វិបត្តិសេដ្ឋកិច្ចស្រីលង្កា

IMF នឹងពិចារណាពីសំណើសុំជំនួយហិរញ្ញវត្ថុបន្ទាន់របស់ស្រីលង្កា


រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុប្រទេសស្រីលង្កាបាននិយាយនៅថ្ងៃទី ១៩មេសាថា មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) នឹងពិចារណាផ្តល់ជំនួយហិរញ្ញវត្ថុបន្ទាន់ដល់ប្រទេសស្រីលង្កា ដែលកំពុងតែជំពាក់បំណុលគេវណ្ឌក និងកំពុងប្រឈមក្នុងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ ខណៈដែលក្រុមបក្សប្រឆាំងក្នុងប្រទេសស្រីលង្កាគ្រោងនឹងដាក់ញត្តិទៅសភា ដើម្បីសម្ដែងពីការមិនទុកចិត្តចំពោះរដ្ឋាភិបាលរបស់ប្រធានាធិបតី លោក ហ្គូតាបាយ៉ា រ៉ាចាប៉ាក់សា ផងដែរ។
កិច្ចប្រជុំស្រីលង្កាជាមួយ IMF
ដោយ

គណៈប្រតិភូ​ដឹកនាំ​ដោយ​រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​ប្រទេស​ស្រី​លង្កា​លោក អា​លី សា​ព្រី (Ali Sabry) បាន​ចាប់ផ្តើម​កិច្ច​ពិភាក្សា​ផ្លូវការ​ជាមួយ​មន្ត្រី IMF នៅ​ក្នុង​ទីក្រុង​វ៉ា​ស៊ី​ន​តោន​កាលពី​ថ្ងៃ​ចន្ទ ទី​១៨ ខែមេសា សម្រាប់​កម្មវិធី​មួយ​ដែល​រដ្ឋាភិបាល​ស្រី​លង្កា​សង្ឃឹមថា នឹង​អាច​ជួយ​បំពេញ​ទុនបម្រុង​របស់​ខ្លួន និង​ទទួល​បាន​ហិរញ្ញប្បទាន ដើម្បី​ទូទាត់​សម្រាប់​ការ​នាំ​ចូល​ផលិតផល​សំខាន់​ៗ​ដូច​ជា ប្រេងឥន្ធនៈ អាហារ និង​ថ្នាំពេទ្យ​ជាដើម​។

លោក សា​មៀ ហ្សា​វ៉ា​ហៀ (Shamir Zavahir) ជំនួយការ​រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​ស្រី​លង្កា​បាន​និយាយ​ថា ស្រី​លង្កា​បាន​ស្នើ​សុំ​ប្រាក់​កម្ចី​នៅ​ក្រោម​កម្មវិធី​ការ​ផ្ដល់​ហិរញ្ញវត្ថុ​បន្ទាន់ (RFI)​ដែរ ដែល​កម្មវិធី​នេះ គឺ​សម្រាប់​ប្រទេស​ដែល​ចង់បាន​ការ​គាំទ្រ​សមតុល្យ​នៃ​ការ​ទូទាត់​ជា​បន្ទាន់ ប៉ុន្តែ​ដំបូង​ឡើយ​អ្នក​ផ្តល់​ប្រាក់​កម្ចី​សកល​មិន​ទាន់​មាន​ទំនុកចិត្ត​ក្នុង​ការ​ផ្តល់​កម្ចី​ទៅ​តាម​សំណើ​នេះ​នៅឡើយ​ទេ​។

ក្រសួង​ហិរញ្ញវត្ថុ​របស់​ប្រទេស​ស្រី​លង្កា​បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា មូលនិធិ IMF បាន​ជូនដំណឹង​ជា​បន្តបន្ទាប់​ដល់​រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​គឺ​លោក Sabry ដោយ​បាន​បញ្ជាក់​ថា ប្រទេស​ឥណ្ឌា​ក៏​បាន​ធ្វើ​ជា​អ្នកតំណាង​ឱ្យ​ប្រទេស​ស្រី​លង្កា​សម្រាប់​កម្មវិធី​ការ​ផ្ដល់​ហិរញ្ញវត្ថុ​បន្ទាន់ RFI នេះ​ផង​ដែរ​។

លោក Sabry បាន​ប្រាប់​រ៉​យ​ទ័​រ​កាលពី​ដើមខែ​នេះ​ថា ប្រទេស​ស្រី​លង្កា​កំពុង​ស្វែងរក​ទឹកប្រាក់​ចំនួន ៣ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ​ពី​ប្រភព​ជា​ច្រើន​រួម​ទាំង​មូលនិធិ IMF ធនាគារពិភពលោក និង​ពី​ប្រទេស​ឥណ្ឌា​ផង​ដែរ ដើម្បី​ទប់ទល់​នឹង​វិបត្តិ​សេដ្ឋកិច្ច​នេះ​។

វិបត្តិ​សេដ្ឋកិច្ច​នៅ​ប្រទេស​ស្រី​លង្កា​បាន​ធ្វើ​ឱ្យ​មាន​ភាព​ចលាចល​យ៉ាង​ខ្លាំង​នៅ​ក្នុង​ប្រទេស​នេះ ដោយសារ​មាន​ប្រជាពលរដ្ឋ​ជា​ច្រើន​បាន​ប្រមូលផ្ដុំ​គ្នា​តាម​ផ្លូវ​នៅ​ទូ​ទាំង​ប្រទេស​នេះ ដើម្បី​តវ៉ា​ប្រឆាំង​នឹង​ប្រធានាធិបតី​លោក ហ្គូ​តា​បា​យ៉ា រ៉ា​ចា​ប៉ាក់​សា រហូត​ដល់​បាន​ទាមទារ​ឱ្យ​លោក​ចុះ​ចេញពី​តំណែង​ថែម​ទៀត​ផង​។ ប៉ុន្ដែ ប្រធានាធិបតី​រូប​នេះ បាន​ចេញ​មុខ​ប្រកាស​ក្ដែ​ង​រួច​ហើយ​ថា លោក​មិន​ចុះ​ចេញ​ទៅ​ណា​ឡើយ ព្រោះ​លោក​ត្រូវ​មាន​ទំនួល​ខុស​ត្រូវ​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​សេដ្ឋកិច្ច​ដែល​កំពុង​កើតឡើង​នេះ​។

យ៉ាងណា​ក៏​ដោយ​ចុះ នៅ​ថ្ងៃ​ទី ១៩ ខែមេសា គណបក្សប្រឆាំង​ដ៏​សំខាន់​នៅ​ប្រទេស​នេះ ក៏​មានការ​ដាក់​ញត្តិ​ទៅ​កាន់​រដ្ឋសភា​ដើម្បី​សម្ដែង​ការ​មិន​ទុកចិត្ត​ចំពោះ​រដ្ឋាភិបាល​របស់​លោក រ៉ា​ចា​ប៉ាក់​សា នៅ​ចំ​ពេល​វិបត្តិ​សេដ្ឋកិច្ច​មាន​សភាព​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​ៗ និង​មានការ​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល​កាន់តែ​ច្រើន​ឡើង​ៗ​ផង​ដែរ​។

មេដឹកនាំ​គណបក្សប្រឆាំង​លោក សាជី​ត ប្រេ​ម៉ា​ដា​សា (Sajith Premadasa) បាន​ប្រាប់​សភា​ថា រដ្ឋាភិបាល​ត្រូវ​តែ​យកចិត្តទុកដាក់​ចំពោះ​ការ​ទាមទារ​របស់​សាធារណៈជន ដែល​ចង់ឱ្យ​លោក Rajapaksas លាលែង​ពី​តំណែង​ប្រសិនបើ​មិន​ធ្វើ​បែប​នេះ​ទេ បក្ស​ប្រឆាំង​នឹង​នាំ​យក​ញត្តិ​មិន​ទុកចិត្ត​នេះ​ដាក់​ជូន​សភា​។ សូម​បញ្ជាក់​ថា កន្លង​មក​មាន​រដ្ឋមន្ត្រី​ជា​ច្រើន​រូប​របស់​ស្រី​លង្កា ក៏​បាន​លាលែង​ពី​តំណែង​រួច​ហើយ​ដែរ នៅ​ចំ​ពេល​ដែល​ប្រទេស​កំពុង​ជួប​វិបត្តិ​សេដ្ឋកិច្ច​កាន់តែ​ធ្ងន់ធ្ងរ​៕

អត្ថបទ​៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិនសម្រេចបានកំណើនសេដ្ឋកិច្ច ៤,៨% នៅត្រីមាសទី១ ទោះប្រឈមនឹងបញ្ហាច្រើន

ព័ត៌មាន
នៅក្នុងត្រីមាសទី១ឆ្នាំ២០២២នេះប្រទេសចិនសម្រេចបានកំណើនសេដ្ឋកិច្ច ៤,៨% លើសពីការរំពឹងទុក និងជាសន្ទុះដ៏ប្រសើរមួយបើធៀបនឹងត្រីមាសទី១ កាលពីឆ្នា…

ធនាគារពិភពលោកកាត់បន្ថយការព្យាករកំណើនសេដ្ឋកិច្ចពិភពលោក ខណៈសង្គ្រាមនៅអ៊ុយក្រែនបន្ដឆេះក្ដៅងំ

ព័ត៌មាន
ធនាគារពិភពលោកបានកាត់បន្ថយការព្យាករកំណើនសេដ្ឋកិច្ចពិភពលោក ខណៈសង្គ្រាមនៅអ៊ុយក្រែនបន្ដឆេះក្ដៅងំ។ លោក David Malpass ប្រធានធនាគារពិភពលោកបាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ