អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ

ព្រលានយន្តហោះភ្នំពេញថ្មីតម្លៃ១ពាន់៥រយលានដុល្លារ សាងសង់បានជាង៥១%ហើយ


អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅតម្លៃប្រមាណ១ពាន់៥រយលានដុល្លារ សម្រេចបានការសាងសង់ជាង៥១% ហើយគិតមកទល់ពេលនេះ។ នេះបើតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់នៃអគ្គនាយកដ្ឋានរៀបចំដែនដី និងនគរូបនីយកម្ម ក្នុងឱកាសចុះពិនិត្យវឌ្ឍនភាពការងារការដ្ឋានសាងសង់អាកាសយានដ្ឋានថ្មីនេះ។ តាមការអះអាងរបស់មន្ត្រីជាន់ខ្ពស់នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បើគ្មានការប្រែប្រួលទេ អាកាសយានដ្ឋានអន្តរជាតិថ្មីនេះគ្រោងបញ្ចប់ការសាងសង់នៅឆ្នាំ២០២៤ នឹងអាចដាក់ឲ្យដំណើរការដំណាក់កាល់ទី១នៅអំឡុងឆ្នាំ២០២៥ ខាងមុខនេះ។
អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ សម្រេចបានការសាងសង់ជាង៥១%ហើយ

ឯកឧត្ដម បេងហុង សុជាតិ ខេមរ៉ូ អគ្គនាយកនៃអគ្គនាយកដ្ឋានរៀបចំដែនដី និងនគរូបនីយកម្ម បានបញ្ជាក់ឱ្យដឹងថា មកទល់ពេលនេះគម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ ដែលមានតម្លៃប្រមាណ១ពាន់៥រយលានដុល្លារសម្រេចការសាងសង់បានជាង៥១%ហើយ។ ការបញ្ជាក់បែបនេះធ្វើឡើងក្នុងអំឡុងពេលឯកឧត្តមដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពការងារការដ្ឋានសាងសង់អាកាសយានដ្ឋានអន្តរជាតិនេះកាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣។
ជុំវិញការសាងសង់ព្រលានយន្តហោះនេះ ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានគូសបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិនេះ គ្រោងបញ្ចប់ការសាងសង់នៅឆ្នាំ២០២៤ ហើយបើគ្មានការប្រែប្រួលទេនោះ ព្រលាយន្តហោះនេះ អាចនឹងដាក់ឲ្យដំណើរការដំណាក់កាល់ទី១នៅអំឡុងឆ្នាំ២០២៥ ខាងមុខ។ លើការសម្រេចបានលទ្ធផលជាង៥១% ក្រុមហ៊ុនអភិវឌ្ឍន៍បានចំណាយថវិកាអស់ជាង៧រយលានដុល្លារ។ នេះបើតាមការគូសបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់រូបនេះ ដែលបានបន្ថែមថា បន្ទាប់ពីដំណាក់កាលទី១ ត្រូវបានបញ្ចប់ អាកាសយានដ្ឋានេះ នឹងមានសមត្ថភាពអាចទទួលអ្នកដំណើរបានចន្លោះពី១១លាននាក់ ទៅ១៥លាននាក់។

ថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីពេលកន្លងទៅ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានចាត់ទុកអាកាសយានដ្ឋានអន្តរជាតិនេះ គឺជាសមិទ្ធផលដ៏មហិមាមួយសម្រាប់រដ្ឋបាលខេត្តកណ្តាល ហើយវាក៏ជាប្រភពចំណូលដ៏ធំសម្រាប់ខេត្តនេះផងដែរ។ យ៉ាងណាមិញ ក្រៅពីគម្រោងអាកាសយានដ្ឋានអន្តរជាតិថ្មីនេះ ខេត្តកណ្តាលបាននិងកំពុងធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នករកស៊ី និងវិនិយោគិនឲ្យទៅបោះទុនវិនិយោគនៅទីនោះ ជាពិសេសនៅម្តុំក្រុងតាខ្មៅតែម្តង។ ជាក់ស្តែងនៅតាមបណ្ដោយផ្លូវជាតិលេខ២១ មានការអភិវឌ្ឍយ៉ាងខ្លាំងលើគម្រោងលំនៅឋាន និងអគារពាណិជ្ជកម្មនានា ជាពិសេសគម្រោងទីក្រុងរណបសិរីមង្គលរបស់ក្រុមហ៊ុន WorldBridge Home របស់អ្នកឧកញ៉ា សៀ ឫទ្ធី ដែលជាគម្រោងផ្ទះតម្លៃសមរម្យដ៏មានសក្តានុពល។ ដ្បិតគម្រោងនេះស្ថិតនៅចំណុចកណ្ដាលរវាងរាជធានីភ្នំពេញ និងគម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ និងគម្រោងក្រុងសំពៅពូននៅខេត្តកណ្ដាលផងដែរ។
សូមបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ មានតម្លៃវិនិយោគប្រមាណ១ពាន់៥រយលានដុល្លារសាងសង់លើផ្ទៃដីប្រមាណ២ពាន់៦រយហិកតា ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងមួយផ្នែកស្ថិតនៅស្រុកបាទី ខេត្តតាកែវ។ អាកាសយានដ្ឋាននេះជាប្រភេទ 4F ដែលមានសមត្ថភាពអាចឲ្យប្រភេទយន្តហោះធុនយក្សដូចជា Airbus A380-800 និង Boeing 747-800 អាចចុះចតបាន៕




អត្ថបទបន្ទាប់


ក្រុមអ្នកជំនាញរំពឹងអ្វីខ្លះពីបេសកម្មក្រៅប្រទេសលើកដំបូងរបស់នាយករដ្ឋមន្រ្តីកម្ពុជាថ្មី ក្នុងការចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅឥណ្ឌូនេស៊ី?

ព័ត៌មាន
នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាថ្មី បានដឹកគណៈប្រតិភូជាន់ខ្ពស់ធ្វើដំណើរទៅប្រទេសឥណ្ឌូនេស៊ី ដើម្បីចូ…

ឯកឧត្តម ស សុខា ជំរុញឲ្យពិនិត្យតម្លៃធ្វើលិខិតឆ្លងដែនឡើងវិញ ដ្បិតជឿថា ផលិតលិខិតនេះមិនដល់តម្លៃបច្ចុប្បន្ននោះទេ

ព័ត៌មាន
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃជំរុញមន្ត្រី និងភាគីពាក់ព័ន្ធសិក្សាលទ្ធភាពធ្វើលិខិតឆ្លងដែនជូនប្រជាពលរដ្ឋ ដែលមានបំណងចង់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ