អាស៊ានចម្រុងចម្រើនពិភពលោកនឹងបានប្រសើរឡើង

បេសកជនអាមេរិកប្រចាំអាស៊ានថា ពេលអាស៊ានចម្រុងចម្រើន ពិភពលោកនឹងបានប្រសើរឡើង


ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអាស៊ាន លោក យ៉ូហាណេស អាប្រាហាម (Yohannes Abraham) បាននិយាយថា សហរដ្ឋអាមេរិកចង់ធ្វើឱ្យទំនាក់ទំនងរបស់ខ្លួនកាន់តែស៊ីជម្រៅជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដែលមាន«សារសំខាន់យ៉ាងខ្លាំង» ក្នុងការជំរុញវត្តមានរបស់ខ្លួនឱ្យកាន់តែសកម្មថែមទៀតនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន CNA។
អាស៊ានចម្រុងចម្រើនពិភពលោកនឹងបានប្រសើរឡើង

លោក យ៉ូហាណេស អាប្រាហាម បាននិយាយក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយសារព័ត៌មាន CNA កាលពីសប្ដាហ៍មុន នៅឯនិវេសនដ្ឋានរបស់លោកនាទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ីថា ជាគោលការណ៍ សហរដ្ឋអាមេរិកគិតថា អាស៊ានដែលរីកចម្រើន រឹងមាំ និងឯករាជ្យគឺល្អសម្រាប់ប្រទេសអាស៊ាននិងសហរដ្ឋអាមេរិក។ សហរដ្ឋាមេរិកចង់បានបែបនេះ ហើយប្រទេសនេះជឿជាក់យ៉ាងខ្លាំងលើមជ្ឈភាពរបស់អាស៊ាន។

លោក អាប្រាហាម បានបន្តថា ដូច្នេះសហរដ្ឋអាមេរិកចង់ធ្វើការជាមួយនិងតាមរយៈអាស៊ាន ដើម្បីស្វែងរកឱកាសសហការលើបញ្ហានានាដែលពាក់ព័ន្ធនឹងប្រជាជនសរុបបញ្ចូលគ្នាចំនួន ១ ប៊ីលាននាក់។

លោកឯកអគ្គរដ្ឋទូតបានកត់សម្គាល់ថា រឿងនេះនឹងពាក់ព័ន្ធនឹងផ្នែកផ្សេងៗនៃរដ្ឋាភិបាលសហរដ្ឋអាមេរិកដែលត្រូវចូលរួមជាមួយសមភាគីអាស៊ានរបស់ពួកគេនៅតាមវិស័យមួយចំនួនដូចជាសុខាភិបាលនិងថាមពលជាដើម។

លោក អាប្រាហាម បានបន្ថែមថា ដូច្នេះតាមវិធីនោះ ពួកគេអាចស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមនានាដែលពួកគេទាំងអស់គ្នាជួបប្រទះ ហើយក៏អាចស្វែងរកវិធីដែលពួកគេអាចចាប់យកឱកាសដែលបង្ហាញខ្លួនចំពោះមុខពួកគេផងដែរ។ ហើយអ្វីដែលសំខាន់នោះ ការចូលរួមនោះគួរតែចាប់ផ្តើមពីចំណុចកំពូល។

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បាននិយាយថា អាស៊ានគឺជា«បេះដូង»នៃយុទ្ធសាស្ត្រតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកក្នុងរដ្ឋបាលរបស់លោក ហើយលោក អាប្រាហាម បាននិយាយអំពីសារសំខាន់របស់តំបន់នេះថា តំបន់អាស៊ីអាគ្នេយ៍គឺពិតជាសំខាន់ខ្លាំងណាស់ចំពោះយុទ្ធសាស្ត្រតំបន់ឥណ្ឌូប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិក។

លោក អាប្រាហាម បានបន្ថែមថា សហរដ្ឋអាមេរិកគិតថា អាស៊ានមានតួនាទីដ៏សំខាន់មិនគួរឱ្យជឿទាល់តែសោះក្នុងនិម្មាបនកម្មតំបន់ ហើយសហរដ្ឋអាមេរិកគិតថា នៅពេលអាស៊ានមានភាពរុងរឿងនិងឯករាជ្យ យើងទាំងអស់គ្នាកាន់តែប្រសើរឡើង ហើយនៅពេលតំបន់នេះកាន់តែល្អប្រសើរឡើង ពិភពលោកក៏កាន់តែល្អប្រសើរឡើងផងដែរ។

លោក អាប្រាហាម ដែលបានស្បថចូលកាន់តំណែងកាលពីខែកញ្ញាឆ្នាំមុន ក្នុងនាមជាបេសកជនសហរដ្ឋអាមេរិកទទួលបន្ទុកកសាងទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយតំបន់អាស៊ាន បាននិយាយថា ការប្តេជ្ញាចិត្តចំពោះមជ្ឈភាពអាស៊ានមានន័យថា គឺជាការធ្វើការយ៉ាងជិតស្និទ្ធជាមួយនិងតាមរយៈសមាគមនេះ លើបញ្ហាសំខាន់ៗជាច្រើន មិនថាជាបញ្ហាប្រឈម ឬក៏ជាឱកាសនោះឡើយ ហើយលោកបានបង្ហាញខ្លួនឯងថាជាដៃគូដែលអាចទុកចិត្តបាននិងយូរអង្វែងមួយផងដែរ។

ការងាររបស់សហរដ្ឋអាមេរិកជាមួយអាស៊ាន រួមមានការធានាសន្តិសុខសុខភាពសាធារណៈ និងការដោះស្រាយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ដែលប្រទេសអាស៊ីអាគ្នេយ៍មួយចំនួនងាយរងគ្រោះ។ លើវិស័យសេដ្ឋកិច្ចវិញ សហរដ្ឋអាមេរិកបានធ្វើការយ៉ាងជិតស្និទ្ធអស់រយៈពេលជាច្រើនឆ្នាំមកហើយ ជាមួយសមាគមអាស៊ាននៅលើគម្រោងច្រកចេញចូលតែមួយរបស់អាស៊ាន (ASEAN Single Window)។ គម្រោងនេះមានគោលដៅកាត់បន្ថយរបាំងមិនមែនពន្ធគយសម្រាប់ពាណិជ្ជកម្មក្នុងតំបន់អាស៊ាន ហើយដែលលោក អាប្រាហាម បាននិយាយថាវាបានជួយក្រុមហ៊ុននានាដែលរកស៊ីក្នុងតំបន់អាស៊ានឱ្យចំណេញប្រាក់រាប់ពាន់លានដុល្លារ៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


EU គ្រោងដាក់ទណ្ឌកម្មក្រុមហ៊ុនចិន ដែលជួយទ្រទ្រង់មធ្យោបាយធ្វើសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន

ព័ត៌មាន
សហភាពអឺរ៉ុបបានស្នើជាលើកដំបូងឱ្យមានការត្រៀមដាក់ទណ្ឌកម្មលើក្រុមហ៊ុនចិនគ្រាក់ៗមួយចំនួន ក្រោយពីមើលឃើញថាក្រុមហ៊ុនចិនទាំងនោះបានទ្រទ្រង់មធ្យោបា…

គម្រោងវិនិយោគតម្លៃសរុបជិត ១១ ពាន់លានដុល្លារត្រូវបានចុះហត្ថលេខាអំឡុងពិព័រណ៍សេដ្ឋកិច្ច និងពាណិជ្ជកម្ម RCEP

ព័ត៌មាន
អំឡុងកម្មវិធីពិព័រណ៍សេដ្ឋកិច្ចនិងពាណិជ្ជកម្ម នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយថ្នាក់តំបន់ ហៅកាត់ថាអាសិប (RCEP) ដែលរៀបចំឡើងក្ន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ