ក្រុមអ្នកជំនាញរំពឹងអ្វីខ្លះពីបេសកម្មក្រៅប្រទេស

ក្រុមអ្នកជំនាញរំពឹងអ្វីខ្លះពីបេសកម្មក្រៅប្រទេសលើកដំបូងរបស់នាយករដ្ឋមន្រ្តីកម្ពុជាថ្មី ក្នុងការចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅឥណ្ឌូនេស៊ី?


នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាថ្មី បានដឹកគណៈប្រតិភូជាន់ខ្ពស់ធ្វើដំណើរទៅប្រទេសឥណ្ឌូនេស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំពិសេសពាក់ព័ន្ធ ចាប់ពីថ្ងៃទី៤-៧ខែ កញ្ញា ឆ្នាំ២០២៣។ នេះគឺជាបេសកម្មក្រៅប្រទេសលើកដំបូងបង្អស់របស់សម្ដេច ហ៊ុន ម៉ាណែត បន្ទាប់ពីសម្ដេចបានឡើងកាន់តំណែងជានាយករដ្ឋមន្រ្តីនៃកម្ពុជា។
ក្រុមអ្នកជំនាញរំពឹងអ្វីខ្លះពីបេសកម្មក្រៅប្រទេស

ក៏ប៉ុន្តែ ក្នុងនាមជានាយករដ្ឋមន្រ្តីកម្ពុជាថ្មី សម្ដេច ហ៊ុន ម៉ាណែត ក៏ធ្លាប់បានជួបសំណេះសំណាលជាមួយបងប្អូនកម្មករ-កម្មការិនីកាត់ដេរ ចំនួនពីរលើករួចមកហើយដែរ នាពេលកន្លងមក។ តើក្រុមអ្នកជំនាញរំពឹងបែបណា ជុំវិញបេសកកម្មក្រៅប្រទេសលើកដំបូងរបស់នាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា ក្នុងការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច នយោបាយកាទូត និងវិនិយោគ ពីកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ ដែលប្រទេសឥណ្ឌូនេស៊ី ដែលជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ នាឆ្នាំនេះ?
តបតាមការអញ្ជើញរបស់ប្រធានាធិបតីឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ ដែលឥណ្ឌូនេស៊ីគឺជាប្រធានប្ដូរវេន និងជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំនេះ និងកិច្ចប្រជុំពាក់ព័ន្ធនានា ដែលនឹងប្រពឹត្តទៅចាប់ពីថ្ងៃទី៤-៧ខែ កញ្ញា ឆ្នាំ២០២៣ នៅទីក្រុងហ្សាកាតា។ ដំណើរទៅកាន់ប្រទេសឥណ្ឌូនេស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នាពេលនេះ គឺជាការបង្ហាញមុខលើកដំបូង ក្នុងឆាកអន្តរជាតិរបស់សម្តេច ហ៊ុន ម៉ាណែត ក្នុងឋានៈជានាយករដ្ឋមន្ត្រីកម្ពុជា។ ជុំវិញបេសកម្មដំបូងរបស់នាយករដ្ឋមន្រ្តីកម្ពុជាថ្មីនេះដែរ ត្រូវបានក្រុមអ្នកវិភាគយល់ឃើញថា តាមរយៈការបង្ហាញវត្តមានរបស់នាយករដ្ឋមន្រ្តីកម្ពុជាថ្មី ដែលមានវ័យក្មេងជាងគេក្នុងចំណោមមេដឹកនាំប្រមាណជិត២០ប្រទេស ដែលបានចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នឹងធ្វើឲ្យអន្តរជាតិកាន់តែចាប់អារម្មណ៍មកលើកម្ពុជា។

ឯកឧត្តម ហ្សង់-ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានបង្ហាញការយល់ឃើញនៅទំព័រហ្វេសប៊ុកថា បេសកកម្មក្រៅប្រទេសលើកដំបូងរបស់នាយករដ្ឋមន្រ្តីនៃកម្ពុជាថ្មីនាពេលនេះ គឺជាឱកាសមួយពោរពេញដោយនិមិត្តរូបនយោបាយ។ សម្រាប់អ្នកជំនាញរូបនេះ ដ្បិតនេះជាបេសកកម្មក្រៅប្រទេសលើកដំបូងរបស់នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ក៏ពិតមែន តែឯកឧត្តមនៅតែជឿជាក់ចំពោះសមត្ថភាពនាយករដ្ឋមន្រ្តីវ័យក្មេងកម្ពុជា ក្នុងការចូលរួមដោះស្រាយលើបញ្ហានានានៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននេះ នឹងធ្វើឲ្យពិភពលោក ក៏ដូចជា អាស៊ានសម្លឹងមកមើលប្រទេសកម្ពុជា។ បើតាមឯកឧត្តម ហ្សង់-ហ្រ្វង់ស័រ តាន់ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ឬមេដឹកនាំយ៉ាងតិចចំនួន១៧ប្រទេស ដែលមកពីបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ចិន ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា អាមេរិក រុស្ស៊ី អូស្ត្រាលី និងនូវែលសេឡង់ នឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣នេះ។ ដោយឡែក បញ្ហាតំបន់ និងបញ្ហាអន្តរជាតិ ដែលប្រមុខរាជរដ្ឋាភិបាលវ័យក្មេងរបស់កម្ពុជា ត្រូវចូលរួមដោះស្រាយមានច្រើនណាស់ ជាអាទិ៍ វិបត្តិរ៉ាំរ៉ៃនៅមីយ៉ាន់ម៉ា ការប្រជែងឥទ្ធិពលគ្នារវាងកំពូលមហាអំណាចពិភពលោក និងរវាងមហាអំណាចតំបន់នៅក្នុងលំហនៃដែនអាស៊ី-ប៉ាស៊ីហ្វិក និងជាពិសេសវិបត្តិសេដ្ឋកិច្ចសកល ដែលបាននិងកំពុងបន្តជះផលអវិជ្ជមានមកលើតំបន់។

ចំណែក ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានចាត់ទុកការចេញដំណើររបស់គណៈប្រតិភូជាន់ខ្ពស់កម្ពុជា ដឹកនាំដោយសម្តេច ហ៊ុន ម៉ាណែត ដើម្បីអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន កិច្ចប្រជុំកំពូលអាស៊ានបូក និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី គឺជាការចាប់ផ្តើមបើកទំព័របេសកកម្មក្រៅប្រទេស ក្នុងនាមជានាយករដ្ឋមន្ត្រីកម្ពុជា។ ក្នុងឱកាសនោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលជាមេដឹកនាំក្មេងជាងគេក្នុងចំណោមមេដឹកនាំដែលចូលរួមប្រជុំនៅហ្សាការតា ក៏គ្រោងជួបពិភាក្សាទ្វេភាគី ជាមួយមេដឹកនាំប្រទេសធំៗ ជាច្រើនទៀតមានដូចជាចិន ជប៉ុន កូរ៉េខាងត្បូង រុស្ស៊ី ឥណ្ឌា សហរដ្ឋអាមេរិក អូស្ត្រាលី និងនូវែលហ្សេឡង់ ជាដើម។ បើតាមឯកឧត្តម ប៉ែន បូណា នៅមុនពេលចេញដំណើរទៅចូលរួមកិច្ចប្រជុំនៅឥណ្ឌូនេស៊ី សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានជួបពិភាក្សាការងាររួចហើយជាមួយតំណាងប្រទេសមហាអំណាចធំៗ ដូចជា ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា គណៈប្រតិភូសភា និងតំណារដ្ឋាភិបាលសហរដ្ឋអាមេរិក និងរដ្ឋមន្ត្រីទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តចិនជាដើម។ ឈរលើមូលដ្ឋាននេះ គេអាចសន្និដ្ឋានបានប្របកដោយភាពសត្យានុម័តថា រាជរដ្ឋាភិបាលអាណត្តិទី៧ ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ចេញដំណើរនៅលើមូលដ្ឋានគ្រឹះនៃការគាំទ្រយ៉ាងរឹងមាំពីសំណាក់ផ្ទៃក្នុងជាតិផង ពីសំណាក់ប្រទេសក្នុងតំបន់ផង និងលើឆាកអន្តរជាតិផង។
សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ាននៅឥណ្ឌូនេស៊ីនេះ នឹងធ្វើឡើងក្រោមមូលបទ «សារៈសំខាន់អាស៊ាន៖ ស្នូលនៃកំណើន» ដែលនឹងផ្តោតលើការជំរុញចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ ដែលផ្តល់ជាផែនទីចង្អុលផ្លូវមួយដ៏សំខាន់ សម្រាប់ការពង្រឹងឥទ្ធិពលអាស៊ាន តាមរយៈការបង្កើនប្រសិទ្ធភាពស្ថាប័ន ក្នុងគោលដៅស្វែងរកផលប្រយោជន៍សម្រាប់ប្រជាជនរបស់ខ្លួននៅលើឆាកអន្តរជាតិ។ បន្ថែមពីនេះ ការពិភាក្សានឹងផ្តោតការយកចិត្តទុកដាក់លើការពូនជ្រុំសហគមន៍អាស៊ានប្រកប ដោយបរិយាប័ន្ន ចក្ខុវិស័យវែងឆ្ងាយ និងយកប្រជាជនជាស្នូល ដែលជាកម្លាំងដ៏សំខាន់ ដើម្បីសម្រេចបាននូវអាស៊ានឆ្នាំ២០៤៥។ ដោយឡែក របៀបវារៈសំខាន់ៗ នៅកិច្ចប្រជុំ រួមមាន កិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុច ស្តីពីមីយ៉ាន់ម៉ា និងសេចក្តីសម្រេចផ្សេងៗទៀត របស់ថ្នាក់ដឹកនាំអាស៊ាន។ លើសពីនោះថ្នាក់ដឹកនាំអាស៊ាន ក៏នឹងពិភាក្សាលើទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក និងផ្លាស់ប្តូរទស្សនៈស្តីពីបញ្ហាតំបន់ និងអន្តរជាតិ ដែលជាក្តីបារម្ភរួម ផងដែរ។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ៕




អត្ថបទបន្ទាប់


ស្រូវឡើងថ្លៃកំពុងជំរុញឲ្យកសិករមួយចំនួនបំពានកិច្ចសន្យាទិញ-លក់ជាក្រុមហ៊ុន

ព័ត៌មាន
សកម្មភាពឈ្មួញចុះទិញស្រូវសើមដល់វាលស្រែក្នុងតម្លៃខ្ពស់ បានជំរុញឱ្យកសិករមួយចំនួនកំពុងបំពានកិច្ចព្រមព្រៀងដែលខ្លួនបានធ្វើជាមួយក្រុមហ៊ុន និងរោងម…

ព្រលានយន្តហោះភ្នំពេញថ្មីតម្លៃ១ពាន់៥រយលានដុល្លារ សាងសង់បានជាង៥១%ហើយ

ព័ត៌មាន
អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅតម្លៃប្រមាណ១ពាន់៥រយលានដុល្លារ សម្រេចបានការសាងសង់ជាង៥១% ហើយគិតមកទល់ពេលនេះ។ នេះបើតាមការបញ្ជាក់របស់…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ