លោកពូទីននៅក្នុងកិច្ចប្រជុំG20

លោក ពូទីន កំពុងពិចារណាចូលរួមកិច្ចប្រជុំG20ផ្ទាល់ខែក្រោយនេះ ទោះបីត្រូវជួបមេដឹកនាំលោកខាងលិចក្តី


ប្រភពពីមន្ត្រីវិមានក្រឹមឡាំងបានប្រាប់សារព័ត៌មានNBCឱ្យដឹងថា ប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀ ពូទីន កំពុងពិចារណាសម្រេចថា ត្រូវចូលរួមកិច្ចប្រជុំកំពូលG20ផ្ទាល់ ឬយ៉ាងណា ខណៈលោកមិនបានមានវត្តមានក្នុងកិច្ចប្រជុំអន្តរជាតិធំៗជាងមួយឆ្នាំមកហើយ ក្រោយពេលរុស្ស៊ីចូលឈ្លានពានអ៊ុយក្រែនកាលពីខែកុម្ភៈឆ្នាំមុន។
តើមានទស្សនយល់ឃើញបែបណាខ្លះ ចំពោះវត្តមានលោកពូទីននៅក្នុងកិច្ចប្រជុំG20
ដោយ

កិច្ចប្រជុំប្រទេសដែលមានសេដ្ឋកិច្ចធំៗទាំង២០លើលោក ឬG2០នឹងធ្វើឡើងនៅថ្ងៃទី៩ និង១០ខែកញ្ញាខាងមុខនេះ នៅទីក្រុងញូដេលី ដែលឥណ្ឌាធ្វើជាប្រធានប្តូរវេននៅឆ្នាំនេះ។ មេដឹកនាំធំៗដែលមានឥទ្ធិពលនៅលើពិភពលោកនឹងត្រូវអញ្ជើញទៅចូលតាមការកោះហៅ ក្នុងនោះមានដូចជាប្រធានាធិបតីអាមេរិកលោកចូ បៃដិន លោកស៊ី ជិនពីង មេដឹកនាំចិនជាដើម។ ទោះជាយ៉ាងណា ពិភពលោកកំពុងសម្លឹងមើលទៅកាន់លោកពូទីនថា នឹងសម្រេចចូលរួមផ្ទាល់ឬអត់។
បើតាមលោក Alexey Maslov សាស្ត្រាចារ្យនិងងជានាយកវិទ្យាស្ថានសិក្សាអាស៊ី និងអាហ្រ្វិកនៃសាកលវិទ្យាល័យម៉ូស្គូ បាននិយាយថា «វេទិកាG20អាចមានការវាយប្រហារផ្នែកនយោបាយខ្លាំងសម្រាប់លោកពូទីន»។ លោកថា សារព័ត៌មានដែលមានវត្តមាននៅអំឡុងកិច្ចប្រជុំG20 ដែលភាគច្រើនមកពីបស្ចិមលោកប្រាកដជាសួរចាក់ ឬសគល់លើលោកពូទីន ចំពោះសង្គ្រាមនៅអ៊ុយក្រែន។ វាជាការពិបាកមួយសម្រាប់មេដឹកនាំរុស្ស៊ីរូបនេះ ក្នុងការប្រឈមមុខនឹងសារព័ត៌មានលោកខាងលិច ផ្ទុយពីកិច្ចប្រជុំថ្នាក់តំបន់ និងក្នុងប្រទេសរាល់ដង សារព័ត៌មានភាគច្រើនមិនហ៊ានសំណួរចាក់ដោត និងមិនហ៊ានរំលឹកឡើងទាល់តែសោះអំពីសង្គ្រាមនៅអ៊ុយក្រែន។ នេះហើយគឺជាអ្វីដែលលោក Alexey ថា ជាការលំបាកមួយក្នុងការសម្រេចចិត្តរបស់រុស្ស៊ី។

ទន្ទឹមនឹងនេះ នៅឆ្នាំនេះលោកពូទីនត្រូវប្រឈមមុខនឹងរឿងក្តីផ្លូវច្បាប់មួយទៀត ជុំវិញដីការចាប់ខ្លួនលោកចេញដោយតុលាការឧក្រិដ្ឋកម្មអន្តរជាតិ។ កាលពីខែមិថុនា លោកត្រូវបានចោទសួរដោយភ្នាក់ងាររដ្ឋរុស្ស៊ីថា លោកនឹងទៅចូលកិច្ចប្រជុំនៅទីក្រុងញូដេលីទេនៅខែកញ្ញា ឬទេ? លោកពូទីនឆ្លើយថា លោកមិនដឹងទេ ដោយមិនទាន់បានគិតអំពីរឿងនេះ»។ កាលពីខែមីនាកន្លងទៅ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មានឱ្យដឹងថា នឹងមានសេចក្តីប្រកាសអំពីរឿងនេះ នៅពេលដែលការសម្រេចចិត្តត្រូវបានធ្វើឡើង។
ទោះបីជាយ៉ាងណា យោងតាមលោក Andrei Fedorov អតីតអនុរដ្ឋមន្ត្រីការបរទេសរបស់រុស្ស៊ី បាននិយាយថា មានទាំងគុណសម្បត្តិនិងគុណវិបត្តិ ចំពោះការចូលរួមកិច្ចប្រជុំកំពូលផ្ទាល់នៅខែក្រោយនេះរបស់លោកពូទីន ប៉ុន្តែអ្វីដែលផ្តោតនោះគឺអំពីរបៀបដែលមេដឹកនាំផ្សេងទៀតនឹងធ្វើចំពោះលោកពូទីន។ «លោកមិនចង់ស្ថិតក្នុងស្ថានភាពដែលមេដឹកនាំផ្សេងទៀតធ្វើជាមើលមិនឃើញលោក និងចោទប្រកាន់លោកចំពោះសង្រ្គាម ឬមិនព្រមទទួលស្វាគមន៍លោកឱ្យស្មើមុខស្មើមាត់ដូចមេដឹកនាំដទៃនោះឡើយ៕




អត្ថបទបន្ទាប់


តើមូលហេតុអ្វីបានជាអាមេរិកផ្តល់តម្លៃផ្នែកការទូតទៅវៀតណាមកាន់តែខ្លាំងនៅប៉ុន្មានឆ្នាំចុងក្រោយនេះ?

ព័ត៌មាន
វត្តមានរបស់ លោក ចូ បៃដិន ប្រធានាធិបតីអាមេរិកនៅអាស៊ាននាខែដើមកញ្ញាកំពុងស្រពិចស្រពិល ប៉ុន្តែប្រធានាធិបតីអាមេរិកវ័យចំណាស់រូបនេះបានបញ្ជាក…

តើខេត្តព្រះសីហនុ បានស្រូបទាញផលប្រយោជន៍អ្វីខ្លះ ពីគម្រោងវិនិយោគក្រោមគំនិតផ្ដួចផ្ដើម ខ្សែក្រវាត់ និងផ្លូវរបស់ចិន?

ព័ត៌មាន
ឆ្នាំ២០២៣នេះ គឺជាឆ្នាំដ៏សំខាន់និងពិសេសសម្រាប់ចិន និងកម្ពុជា ជាខួបអនុស្សាវរីយ៍លើកទី៦៥នៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងកម្ពុជា ក៏…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ