សហគ្រាស លាង ឡេង

គម្រោង CAPFish ជួយឲ្យទឹកត្រីរបស់សហគ្រាស លាង ឡេង មានការបញ្ជាទិញពីបរទេសលើសសមត្ថភាពផលិត


បន្ទាប់ពីអនុវត្តគម្រោង CAPFish របស់អង្កការ UNIDO រួចមក សហគ្រាសផលិតទឹកត្រីលាង ឡេង ដែលមានទីតាំងក្នុងរាជធានីភ្នំពេញ ចាប់ផ្ដើមទទួលចំណេះដឹង និងមានសមត្ថភាព ព្រមទាំងទទួលបានការគាំទ្រយ៉ាងច្រើនពីអតិថិជន និងមានការបញ្ជាទិញពីក្រៅប្រទេសជាហូរហែផងដែរ។ យ៉ាងណាក៏ដោយ ខ្សែច្រវាក់ផលិតរបស់សហគ្រាសនេះនៅមានកម្រិតនៅឡើយ ដែលធ្វើឲ្យសហគ្រាសនេះពុំទាន់អាចផ្គត់ផ្គង់តាមការបញ្ជាទិញក្នុងទ្រង់ទ្រាយធំបានទេ ខណៈជាមធ្យមសហគ្រាសនេះអាចផលិតទឹកត្រីបានប្រមាណ២ម៉ឺនប្រអប់ក្នុង១ខែប៉ុណ្ណោះ។
ដំណើរការផលិតនៅមានកម្រិតជាហេតុមិនអាចផ្គត់ផ្គង់តាមការបញ្ជាទិញ
ដោយ

សហគ្រាសផលិតទឹកត្រី លាង ឡេង ដែលមានបទពិសោធន៍លើការផលិតទឹកត្រីប្រមាណ២០ឆ្នាំ កំពុងក្ដោបក្ដាប់ការចរាចរផលិតផលទឹកត្រីលើទីផ្សារក្នុងប្រទេសកម្ពុជាជាច្រើនរាជធានីខេត្ត និងកំពុងទទួលបានការបញ្ជាទិញជាហូរហែពីអតិថិជននៅក្រៅប្រទេស។ តែយ៉ាងណាខ្សែច្រវាក់ផលិតកម្មរបស់សហគ្រាសនេះនៅមានកម្រិតនៅឡើយ ដែលធ្វើឲ្យសហគ្រាសដែលមានមូលដ្ឋាននៅក្នុងរាជធានីភ្នំពេញមួយនេះ ពុំទាន់អាចមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីផលិតទឹកត្រីសម្រាប់ផ្គត់ផ្គង់តាមការចង់បានរបស់អតិថិជន ដែលមានការបញ្ជាទិញលើសផលិតកម្ម។
លោក លាង ឡេង ម្ចាស់សហគ្រាសផលិតទឹកត្រី លាង ឡេង កត់សម្គាល់ឃើញថា ការបញ្ជាទឹកត្រីពីសហគ្រាសរបស់លោកមានបរិមាណលើសសមត្ថភាពផលិតនេះ គឺបន្ទាប់ពីសហគ្រាសលោកអនុវត្តតាមស្តង់ដារបស់គម្រោង CAPFish របស់អង្កការ UNIDO ក្នុងការផលិត។ តាមរយៈការអនុវត្តតាមគម្រោងនេះ ម្ចាស់សហគ្រាសរូបនេះអះអាងថា លោកទទួលបានទាំងចំណេះដឹង សមត្ថភាព ការគាំទ្រ និងការនាំចេញកាន់តែច្រើនជាងមុន ហើយបច្ចុប្បន្នផលិតផលរបស់សហគ្រាសនេះកំពុងមានចរាចរលើទីផ្សារស្ទើរគ្រប់រាធានីខេត្ត។

យ៉ាងណាមិញបើទោះបីសមត្ថភាពផលិតប្រចាំថ្ងៃនៅមានកម្រិតពុំទាន់អាចផ្គត់ផ្គង់តាមការបញ្ជាទិញក៏ពិតមែន តែម្ចាស់សហគ្រាសផលិតទឹកត្រីរូបនេះបានប្តេជ្ញាថា ខ្លួននឹងខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីរកថវិកាមកពង្រីកខ្សែច្រវាក់ផលិតកម្មឲ្យស្របតាមស្តង់ដា និងបំពេញតាមការបញ្ជាទិញរបស់អតិថិជន។
ជាមួយគ្នានេះ លោកជំទាវ អ៊ឹម រចនា អ្នកនាំពាក្យ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកទឹកចិត្ត និងជំរុញឲ្យសហគ្រាសផលិតទឹកត្រី លាង ឡេង ខិតខំព្យាយាមរក្សាស្តង់ដាគុណភាពឲ្យស្ថិតក្នុងកម្រិតមួយខ្ពស់ ដើម្បីទទួលបានការគាំទ្រកាន់តែច្រើនបន្ថែមទៀតពីអតិថិជន ស្របពេលដែលបច្ចុប្បន្នសហគ្រាសនេះមានផលិតផលនៅលើទីផ្សារច្រើនស្រាប់។
គួរបញ្ជាក់ថា បច្ចុប្បន្នសហគ្រាសផលិតទឹកត្រី លាង ឡេង មានផលិតផលចំនួន៧ប្រភេទ ហើយមានសមត្ថភាពផលិតជាមធ្យមបានចំនួន២ម៉ឺនប្រអប់ ឬប្រហែល៦០០តោនក្នុង១ខែ។ ទឹកត្រីរបស់សហគ្រាសនេះ ប្រើប្រាស់វត្ថុធាតុដើមត្រីច្រើនប្រភេទ ដែលមានបរិមាណចន្លោះពី៧០០ទៅ៩០០តោនក្នុង១ឆ្នាំ។ ម្ចាស់សហគ្រាសនេះរំពឹងទុកថា តាមរយៈគម្រោង CAPFish នឹងអាចពង្រីកទីផ្សារលក់របស់ខ្លួនបានច្រើនជាងមុន ឬប្រមាណ២៨២០០កេសក្នុង១ខែ ដែលអាចឆ្លើយតបតាមតម្រូវការទីផ្សារអឺរ៉ុប និងក្រៅប្រទេសផ្សេងទៀត៕

អត្ថបទ ៖ បូ ដូឡា




អត្ថបទបន្ទាប់


សម្តេច ហ៊ុន ម៉ាណែត ចូលមហាសន្និបាត UN នៅញូយ៉ក ខណៈអ្នកជំនាញមិនរំពឹងខ្ពស់បាន GSP មកវិញនោះទេ

ព័ត៌មាន
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅចូលរួមមហាសន្និបាតអង្គក…

អ្នកជំនាញថា គម្រោងផ្តួចផ្តើមរបស់ចិននឹងថយឥទ្ធិពល តែវានៅតែសំខាន់សម្រាប់អាស៊ាន

ព័ត៌មាន
អ្នកសេដ្ឋកិច្ចបានអះអាងថា ទោះបីជាមានកំណើនសេដ្ឋកិច្ចយឺតយ៉ាវក៏ដោយ ក៏អាស៊ីអាគ្នេយ៍នៅតែជាអាទិភាព នៃគម្រោងវិនិយោគនានារបស់ប្រទេសចិន និងជាគោ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ