សភាអាមេរិកអនុម័តកញ្ចប់ថវិកា ៤០

សភាអាមេរិកអនុម័តកញ្ចប់ថវិកា ៤០ ពាន់លានដុល្លារ ដើម្បីជួយអ៊ុយក្រែនប្រឆាំងការឈ្លានពានរបស់រុស្ស៊ី


សភាតំណាងរាស្ត្រសហរដ្ឋអាមេរិក នៅថ្ងៃទី១០ខែឧសភា បានអនុម័តកញ្ចប់ថវិកាជំនួយជាង ៤០ ពាន់លានដុល្លារបន្ថែមទៀត សម្រាប់ជួយអ៊ុយក្រែន ខណៈដែលសភាអាមេរិកក៏កំពុងខំប្រឹងបន្តផ្ដល់ជំនួយផ្នែកយោធាបន្ថែមទៀត ដើម្បីជួយបង្កើនកម្លាំងដល់រដ្ឋាភិបាលទីក្រុងគៀវដែលកំពុងតែប្រឈមមុខនឹងការឈ្លានពានរបស់ប្រទេសរុស្ស៊ីកាន់តែខ្លាំងក្លា។
សភាអាមេរិកអនុម័តកញ្ចប់ថវិកា

សភាតំណាងរាស្ត្រ​អា​មេ​រិ​កបាន​អនុម័ត​សេចក្ដីព្រាងច្បាប់​ស្ដី​ពី​ការ​ចំណាយ​ដល់​ប្រទេស​អ៊ុយ​ក្រែ​ន​ក្នុង​សំឡេង​គាំទ្រ ៣៦៨ ទល់​នឹង ៥៧ ដែល​ជា​សំឡេង​ជំទាស់​របស់​សមាជិក​សភា​ទាំងអស់​មក​ពី​គណបក្ស​សាធារណរដ្ឋ ខណៈ​ដែល​សេចក្ដីព្រាងច្បាប់​នេះ​បាន​ឡើង​ទៅ​ដល់​ព្រឹទ្ធសភា​ហើយដោយ​គេ​រំពឹង​ថា ខាង​ព្រឹទ្ធសភា​នឹង​ធ្វើការ​ពិនិត្យ និង​អនុម័ត​យ៉ាង​ឆាប់រហ័ស​បំផុត​។

ប្រធានាធិបតី​អា​មេ​រិ​ក​លោក Joe Biden បាន​ស្នើ​ឱ្យ​សភា​អនុម័ត​ជំនួយ​បន្ថែមចំនួន ៣៣ ពាន់​លាន​ដុល្លារ​សម្រាប់​អ៊ុយ​ក្រែ​ន កាលពី​២​ស​ប្តា​ហ៍​មុន ប៉ុន្តែ​សមាជិក​សភា​បាន​សម្រេចចិត្ត​បង្កើន​មូលនិធិ​ផ្នែក​យោធា និង​មនុស្សធម៌​។

តំណាងរាស្ត្រ​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​លោកស្រី Rosa DeLauro ជា​ប្រធាន​គណៈកម្មាធិការ​រៀបចំ​កិច្ចការ​សភា​បាន​និយាយ​ដោយ​ជំរុញ​ឱ្យ​គាំទ្រ​កញ្ចប់​ថវិកា​នេះ​ថា ច្បាប់​នេះ​នឹង​ការពារ​លទ្ធិប្រជាធិបតេយ្យ ដាក់​កម្រិត​ដល់​ការ​ឈ្លានពាន​របស់​រុ​ស្ស៊ី និង​ពង្រឹង​សន្តិសុខ​ជាតិ​របស់​អាម​រិ​ក ហើយ​អ្វី​ដែល​សំខាន់​បំផុត​នោះ គឺ​គាំទ្រ​អ៊ុយ​ក្រែ​ន​តែ​ម្ដង​។

លោក Biden បាន​អំពាវនាវ​ឱ្យ​ព្រឹទ្ធសភា​ធ្វើការ​ឱ្យ​បាន​ឆាប់រហ័ស ដើម្បី​ឱ្យ​លោក​អាច​ចុះហត្ថលេខា​លើ​ច្បាប់​នេះ​មុន​ពេល​ជំនួយ​ការពារ​ជាតិ ដែល​មាន​ស្រាប់​សម្រាប់​អ៊ុយ​ក្រែ​ន​នោះ​នឹង​ប្រើប្រាស់​អស់​នៅ​ចុងខែ​ឧសភា​នេះ​។

សមាជិក​គណបក្ស​សាធារណរដ្ឋ​មួយ​ចំនួន​បាន​ជំទាស់​នឹង​ច្បាប់​នេះ ដោយ​បាន​រិះគន់​ក្រុម​គណបក្ស​ប្រជាធិបតេយ្យ​ថា ធ្វើការ​លឿន​ពេក​ក្នុង​ការ​ផ្ញើ​ប្រាក់​ដុល្លារ​របស់​អ្នក​ជាប់ពន្ធ​អា​មេ​រិ​ក​ច្រើន​ពេក​ទៅ​ក្រៅប្រទេស​។ សមាជិក​បក្ស​ប្រជាធិបតេយ្យ​របស់​លោក Biden គ្រប់គ្រង​សភា​តឹងរ៉ឹង ប៉ុន្តែ​ច្បាប់​នេះ​នឹង​ត្រូវការ​ការ​សំឡេង​គាំទ្រ​ពី​គណបក្ស​សាធារណរដ្ឋ ដើម្បី​ឆ្លងកាត់​ព្រឹទ្ធសភា​។

លោកស្រី Oksana Markarova ឯកអគ្គរដ្ឋទូត​អ៊ុយ​ក្រែ​ន​ប្រចាំ​សហរដ្ឋអាមេរិក​បាន​អំពាវនាវ​សុំ​ជំនួយ​ដល់​សមាជិក​ព្រឹទ្ធសភា​ទាំង​គណបក្ស​ប្រជាធិបតេយ្យ និង​គណបក្ស​សាធារណរដ្ឋ​នៅ​ក្នុង​ពិធីជប់លៀង​ប្រចាំ​ស​ប្តា​ហ៍​របស់​ពួក​គេ​កាលពី​ថ្ងៃ​អង្គា​រស​ប្ដា​ហ៍​នេះ​។

សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​គឺ​លោក Dick Durbin បាន​និយាយ​បន្ទាប់​ពី​លោកស្រី Markarova ថា វា​ជា​សារ​ដ៏​ស្មោះស្ម័គ្រ និង​ងាយ​យល់​បំផុត​គឺថា ប្រជាជន​របស់​អ៊ុយ​ក្រែ​ន​កំពុង​ស្លាប់ ពួក​គេ​អស់​ការ​ផ្គត់ផ្គង់ និង​គ្រាប់រំសេវ​ដើម្បី​ប្រយុទ្ធ​ទៀត​ហើយ​។ ពួក​គេ​ត្រូវការ​ជំនួយ​ពី​អា​មេ​រិ​ក​យ៉ាង​ឆាប់រហ័ស​។ ដូច្នេះ​ហើយ​សហ​ភា​អា​មេ​រិ​ក​ត្រូវ​តែ​ជួយ​ព​ន្លឿ​ន​វា​ផង​។

សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស​សាធារណរដ្ឋ​លោក Rob Portman សមាជិក​នៃ​គណៈកម្មាធិការ​ទំនាក់ទំនង​បរទេស​ព្រឹទ្ធសភា​និង​ជា​អ្នកដឹកនាំ​ការ​ប្រជុំ​ព្រឹទ្ធសភា​អ៊ុយ​ក្រែ​ន​បាន​និយាយ​ថា លោក​រំពឹង​ថា នឹង​មានការ​គាំទ្រ​ពី​គណបក្ស​សាធារណរដ្ឋ​គ្រប់គ្រាន់​សម្រាប់​សេចក្តីព្រាងច្បាប់​នេះ ដើម្បី​ឱ្យ​វា​ឆាប់​បាន​ឆ្លងកាត់​ព្រឹទ្ធសភា​។

សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​មក​ដល់​ពេល​នេះ បាន​សម្លាប់​ជន​ស៊ី​វិល​រាប់​ពាន់​នាក់ បង្ខំ​ឱ្យ​ពលរដ្ឋ​អ៊ុយ​ក្រែ​ន​រាប់​លាន​នាក់​រត់​ចោលផ្ទះ​សម្បែង និង​ធ្វើ​ឱ្យ​ទីក្រុង​តូច​ធំ​ជា​ច្រើន​ក្លាយទៅជា​គំនរ​បាក់បែក​។ ទីក្រុង​ម៉ូ​ស្គូ​គ្មាន​អ្វី​បង្ហាញ​នោះ​ទេ​ក្រៅ​តែ​ពី​ជ័យជម្នះ​តិចតួច​នៅ​ភាគ​ខាងត្បូង និង​ភាគ​ខាងកើត​នៃ​ប្រទេស​អ៊ុយ​ក្រែ​ន​៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សំណើរបស់សហភាពអឺរ៉ុប ដាក់ទណ្ទកម្មហ៊ុមព័ទ្ធប្រេងរុស្ស៊ី នៅបន្ដជាប់គាំង

ព័ត៌មាន
ទណ្ឌកម្មលើកទី៦ ដែលសហភាពអឺរ៉ុបដែលគ្រោងកាត់ផ្តាច់ប្រេងពីរុស្ស៊ីទាំងស្រុង ទៅកាន់តំបន់របស់ខ្លួនហាក់មានភាពរអាក់រអួលមិនដូចទណ្ឌកម្មជុំមុនៗ ដែ…

មេ WHO រិះគន់គោលនយោបាយគ្មានកូវីដរបស់ចិនថា «មិនមាននិរន្តរភាព»

ព័ត៌មាន
ប្រធានអង្គការសុខភាពពិភពលោកបាននិយាយទិតៀន គោលនយោបាយគ្មានកូវីដ ដ៏តឹងតែងរបស់ចិនក្នុងការគ្រប់គ្រងការរីករាលដាលកូវីដ១៩ ថា មិនមាននិរន្តរភាព…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ