ទីផ្សារខុនដូរំពឹងល្អប្រសើរឡើងវិញនៅក្រោយថ្ងៃបោះឆ្នោត

អ្នកជំនាញមើលឃើញពន្លឺថា ទីផ្សារខុនដូអាចនឹងមានភាពល្អប្រសើរឡើងវិញ ក្រោយបោះឆ្នោតថ្នាក់ជាតិរួច


បន្ទាប់ពីមើលឃើញនៅស្ថានភាពសេដ្ឋកិច្ចពិភពលោកក៏ដូចជាកម្ពុជា ហាក់មានហាក់ប្រសើរឡើងវិញពីវិបត្តិកូវីដ១៩ អ្នកជំនាញក្នុងវិស័យអចលនទ្រព្យនៅតែចងចិត្តរំពឹងថា ចរន្តទិញលក់ និងវិនិយោគក្នុងវិស័យខុនដូនឹងអាចមានភាពល្អប្រសើរឡើងវិញ ក្រោយកម្ពុជារៀបចំការបោះឆ្នោតជាតិនៅឆ្នាំនេះរួចរាល់។
អ្នកជំនាញមើលឃើញពន្លឺថា ទីផ្សារខុនដូអាចនឹងមានភាពល្អប្រសើរឡើងវិញ ក្រោយបោះឆ្នោតថ្នាក់ជាតិរួច
ដោយ

យើងកត់សម្គាល់ឃើញថា ចរន្តទិញលក់និងវិនិយោគលើគម្រោងថ្មីៗក្នុងវិស័យខុនដូនៅកម្ពុជានាពេលបច្ចុប្បន្នមិនទាន់បានបង្ហាញវិជ្ជមានគួរឲ្យកត់សម្គាល់នោះទេ បើទោះបីស្ថានភាពឆ្លងជំងឺកូវីដ-១៩ និងសេដ្ឋកិច្ចនៅលើពិភពលោក ក៏ដូចជានៅកម្ពុជាមានភាពល្អប្រសើរឡើងវិញ ហើយប្រទេសចិនបានបើកទូលាយសម្រាប់ការធ្វើដំណើរជាអន្តរជាតិក៏ដោយ។ ទោះយ៉ាងណាជំនាញក្នុងវិស័យអចលនទ្រព្យរំពឹងថា កំណើនភ្ញៀវទេសចរ និងវិនិយោគិនចិនចូលមកកម្ពុជាក្នុងរង្វង់២ពាន់នាក់ក្នុងមួយថ្ងៃនាពេលបច្ចុប្បន្ននឹងជួយឲ្យវិស័យអចលនទ្រព្យ និងខុនដូនៅកម្ពុជាមានភាពល្អប្រសើរឡើងវិញនៅឆ្នាំនេះ។

ឧកញ៉ា ចេង ខេង ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនផ្ដល់សេវាអចលនទ្រព្យ CPL បានវាយតម្លៃថា ទីផ្សារទិញលក់ និងវិនិយោគក្នុងវិស័យខុនដូនៅកម្ពុជានឹងមានភាពល្អប្រសើរឡើងវិញ នៅក្រោយពេលកម្ពុជារៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧នៃរដ្ឋសភានៅអំឡុងខែកក្កដា ឆ្នាំ២០២៣ រួចរាល់។ អ្នកជំនាញរូបនេះកត់សម្គាល់ឃើញថា ក្រុមហ៊ុនសាងសង់នៅតែបន្តការវិនិយោគខុនដូរបស់ខ្លួន បើទោះបីក្រុមហ៊ុនមួយចំនួនមានការព្រួយបារម្ភពីភាពមិនច្បាស់លាស់នៃទីផ្សារ ដែលបង្កឡើងដោយសង្គ្រាមនៅអ៊ុយក្រែន និងបញ្ហាជម្លោះពាណិជ្ជកម្មរវាងប្រទេសមហាអំណាចធំៗក៏ដោយ។ សម្រាប់ឧកញ៉ា ចេង ខេង កាលៈទេសៈបច្ចុប្បន្នវាជាឱកាសសម្រាប់អ្នកវិនិយោគដែលមានលំហូរសាច់ប្រាក់ល្អ ដ្បិតពួកគេអាចទិញអលចនទ្រព្យក្នុងតម្លៃក្រោមទីផ្សារ។

ជាមួយគ្នានេះ លោក ខន គង្គា អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ ERA Cambodia ជឿជាក់ថា កំណើនភ្ញៀវទេសចរ និងវិនិយោគិនចិនចូលមកកម្ពុជាក្រោយចិនបើកប្រទេសឡើងវិញនឹងជួយធ្វើឲ្យទីផ្សារខុនដូនៅកម្ពុជាឆ្នាំនេះនឹងមានភាពល្អប្រសើរជាងឆ្នាំ២០២២។ ការជឿជាក់បែបនេះ ក៏ដោយសារចិនគឺជាអ្នកវិនិយោគនិងជាទីផ្សារអចលនទ្រព្យដ៏ធំជាងគេមួយរបស់កម្ពុជា។ អ្នកជំនាញរូបនេះកត់សម្គាល់ឃើញថា នៅឆ្នាំ២០២២ កន្លងទៅមានគម្រោងខុនដូជាច្រើនត្រូវបានបញ្ចប់ការសាងសង់របស់ខ្លួន បើទោះបីចរន្តទិញលក់ក្នុងវិស័យនេះមានការធ្លាក់ចុះជាងមុនក៏ដោយ។

ស្រដៀងគ្នានេះលោក សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានបង្ហាញក្តីរំពឹងខ្ពស់ចំពោះចរន្តភ្ញៀវទេសចរចិនចូលមកកម្ពុជាក្នុងការជួយស្តារនិងជំរុញកំណើនទីផ្សារអចលនទ្រព្យនៅកម្ពុជាឲ្យមានភាពល្អប្រសើរឡើងវិញនៅឆ្នាំនេះ។ ការរំពឹងបែបនេះក៏ដោយសារលំហូរភ្ញៀវទេសចរគឺជាចលករក្នុងនាំយកនូវវិនិយោគិនឲ្យមកបោះទុនវិនិយោគនៅកម្ពុជានៅកម្ពុជា។ ម្យ៉ាងទៀត កន្លងមកចិនឈរលំដាប់កំពូលដែលមានការវិនិយោគក្នុងវិស័យអចលនទ្រព្យច្រើនជាងគេ បន្ទាប់ពិវិនិយោគិនក្នុងស្រុក ហើយក៏ជាទីផ្សារអចលនទ្រព្យធំជាងគេសម្រាប់កម្ពុជាផងដែរ។ អ្នកជំនាញរូបនេះជឿជាក់ថា ទាំងវិស័យសេដ្ឋកិច្ច និងអចលនទ្រព្យកម្ពុជានៅឆ្នាំនេះនឹងមានកំណើនល្អប្រសើរជាងមុន។

បើតាមការគូសបញ្ជាក់របស់លោកស្រី អាន សុធីតា អគ្គនាយិកាក្រុមហ៊ុនអចលនទ្រព្យ PropNex នៅក្នុងឆ្នាំ២០២២ កន្លងទៅទីផ្សារទិញលក់ខុនដូនៅកម្ពុជាមានការធ្លាក់ចុះប្រមាណ៤០% ដែលជាការធ្លាក់ចុះគួរឲ្យកត់សម្គាល់បើធៀបនឹងឆ្នាំ២០២១។ លោកស្រីបានបន្តថា នៅឆ្នាំមុនមានគម្រោងខុនដូថ្មីតែមួយប៉ុណ្ណោះបានបើកការដ្ឋានសាងសង់ ខណៈគម្រោងខុនដូចំនួន១៤បានបញ្ចប់ការសាងសង់។ ទោះបីយ៉ាងនេះក្តីអ្នកជំនាញរូបនេះអះអាងថា តម្លៃដូនៅកម្ពុជាមិនមានការធ្លាក់ចុះនោះទេ បើទោះបីចរន្តទិញលក់មានការធ្លាក់ចុះក៏ដោយ៕




អត្ថបទបន្ទាប់


កម្ពុជាគួរត្រៀមខ្លួនអ្វីខ្លះ ក្រោយចាកចេញពីប្រទេសដែលមានការអភិវឌ្ឍតិចតួចនៅឆ្នាំ២០២៧?

ព័ត៌មាន
បន្ទាប់ពីបានបំពេញតាមលក្ខណៈវិនិច្ឆ័យជាលើកទី១ ប្រទេសកម្ពុជាអាចនឹងចាកចេញពីប្រទេសដែលមានការអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៧ ហើយការចាកចេញនេះ ក៏ស្…

ឥណ្ឌា និងអូស្ត្រាលី មានគោលដៅជំរុញពាណិជ្ជកម្មរ៉ែដ៏សំខាន់របស់ខ្លួនឲ្យកាន់តែខ្លាំងក្លា

ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មឥណ្ឌាលោក Piyush Goyal បាននិយាយកាលពីថ្ងៃសៅរ៍ ទី ១១ មីនា ថា ប្រទេសឥណ្ឌា និងអូស្ត្រាលីមានបំណងពង្រីកពាណិជ្ជកម្មក្នុង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ