សម្តេច ហ៊ុន ម៉ាណែត ជំរុញឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិបង្កើនប្រសិទ្ធភាពការងារជូនពលរដ្ឋ

សម្តេច ហ៊ុន ម៉ាណែត ជំរុញឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិប្រើប្រាស់ថវិការដ្ឋឱ្យចំគោលដៅ


សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ស្នើឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ប្រើប្រាស់ថវិការដ្ឋឱ្យចំគោលដៅ ដើម្បីបង្កើនប្រសិទ្ធភាពការងារ សម្រាប់បម្រើតម្រូវការប្រចាំថ្ងៃរបស់ពលរដ្ឋ និងបម្រើដល់សេដ្ឋកិច្ចមូលដ្ឋាន ជាពិសេសត្រូវមានម្ចាស់ការលើការអនុវត្តការងារឱ្យបានល្អ ដ្បិតថ្នាក់ក្រោមជាតិមានសិទ្ធិអំណាចគ្រប់គ្រាន់ក្នុងការសម្រេចតាមការប្រគល់អំណាច តាមរយៈគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ។
សម្តេច ហ៊ុន ម៉ាណែត ជំរុញឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិប្រើប្រាស់ថវិការដ្ឋឱ្យចំគោលដៅ
ដោយ

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្តីការថ្មីនៃក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជំរុញឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ពង្រឹងការគ្រប់គ្រងទ្រព្យសម្បិត្តិរដ្ឋ និងប្រើប្រាស់ថវិការរដ្ឋឱ្យចំគោលដៅនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ក្នុងន័យនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជំរុញឱ្យមានការលើកកម្ពស់ការទទួលខុសត្រូវ និងភាពជាម្ចាស់ក្នុងការអនុវត្តមុខងារ និងការប្រើប្រាស់ធនធានហិរញ្ញវត្ថុ ដែលបានផ្ទេរពីក្រសួងស្ថាប័នថ្នាក់ជាតិ ឱ្យមានប្រសិទ្ធភាព តម្លាភាព និងគណនីភាព។ សម្រាប់សម្តេចធិបតី ការគ្រប់គ្រងថវិកា គឺជារឿងសំខាន់ណាស់ ពោលគឺលុយតិចដាក់ចំគោលដៅទទួលបានផលប្រយោជន៍ច្រើន តែបើលុយច្រើនប្រើមិនចំគោលដៅ គឺមិនអាចទទួលបានប្រសិទ្ធភាពនោះទេ។

បើតាមសម្តេចធិបតី ហ៊ុន ម៉ាណែត ការប្រើប្រាស់ថវិការរដ្ឋឱ្យចំគោលដៅនេះ គឺរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវប្រើប្រាស់ថវិកាឱ្យចំកន្លែង ដែលប្រជាពលរដ្ឋមានតម្រូវការចាំបាច់ ឬមូលដ្ឋាន ដែលកំពុងជួបការលំបាក ដើម្បីបម្រើតម្រូវការប្រចាំថ្ងៃជូនពលរដ្ឋ ព្រមទាំងបម្រើដល់តម្រូវសេដ្ឋកិច្ចក្នុងតំបន់នោះ។

តួយ៉ាងបើតាមសម្តេចធិបតី ឧទាហរណ៍ដូចជាថវិកាសម្រាប់ប្រើប្រាស់ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធជាដើម គឺមិនមែនយកថវិកាទៅអភិវឌ្ឍសួនច្បារឱ្យបានធំស្អាតជាងគេ ខណៈដែរនៅតាមបណ្តាឃុំស្រុកមួយចំនួនបែរជាខ្វះផ្លូវសម្រាប់ប្រជាពលរដ្ឋធ្វើដំណើរនោះទេ។

យ៉ាងណាមិញ ដើម្បីបង្កើនប្រសិទ្ធភាពការងារបម្រើប្រជាពលរដ្ឋឱ្យចំគោលដៅ សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងបន្តជួយនូវចំណុចមួយចំនួនបន្ថែមទៀតទៅដល់អាជ្ញាធរថ្នាក់ក្រោមជាតិ ដូចជាការប្រគល់សិទ្ធិបន្ថែមដល់រដ្ឋបាលថ្នាក់ក្រោមជាតិ សម្រាប់ដោះស្រាយរាល់បញ្ហាប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាពតាមភាពបត់បែនរបស់ខ្លួន។ ជាមួយគ្នានេះ រាជរដ្ឋាភិបាល ផ្តល់លទ្ធភាព ឬបង្កើនថវិកាពីថ្នាក់ជាតិទៅថ្នាក់ក្រោមជាតិ ដើម្បីយកទៅដោះស្រាយឱ្យចំគោលដៅ និងតម្រូវការនានានៅក្នុងមូលដ្ឋានរបស់ខ្លួន និងផ្តល់ការគាំទ្រ និងពង្រឹងសមត្ថភាពមន្រ្តី គឺការផ្តល់បច្ចេកទេស និងជំនាញបន្ថែមទៀត ដើម្បីឱ្យមន្រ្តីនៅថ្នាក់ក្រោមជាតិ កាន់តែមានសមត្ថភាព ក្នុងការបំពេញការងារ បម្រើសេវា និងដោះស្រាយបញ្ហាផ្សេងៗជូនប្រជាពលរដ្ឋឱ្យបានលឿន និងមានប្រសិទ្ធភាពខ្ពស់។

គួរជម្រាបថា តាមសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ កញ្ចប់ថវិកាចំណាយចរន្តរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ មានទំហំសរុបជាង៦ពាន់៤៣៤លានរៀល ដែលសមាមាត្រនឹង ២៤,៩% នៃចំណាយចរន្តសរុបថវិការដ្ឋ និងស្មើ៤,៥០% នៃ ផ.ស.ស កើនឡើងជិត៤១% បើធៀបនឹងច្បាប់ថវិកាឆ្នាំ២០២៣៕




អត្ថបទបន្ទាប់


ក្រុមហ៊ុន Smart Axiata និងក្រុមហ៊ុននាំមុខចំនួន៣រួមគ្នាសម្ពោធសេវាកម្មទិញមុនទូរទាត់ក្រោយ BNPL ជំរុញហិរញ្ញវត្ថុឌីជីថលនាយុគសម័យថ្មី

ព័ត៌មាន
ទិដ្ឋភាពហិរញ្ញវត្ថុនៅកម្ពុជាកាន់តែមានការផ្លាស់ប្តូរតាមរយៈកិច្ច សហប្រត្តិបត្តិការដែលមិនធ្លាប់មានពីមុនមកពីសំណាក់ ក្រុមហ៊ុន Smart Axiata ដែ…

អ្នកធ្វើដំណើរតាមព្រលានយន្តហោះសៀមរាបកើនក្នុងរង្វង់ជាង៣ពាន់នាក់ក្នុង១ថ្ងៃ

ព័ត៌មាន
ចាប់តាំងពីបើកទទួលជើងហោះហើរជាផ្លូវការ កាលពីពាក់កណ្តាលខែតុលា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ទទួលបានអ្នកដំណើរកើនឡើងជាបន្តបន្ទាប់ ដោយ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ