ហាងកាហ្វេ Starbucks ដ៏ល្បីរបស់អាមេរិក ត្រៀមចាកចេញពីរុស្ស៊ី

ហាងកាហ្វេ Starbucks ដ៏ល្បីរបស់អាមេរិក ត្រៀមចាកចេញពីរុស្ស៊ី ក្រោយមានប្រតិបត្តិការជិត១៥ ឆ្នាំ


ក្រុមហ៊ុនកាហ្វេដ៏ល្បីរបស់អាមេរិក ស្តាបាកស៍ (Starbucks) បានបញ្ជាក់នៅ ថ្ងៃទី ២៣ ឧសភា នេះថា ខ្លួនបានត្រៀមនឹងចាកចេញពីទីផ្សារប្រទេសរុស្ស៊ីនៅពេលខាងមុននេះហើយ បន្ទាប់ពីប្រតិបត្តិការជិត ១៥ ឆ្នាំ ខណៈដែលក្រុមហ៊ុន ម៉ាកយីយោធំៗល្បីៗផ្សេងទៀតរបស់លោកខាងលិច ក៏បាន និងកំពុងដកខ្លួនចេញពីប្រទេសរុស្ស៊ីជាបន្ដបន្ទាប់ផងដែរ។ ជាក់ស្ដែង ថ្មីៗនេះ ភោជនីយដ្ឋាន McDonald's ក៏បានប្រកាសដកខ្លួនចេញពីទីផ្សាររុស្ស៊ី ដោយប្រកាសលក់ហាងរបស់ខ្លួនទាំងអស់នៅទីនោះ ទៅឲ្យក្រុមហ៊ុនក្នុងស្រុករុស្ស៊ីផងដែរ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Reuters។
ហាងកាហ្វេ Starbucks ដ៏ល្បីរបស់អាមេរិក ត្រៀមចាកចេញពីរុស្ស៊ី ក្រោយមានប្រតិបត្តិការជិត១៥ ឆ្នាំ

ហាងកាហ្វេ Starbucks នៅក្នុងប្រទេសរុស្ស៊ី ត្រូវបានគេដឹងថា មានហាងប្រតិបត្តិការចំនួន ១៣០ កន្លែង ដែលដំណើរការដោយក្រុមហ៊ុន អាល់សាយ៉ា (Alshaya Group) បូករួមជាមួយនឹងបុគ្គលិកជិត ២០០០ នាក់នៅក្នុងប្រទេសនេះ។ ប៉ុន្ដែ ក្រោយមានការឈ្លានពានរបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន ក្រុមហ៊ុនមេរបស់ហាងកាហ្វេលំដាប់អន្តរជាតិមួយនេះ បានសម្រេចចិត្ត នឹងត្រៀមចាកចេញពីទីផ្សាររុស្សីនាពេលឆាប់ៗខាងមុខនេះ ដូចដែរក្រុមហ៊ុន និងម៉ាកយីហោរបស់លោកខាងលិចមួយចំនួនបានអនុវត្តនាពេលកន្លងមកដែរ។

កាលពីខែមីនាកន្លងទៅ ក្រុមហ៊ុន Starbucks បានបិទហាងរបស់ខ្លួន និងផ្អាកសកម្មភាពអាជីវកម្មទាំងអស់នៅក្នុងប្រទេសរុស្ស៊ី រួមទាំងការដឹកជញ្ជូនផលិតផលរបស់ខ្លួនទៅកាន់ប្រទេសនេះផងដែរ បន្ទាប់ពីការលុកលុយរបស់ទីក្រុងមូស្គូមកកាន់អ៊ុយក្រែន។

ក្រុមហ៊ុននេះ ដែលបានបើកដំណើរការហាងដំបូងរបស់ខ្លួននៅក្នុងប្រទេសរុស្ស៊ីនៅក្នុងឆ្នាំ ២០០៧ បានគូសបញ្ជាក់ថា ខ្លួននឹងនៅតែបន្តគាំទ្របុគ្គលិករបស់ខ្លួននៅទីនោះ រួមទាំងការបង់ប្រាក់ឱ្យពួកគេសម្រាប់រយៈពេលប្រាំមួយខែពេញផងដែរ មុននឹងដកប្រតិបត្តិការទាំងអស់ចេញពីរុស្ស៊ី។

គួររំលឹកថា កាលពីសប្តាហ៍មុន ក្រុមហ៊ុនអាហារដ៏ល្បីមួយរបស់អាមេរិក McDonald's ក៏បាននិយាយថា ខ្លួនកំពុងលក់ភោជនីយដ្ឋានទាំងអស់របស់ខ្លួននៅក្នុងប្រទេសរុស្ស៊ីទៅឱ្យឈ្មួញក្នុងស្រុករបស់ខ្លួនគឺ លោកAlexander Govor ដើម្បីដាក់ឲ្យដំណើរការឡើងវិញក្រោមឈ្មោះថ្មី ប៉ុន្តែនៅរក្សាស្លាកសញ្ញារបស់ខ្លួនដដែល ខណៈដែលក្រុមហ៊ុនផលិតឡាន Renault របស់បារាំងឯណោះវិញ ក៏កំពុងលក់ភាគហ៊ុនភាគរបស់ខ្លួនស្ទើរតែទាំងអស់ទៅឲ្យក្រុមហ៊ុនផលិតរថយន្តដ៏ធំបំផុតមួយរបស់រុស្ស៊ីផងដែរ។

លើសពីនេះទៅទៀត ក្រុមហ៊ុនលោកខាងលិចមួយចំនួនផ្សេងទៀត រួមទាំងម៉ាក Imperial Brands និង Shell កំពុងកាត់ផ្តាច់ទំនាក់ទំនងជាមួយទីផ្សាររុស្ស៊ីដូចគ្នា ដោយពួកគេបានយល់ព្រមលក់ទ្រព្យសម្បត្តិរបស់ខ្លួននៅក្នុងប្រទេសនេះ ឬក៏ប្រគល់ឱ្យអ្នកគ្រប់គ្រងនៅក្នុងប្រទេសរុស្សីផ្ទាល់តែម្តង។

ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Starbucks មិនបានផ្តល់ព័ត៌មានលម្អិតអំពីផលប៉ះពាល់ហិរញ្ញវត្ថុនៃការចាកចេញនោះទេ ខណៈដែល ក្រុមហ៊ុន McDonald's វិញបាននិយាយថា ខ្លួនអាចនឹងខាតបង់ជាសាច់ប្រាក់រហូតដល់ ១,៤ ពាន់លានដុល្លារ ក្រោយពីការចាកចេញពីទីផ្សាររុស្សី៕

អត្ថបទ: ហ៊ុន គន្ធថៃ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី ចាប់ដៃគ្នានឹង ក្រុមហ៊ុន ហ្គ្រេន កាថេ អ៊ីនវេសម៉ិន ត្រាស់ (ខេមបូឌា) ដើម្បីណែនាំមូលនិធិវិនិយោគដំបូងគេនៅកម្ពុជា

ព័ត៌មាន
ក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី ម.ក និងក្រុមហ៊ុន ហ្គ្រេន កាថេ អ៊ីនវេសម៉ិន ត្រាស់ (ខេមបូឌា) ម.ក គឺជាក្រុមហ៊ុន ដែលមានបទពិសោធ ក្នុងវិស័យហ…

ប្រទេសស្រីលង្កាបង្កើនតម្លៃប្រេងឥន្ធនៈ ខណៈដែលប្រទេសនេះប្រឹងប្រែងទប់ស្កាត់វិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងររបស់ខ្លួន

ព័ត៌មាន
ប្រទេសស្រីលង្កានៅថ្ងៃទី ២៤ឧសភានេះ បានសម្រេចបង្កើនតម្លៃប្រេងឥន្ធនៈ និងការដឹកជញ្ជូន ដែលវាជាជំហានដ៏គួរឲ្យកត់សម្គាល់មួយ ដើម្បីស្រោចស្រង់ហិរញ្ញវត្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ