាមិញ សម្ដេចតេជោបានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលនិងបញ្ចេញថវិកាចំនួន ២០០លានដុល្លារ សម្រាប់សង់ស្ពាននេះផងដែរ​។

បើតាម លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គត្រង់ខេត្តក្រចេះ គ្រោងធ្វើឡើងនៅដើមខែមករា ឆ្នាំ ២០២៣។ រីឯស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ ពីភ្នំពេញទៅតំបន់អរិយ្សក្សត្រវិញ អាចនឹងបើកការដ្ឋានសាងសង់នៅអំឡុងឆមាសទីពីរឆ្នាំ២០២៣ ឬយ៉ាងយូរបំផុតនៅចុងឆ្នាំ២០២៣។ ខណៈគម្រោងបើកការដ្ឋានសាងសង់ស្ពាននៅតំបន់ល្វាឯម ជាប់ជាមួយផ្លូវល្បឿនលឿនភ្នំពេញ-បាវិត គឺនៅមិនទាន់អាចកំណត់បាននៅឡើយទេ គឺត្រូវរង់ចាំការសម្រេច និងឆ្លងយោបល់ពីរាជរដ្ឋាភិបាលជាមុនសិនថា អាចបើកការសាងសង់ពេលណា ឬអាចនឹងបើកការដ្ឋានសាងសង់រួមគ្នាជាមួយផ្លូវល្បឿនលឿនភ្នំពេញ-បាវិតតែម្តងឬយ៉ាងណានោះ។

សូមជម្រាបថា សេចក្តីព្រាងនៃកិច្ចសន្យាភាពជាដៃគូរវាងរដ្ឋ និងឯកជន នៃគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ត្រូវបានពិនិត្យពិភាក្សាបញ្ចប់រួចរាល់ និងឈានទៅរកការចុះកិច្ចសន្យា ក្រោមអធិបតីភាពថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ កម្ពុជា-ចិននៅដើមឆ្នាំ២០២៣ផងដែរ៕




អត្ថបទបន្ទាប់


គម្រោង “សាលាស្អាត” របស់ ខ្មែរ ប៊ែវើរីជីស ជួយអ្វីខ្លះចាប់តាំងពីឆ្នាំ ២០១៦ មក?

ព័ត៌មាន
បើនិយាយអំពី គម្រោង “សាលាស្អាត” របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស មនុស្សគ្រប់គ្នាបានស្គាល់ថា ជាគម្រោងសាងសង់ និងជួសជុល ហេដ្ឋារចនាសម្ព័ន្ធនៅត…

សម្តេចតេជោ ហ៊ុន សែន អះអាងថាកម្ពុជា នៅតែប្រកាន់គោលជំហរមិនតម្លើងថ្លៃអគ្គិសនី និងប្រេងឥន្ធនៈនៅកម្ពុជា

ព័ត៌មាន
បើទោះបីជា មានសម្ពាធជាសកលបង្កឲ្យមានអតិផរណាកើនឡើង ដែលបណ្ដាលមកពីវិបត្តិសង្គ្រាមនៅអ៊ុយក្រែនក្ដី ប៉ុន្ដែ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេច តេជោ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ