សភាតំណាងរាស្ត្រអាម៉េរិក

សភាតំណាងរាស្ត្រអាម៉េរិកឱ្យស៊ើបអង្កេតបទចោទប្រកាន់លោកចូ បៃដិន ទោះមិនមានភស្តុតាងគ្រប់គ្រាន់


សភាតំណាងរាស្រ្តរបស់សហរដ្ឋអាម៉េរិក កាលពីថ្ងៃពុធ ទី១៣ ខែធ្នូ បានបោះឆ្នោតអនុញ្ញាតជាផ្លូវការឱ្យមានការស៊ើបអង្កេតលើបទចោទប្រកាន់ទៅលើលោក ចូ បៃដិន ប្រធានាធិបតីអាម៉េរិក បន្ទាប់ពីសមាជិកសភាមកពីបក្សសាធារណៈរដ្ឋ បានរួបរួមគ្នានៅពីក្រោយកិច្ចខិតខំប្រឹងប្រែងនេះ ទោះបីជាពួកគេមិនទាន់រកឃើញភស្តុតាងជាក់ស្តែងនៃការប្រព្រឹត្តកំហុសដោយគណបក្សប្រជាធិបតេយ្យ និងលោក ចូ បៃដិន ក៏ដោយ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។
សភាតំណាងរាស្ត្រអាម៉េរិក
ដោយ

សភាតំណាងរាស្ត្រដែលគ្រប់គ្រងដោយបក្សសាធារណរដ្ឋដោយសំឡេងភាគច្រើន២២១ទល់នឹង២១២សំឡេងមកពីបក្សប្រជាធិបតេយ្យ បានបោះឆ្នោតបើកភ្លើងខៀវឱ្យមានការស៊ើបអង្កតលើករីណីចោលប្រកាន់លោក ចូ បៃដិន ប្រធានាធិបតីអាម៉េរិក។ លោក ចូ បៃដិន ត្រូវបានចោទប្រកាន់ថា បានទទួលផលប្រយោជន៍មិនត្រឹមត្រូវពីទំនាក់ទំនងអាជីវកម្មបរទេសពីសំណាក់កូនរបស់លោក គឺលោក Hunter Biden បន្ទាប់ពីកូនប្រុសលោក បៃដិន រូបនេះ បានបដិសេធមិនផ្តល់សក្ខីកម្មដល់តុលាការ។

ជុំវិញបញ្ហានេះ សេតវិមានបានច្រានចោលការស៊ើបអង្កេតនេះ ដោយថា មិនបានបញ្ជាក់ដោយអង្គហេតុ និងមានហេតុផលនយោបាយច្រើនជាង ខណៈលោក បៃដិន កំពុងត្រៀមសម្រាប់ការបោះឆ្នោតឡើងវិញនៅឆ្នាំ២០២៤ ដែលមានគូប្រជែងចាស់មកពីគណបក្សសាធារណរដ្ឋគឺលោក ដូណាល់ ត្រាំ។ លោក ត្រាំ គឺជាប្រធានាធិបតីដំបូងគេក្នុងប្រវត្តិសាស្ត្រអាម៉េរិក ដែលត្រូវបានចោទប្រកាន់ពីរដង ហើយបច្ចុប្បន្នកំពុងជាប់ខ្លួនក្នុងរឿងក្តីឧក្រិដ្ឋកម្មចំនួនបួននាពេលខាងមុខ។

យ៉ាងណាក៏ដោយ ការបើកភ្លើងខៀវរបស់សភាអនុម័តឱ្យមានការស៊ើបអង្កេតបទចោទប្រកាន់ទៅលើទំនាក់ទំនងរវាងលោក បៃដិន និងកូនរបស់លោកគឺលោក Hunter Biden នេះ នឹងមិនអាចឈានទៅដល់ការដកលោក ចូ បៃដិន ចេញពីតំណែងប្រធានាធិបតីនោះទេ។

ដោយសារតែត្រូវឱ្យព្រឹទ្ធសភាបោះឆ្នោតសម្រេចលើការចោទប្រកាន់មួយតង់ទៀតជាមួយនឹងសំឡេងយល់ព្រមពីរភាគបី ខណៈស្ថាប័នកំពូលមួយនេះគ្រប់គ្រង់ដោយសំឡេងភាគច្រើនមកពីបក្សប្រជាធិបតេ្យ៥១ទល់នឹង៤៩សំឡេង។ ប៉ុន្តែការសម្រេចរបស់សភាតំណាងនេះ អាចជួយឱ្យគណបក្សសាធារណរដ្ឋអាចលើកពីការចោទប្រកាន់របស់ពួកគេអំពីអំពើពុករលួយរបស់លោក ចូ បៃដិន និងបក្សប្រជាធិបតេយ្យ ដើម្បីបានប្រយោជន៍ពីយុទ្ធនាការរកសំឡេងឆ្នោតសម្រាប់ឆ្នាំក្រោយ។

គួរជម្រាបថា ការបោះឆ្នោតកាលពីថ្ងៃពុធ កើតឡើងបីខែ បន្ទាប់ពីគណបក្សសាធារណរដ្ឋបានចាប់ផ្តើម​ការស៊ើបអង្កេតក្រៅផ្លូវការ ដោយមិនមានបំណងដកតំណែងប្រធានាធិបតី ឬមន្ត្រីផ្សេងទៀតចេញពីតំណែងនោះទេ។ ក៏ប៉ុន្តែវាអាចនឹងជួយឱ្យបក្សសាធារណរដ្ឋនូវសិទ្ធិអំណាចផ្លូវច្បាប់បន្ថែមទៀត ដើម្បីបង្ខំឱ្យរដ្ឋបាលរបស់លោក ចូ បៃដិន សហការ និងអាចជួយប្រឆាំងនឹងការចោទប្រកាន់ពីគណបក្សប្រជាធិបតេយ្យ ដែលថាខ្វះភាពស្របច្បាប់។

សមាជិកសភាបក្សសាធារណរដ្ឋបានចោទប្រកាន់ថា លោក បៃដិន និងគ្រួសាររបស់លោកទទួលបានផលចំណេញពីសកម្មភាពរបស់លោកអំឡុងបម្រើការជាអនុប្រធានាធិបតីក្រោមរដ្ឋបាលោក អូបាម៉ា ពីឆ្នាំ២០០៩ដល់ឆ្នាំ២០១៧ និងលើការបណ្តាក់ទុនជំនួញរបស់កូនប្រុសរបស់លោកនៅអ៊ុយក្រែន និងប្រទេសចិន ក្នុងអំឡុងពេលនោះដែរ។

យ៉ាងណាមិញ លោក ចូ បៃដិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សមាជិកសភាមកពីបក្សសាធារណរដ្ឋមិនធ្វើសកម្មភាពលើសំណើរបស់លោកនោះទេ ចំពោះបញ្ហាអាទិភាពក្នុងស្រុក និងការផ្តល់​មូលនិធិជំនួយបន្ទាន់សម្រាប់អ៊ុយក្រែន និងអ៊ីស្រាអែល តែលោកថា បែរជាមកវាយប្រហារលោកជាមួយនឹងការកុហកទៅវិញ។

ស្របពេលជាមួយគ្នានេះ កូនប្រុសលោក បៃដិន លោក Hunter Biden បានជំទាស់នឹងដីកាកោះហៅរបស់គណៈកម្មាធិការម្តងទៀត ដើម្បីផ្តល់សក្ខីកម្មបិទទ្វារ ដោយលោកនិយាយថា លោកនឹងផ្តល់សក្ខីកម្មតែនៅទីសាធារណៈប៉ុណ្ណោះ ព្រោះលោកខ្លាចថា ពាក្យរបស់លោកនឹងត្រូវបានបកស្រាយខុស៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារកណ្តាលអាម៉េរិកត្រូវបានព្យាករថា នឹងបញ្ចុះអត្រាការប្រាក់ ០,៧៥%មកវិញ នៅឆ្នាំ២០២៤

ព័ត៌មាន
កិច្ចប្រជុំទីបីនៃក្រុមប្រឹក្សាធនាគារកណ្តាលអាម៉េរិក នៅថ្ងៃទី១៣ ខែធ្នូ បានសម្រេចជាឯកច្ឆ័ន្ទនៅក្នុងការរក្សាអត្រាការប្រាក់ដដែលដោយមិនផ្លាស់ប្តូនៅច…

ក្រុមហ៊ុនប្រេងដ៏ធំរបស់ថៃ PTT ចាប់ផ្តើមងាកមកផលិតអាគុយរថយន្តអគ្គិសនី

ព័ត៌មាន
ក្រុមហ៊ុនប្រេង និងឧស្ម័នថៃ PTT ដែលគេដឹងថា ជាក្រុមហ៊ុនប្រេងសាធារណៈរបស់រដ្ឋាភិបាលថៃ បានចាប់ផ្តើមផលិតអាគុយលីចូម-អ៊ីយ៉ុង ដើម្បីបង្កើតខ្សែច្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ