អចលនទ្រព្យ

រាជ​រដ្ឋាភិបាល​តម្រូវ​ឲ្យ​ក្រុមហ៊ុន​ផ្ដល់​សេវា​គ្រប់គ្រង​អចលនវត្ថុ​សហកម្ម​សិទ្ធិ ត្រូវ​មក​ស្នើ​សុំ​អាជ្ញាប័ណ្ណ


ទោះ​បី​ជា​នា​ពេល​កន្លង​មក មាន​ការ​ប្រកាស​ឲ្យ​ក្រុមហ៊ុន​ផ្ដល់​សេវា​គ្រប់គ្រង​អចលនវត្ថុ​សហ​កម្មសិទ្ធិ ដូចជា ខុនដូ អាផាតមិន និង​បុរី ជាដើម ចាំបាច់​ត្រូវ​មាន​ការ​ស្នើសុំ​អាជ្ញាប័ណ្ណ​ពី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ មុន​ចេញ​ប្រកប​អាជីវកម្ម​ក៏​ដោយ ប៉ុន្ដែ គិត​មក​ទល់​ពេល​នេះ នៅ​មិន​ទាន់​ឃើញ​ក្រុមហ៊ុន​ណា​មួយ​ទទួល​បាន​អាជ្ញាប័ណ្ណ​នេះ​ពី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​នៅ​ឡើយ​ទេ។
អគារ​សំណង់​ស្កឹមស្កៃ The Bridge ជា​វិនិយោគ​រួម​គ្នា​រវាង​វិនិយោគិន​ខ្មែរ​និង​សិង្ហ​បុរី។ រូបភាព៖ ហេង ភារម្យ
ដោយ

បើ​តាម​ការ​គូស​បញ្ជាក់​ពី​មន្ត្រី​ជាន់​ខ្ពស់​នៃ​នាយកដ្ឋាន​គ្រប់គ្រង​អាជីវកម្ម​អចលនវត្ថុ បញ្ចាំ និង​ប្រាតិភោគ​ដោយ​អនុប្បទាន នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បាន​ឲ្យ​ដឹង​ថា ប្រសិន​បើ​ក្រុមហ៊ុន​ទាំង​នោះ មិន​មាន​អាជ្ញាប័ណ្ណ​ចេញ​ប្រកប​អាជីវកម្ម ដែល​ត្រូវ​បាន​ផ្ដល់​ជូន​ពី​ក្រសួង​ទេ នោះ​ពួកគេ​នឹង​ត្រូវ​រង​នូវ​ការ​ផាក​ពិន័យ​ពី​អាជ្ញាធរ ពោល​គឺ​ត្រូវ​ពិន័យ​ជា​ប្រាក់​ប្រមាណ ៥​លាន​រៀល។

លោកស្រី អ៊ុយ ច័ន្ទនិមល អនុប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​អាជីវកម្ម​អចលនវត្ថុ បញ្ចាំ និង​ប្រាតិភោគ​ដោយ​អនុប្បទាន នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បាន​លើក​ឡើង​ថា ក្នុង​បញ្ញត្តិ​ថ្មី​របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ដែល​បាន​ចេញ​ប្រកាស​ឲ្យ​អនុវត្ត​កាល​ពី​ចុង​ខែ​កញ្ញា ឆ្នាំ​២០១៧ កន្លង​ទៅ បាន​តម្រូវ​ឲ្យ​ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​គ្រប់គ្រង​អចលនវត្ថុ ដែល​ជា​សហកម្មសិទ្ធិ​ទាំង​អស់ ដូចជា បុរី និង​ខុនដូ ជាដើម ត្រូវ​មក​ដាក់​ពាក្យ​ស្នើ​សុំ​អាជ្ញាប័ណ្ណ​ពី​ក្រសួង មុន​នឹង​ចេញ​ប្រកប​អាជីវកម្ម បើ​មិន​ចង់​រង​ការ​ផាក​ពិន័យ។ 

យ៉ាង​ណា​ក៏​ដោយ​ចុះ ការ​ផ្ដល់​សេវា​គ្រប់គ្រង​អចលនវត្ថុ​សហកម្មសិទ្ធិ​នេះ ត្រូវ​បាន​អ្នក​ជំនាញ​អចលនទ្រព្យ មើល​ឃើញ​ថា ជា​វិស័យ​មួយ​ថ្មី​នៅ​កម្ពុជា តែ​កំពុង​មាន​សក្ដានុពល​ទីផ្សារ។

លោក គីម ហ៊ាង ប្រធាន​សមាគម​អ្នក​វាយ​តម្លៃ និង​ភ្នាក់ងារ​អចលន​វត្ថុ​កម្ពុជា បាន​លើក​ឡើង​ដែរ​ថា បច្ចុប្បន្ន ក្រុមហ៊ុន​លោក​ក៏​បាន​និង​កំពុង​សិក្សា​លើ​ការ​ស្នើ​សុំ​អាជ្ញាប័ណ្ណ​ផ្នែក​គ្រប់គ្រង​អចលនវត្ថុ​សហ​កម្មសិទ្ធិ​នេះ ពី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ដែរ ហើយ​មិន​យូរ​នោះ​ទេ ក្រុមហ៊ុន​លោក​នឹង​ទទួល​បាន​អាជ្ញាប័ណ្ណ​នេះ។

លោក គីម ហ៊ាង យល់​ថា សេវាកម្ម​នេះ​គឺ​ជា​របរ​មួយ​ដែល​មាន​សក្ដានុពល​ខ្លាំង​ទៅ​ថ្ងៃ​អនាគត ព្រោះ​ថា បច្ចុប្បន្ន អគារខុនដូ អាផាតមិន បុរី ជាច្រើន​កន្លែង បាន​និង​កំពុង​សាងសង់​បង្កើត​ឡើង​ព្រោងព្រាត ដែល​ជា​ឱកាស​ដ៏​អំណោយ​ផល​មួយ​សម្រាប់​សេវាកម្ម​គ្រប់គ្រង​អចលន​វត្ថុ​ទាំង​នោះ។

ដ្បិត​ថា បច្ចុប្បន្ន សេវាកម្ម​នេះ​នៅ​មិន​ទាន់​មាន​តម្រូវការ​ផុសផុល​ខ្លាំង​ក៏​ដោយ ប៉ុន្ដែ នៅ​ពេល​ដែល​គម្រោង​​ខុនដូ និង​បុរី ជា​ច្រើន ដែល​កំពុង​សាងសង់ ត្រូវ​បាន​​សាងសង់​រួច​រាល់ នោះ​ក្រុមហ៊ុន​គ្រប់គ្រង​សម្រាប់​មើល​ការ​ខុសត្រូវ​អគារ ក៏​ដូចជា​ហេដ្ឋា​រចនា​សម្ព័ន្ធ​ដែល​ជា​សហកម្មសិទ្ធិ នឹង​មាន​តម្រូវការ​ខ្លាំង។ ស្របគ្នានេះ ខាង​ក្រសួង​ជា​អាណាព្យាបាល ក៏​ទើបតែ​ចេញ​ប្រកាស​ឲ្យ​ក្រុមហ៊ុន​ដែល​បម្រើ​សេវា​នេះ ត្រូវ​មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ​ផង​ដែរ។ 

ប្រធាន​សមាគម​អ្នក​វាយ​តម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​ដដែល​នេះ បាន​គូស​បញ្ជាក់​ទៀត​ថា វិស័យ​គ្រប់គ្រង​អចលន​វត្ថុ​សហកម្មសិទ្ធិ​នេះ នៅ​១០​ឆ្នាំ​ខាង​មុខ នឹង​ក្លាយ​ជា​របរ​មួយ​ដែល​មាន​សក្ដានុពល​បំផុត និង​អាច​រក​ចំណូល​បាន​ច្រើន និង​មាន​ស្ថិរភាព។ 

បើតាម​ការ​គូស​បញ្ជាក់​ពី​លោក​ស្រី អ៊ុយ ច័ន្ទនិមល អនុប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​អាជីវកម្ម​អចលនវត្ថុ បញ្ចាំ និង​ប្រាតិភោគ​ដោយ​អនុប្បទាន នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក្រុមហ៊ុន​ដែល​មាន​បំណង​ស្នើ​សុំ​អាជ្ញាប័ណ្ណ​គ្រប់គ្រង​អចលនវត្ថុ​នេះ ចាំបាច់​ត្រូវតែ​ជា​ក្រុមហ៊ុន​ដែល​មាន​ចុះ​បញ្ជី​ត្រឹមត្រូវ មាន​ទីតាំង​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា និង​មាន​វិញ្ញាបន​បត្រ​ធានា​វិជ្ជាជីវៈ ដែល​មាន​តម្លៃ​សមមូល​ស្មើ​នឹង​ទឹក​ប្រាក់ ២០​ម៉ឺន​ដុល្លារ​អាមេរិក។

ទោះ​បី​ជា​ក្រសួង​ទើប​តែ​ចេញ​ប្រកាស​ឲ្យ​ក្រុមហ៊ុន​គ្រប់គ្រង​អចលនវត្ថុ​សហកម្មសិទ្ធិ​នេះ ត្រូវ​មាន​អាជ្ញាប័ណ្ណ​ក៏​ដោយ ប៉ុន្ដែ បច្ចុប្បន្ន ក៏មាន​ក្រុមហ៊ុន​មួយ​ចំនួន​បាន​និង​កំពុង​ប្រតិបត្តិ​សេវាកម្ម​នេះ​នៅ​លើ​ទីផ្សារ​រួច​ទៅ​ហើយ ទាំង​មិន​ទាន់​បាន​ស្នើ​សុំ​អាជ្ញាប័ណ្ណ​នៅ​ឡើយ។ ដូច្នេះ​ហើយ ទើប​ក្រសួង​សេដ្ឋកិច្ច អំពាវនាវ​ឲ្យ​ក្រុមហ៊ុន​ដែល​កំពុង​មាន​ប្រតិបត្តិការ​ទាំង​នោះ ត្រូវ​ស្វែង​រក​ការ​ស្នើ​សុំ​អាជ្ញាប័ណ្ណ ពី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ឲ្យ​បាន​រួសរាន់ ដើម្បី​ជៀសវាង​ការ​ផាក​ពិន័យ​ផ្សេងៗ៕ 




អត្ថបទបន្ទាប់


១០​ឆ្នាំ​ចុង​ក្រោយ​នេះ ស្ដ្រី​ខ្មែរ​ចេះ​រក​ស៊ី​ច្រើន​ជាង​មុន

ព័ត៌មាន
ស្រ្តី​ខ្មែរ ដែល​ចូលចិត្ត​ធ្វើ​ស្រែ​ចម្ការ​និង​ការងារ​ថែទាំ​គ្រួសារ​នៅ​ពេល​កន្លង​មក បាន​​អភិវឌ្ឍ​ខ្លួន​ចេញ​មក​បង្កើត​អាជីវកម្មកាន់​តែ​​ច្រ…

ឆ្នាំ២០១៧ ឧកញ៉ា ម៉ុង ឫទ្ធី នាំចេញស្វាយកែវរមៀត៦០តោន ទៅបារាំង​និងរុស្ស៊ី

ព័ត៌មាន
ក្រុមហ៊ុន Kingdom Fruits International (KFI) ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប បានប្រមូលទិញផ្លែស្វាយកែវរមៀតពីកសិករដើម្បី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ