មហាសេដ្ឋីផ្នែកហិរញ្ញវត្ថុជើងចាស់អាមេរិកថា

មហាសេដ្ឋីផ្នែកហិរញ្ញវត្ថុជើងចាស់អាមេរិកថា សង្គ្រាមនៅអ៊ុយក្រែនអាចជាការចាប់ផ្ដើមសង្គ្រាមលោកលើកទី៣ហើយ


មហាសេដ្ឋីផ្នែកហិរញ្ញវត្ថុជើងចាស់ដើមកំណើតហុងគ្រី សញ្ជាតិអាមេរិកាំង លោក ចច សូរ៉ូស (George Soros)បាននិយាយចំៗនៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកកាលពីថ្ងៃទី ២២ ឧសភាថា ការលុកលុយរបស់ប្រទេសរុស្ស៊ីទៅលើប្រទេសអ៊ុយក្រែនអាចជាការចាប់ផ្តើមនៃសង្គ្រាមលោកលើកទី៣រួចទៅហើយ ដូច្នេះហើយមធ្យោបាយដ៏ល្អបំផុត ដើម្បីរក្សាអរិយធម៌សេរីនោះ គឺបស្ចិមលោកត្រូវតែកម្ចាត់កងកម្លាំងរបស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
មហាសេដ្ឋីផ្នែកហិរញ្ញវត្ថុជើងចាស់អាមេរិកថា សង្គ្រាមនៅអ៊ុយក្រែនអាចជាការចាប់ផ្ដើមសង្គ្រាមលោកលើកទី៣ហើយ

លោក សូរ៉ូស អាយុ ៩១ ឆ្នាំ​ ជាមហាសេដ្ឋីប្រាក់ពាន់លានដុល្លារ​របស់អាមេរិក ដែលជំនាញផ្នែក​សេវា​ហិរញ្ញ​វត្ថុដ៏​ល្បី​ល្បាញឈ្មោះមួយរូប ​បានចាត់​ទុក​ស​ង្រ្គាមនៅ​អ៊ុយក្រែន​ថា​ជា​ផ្នែកមួយ​នៃការ​តស៊ូទូលំទូលាយរវាងសង្គមបើកចំហ​ និងសង្គមបិទ​បាំង ​ដូចជា​ប្រទេសចិន​និង​រុស្ស៊ីដែលកំពុងតែមានឥទ្ធពល​​កើនឡើង​ជា​ដើម​​។

មហាសេដ្ឋី​ដែលមានដើមកំណើតហុងគ្រី និងមានសញ្ជាតិអាមេរិកាំងរូបនេះ ត្រូវបានគេស្គាល់ថា គឺជា​អ្នករិះគន់​ខ្លាំងៗមែនទែន ទៅលើ​អតីត​ប្រធានាធិបតីអាមេរិក​លោកដូណាល់ត្រាំ និង លោកប្រធានាធិបតីចិន ហ្ស៊ីជីនពីង។

លោក Soros បានប្រាប់វេទិកា​សេដ្ឋ​កិច្ច​ពិភព​លោក​នៅទី​ក្រុង​ដាវ៉ូស ប្រទេសស្វីស​ថា​ ​"ការលុកលុយ​របស់រុស្ស៊ីលើអ៊ុយក្រែននេះ​ អាចជា​ការចាប់ផ្តើម​នៃសង្គ្រាមលោកលើកទី​៣រួច​ទៅ​ហើយ​ ហើយ​អរិយធម៌របស់បស្ចិម​លោក​​ប្រហែលជាមិនអាចរស់រានបានទៀត​ឡើយ​"។ នេះបើយោងតាមអត្ថបទនៃសុន្ទរកថារបស់​លោក សូរ៉ូស ​ដែលការិយាល័យរបស់​លោក​ទើប​​បាន​ចេញផ្សាយថ្មីៗ​នេះ​​​។

មហ​សេដ្ឋី​ហិរញ្ញ​វត្ថុ​រូប​នេះ​​បាន​បន្ថែម​ថា មធ្យោបាយដ៏ល្អបំផុត ​និង​ប្រហែលជាមាន​តែមួយគត់ដើម្បី​រក្សាអរិយធម៌របស់បស្ចិម​លោក​គឺ​មាន​តែ​កម្ចាត់លោក ពូទីន ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន​តែ​ប៉ុណ្ណោះ ​​ព្រោះ​នោះ​គឺ​ជា​បន្ទាត់​បិទ​គូថ សម្រាប់​កាបញ្ចប់សង្គ្រាម​​។

លោក Soros បាននិយាយទៀត​ថា លោក Putin បាន​និយាយថា សង្គ្រាម​នៅ​អ៊ុយ​ក្រែន​គឺ​ជា​ប្រតិបត្តិការពិសេស​ដែល​កំពុង​ដំណើរ​ការ​តាម​ផែន​ការ ​និង​សម្រេចបានតាម​គោលបំណងទាំងអស់​របស់វិមានក្រឹមឡាំង ប៉ុន្តែ​ពេល​នេះ​លោក ពូទីន ​ជឿថា ​ការលុកលុយនេះ ​គឺជាកំហុសមួយ​ ហើយឥឡូវ​នេះ​​កំពុង​ត្រៀម​​ចរចា​​សម្រាប់​​​​បទឈប់​បាញ់​គ្នា​​ហើយ​​​។

លោក សូរ៉ូស បាន​បន្ថែម​ទៀត​​ថា​ ប៉ុន្ដែ ​​បទ​ឈប់​បាញ់នោះ ​​គឺ​មិន​អាច​​សម្រេច​​បាន​ទេ​​​ព្រោះ​លោក ពូទីន ជា​មនុស្ស​​​មិន​អាច​ទុក​ចិត្ត​បាន​​ទៀត​ឡើយ ហើយ​នៅពេល​​លោក​ ពូទីន កាន់​តែ​ទន់ខ្សោយ គឺ​វាកាន់តែពីបាកប៉ាន់ស្មានពីការសម្រេចចិត្តរបស់គាត់។

លោក Soros បានសង្កត់​ធ្ងន់​ថា សហភាពអឺរ៉ុប​ត្រូវតែយល់ឱ្យ​ច្បាស់​ថា លោក ពូទីន អាច​បិទឧស្ម័នធម្មជាតិ​របស់រុស្ស៊ី​ ដែលបច្ចុប្បន្ន​​បាន​ផ្គត់​ផ្គង់​​សម្រាប់​តម្រូវ​ការ​របស់​​សហ​ភាព​អឺរ៉ុប​​​ប្រហែល ៤០% ហើយវាពិតជារឿងដ៏ឈឺចាប់មួយសម្រាប់ប្លុកនេះ។ ​

ការឈ្លានពានរបស់រុស្ស៊ីនៅថ្ងៃទី២៤ ខែកុម្ភៈទៅ​លើអ៊ុយក្រែន​បាន​​សម្លាប់​មនុស្សរាប់ពាន់នាក់​និង​ធ្វើ​ឱ្យមាន​​ជនភៀស​សឹក​​​រាប់លាននាក់​​ ព្រ​ម​ទាំង​បង្កើនការភ័យខ្លាចចំពោះ​ការ​ប្រឈម​មុខ​ដាក់​គ្នា​ដ៏ធ្ងន់​ធ្ងរ​បំផុត​រវាង​រុស្ស៊ី និងសហរដ្ឋអាមេរិក​​​ចាប់តាំងពីវិបត្តិមីស៊ីល​គុយបា​ឆ្នាំ​១៩៦២​មក​​។

លោក ពូទីន បាន​និយាយថា សហរដ្ឋអាមេរិកកំពុងប្រើប្រាស់អ៊ុយក្រែនដើម្បីគំរាមកំហែង​រុស្ស៊ីតាម​រយៈការពង្រីកអង្គការណាតូ ​ដូច្នេះ​ហើយទីក្រុងម៉ូស្គូត្រូវតែការពារប្រឆាំងនឹងការធ្វើទុក្ខ​បុកម្នេញ​​ចំពោះ​ពល​រដ្ឋ​ដែលនិយាយភាសារុស្ស៊ី​​។ ប្រទេស​អ៊ុយក្រែន និងសម្ព័ន្ធមិត្ត​​​បស្ចិម​លោក​​​បាន​ច្រាន​ចោល​ការចោទប្រកាន់ទាំងនេះ ដោយ​វាយ​បក​វិញ​ថា នេះ​គ្រាន់​តែ​​ជា​លេស​គ្មាន​មូលដ្ឋាន​របស់​រុស្ស៊ី​​​ក្នុង​ចេតនា​​ឈ្លាន​ពាន​ប្រទេសដែល​មាន​​​អធិបតេយ្យមួយ​តែ​ប៉ុណ្ណោះ​​។

នៅ​ក្នុង​បរិបទខាង​លើ​​នេះ​លោក សូរ៉ូស ​បាន​បញ្ជាក់​ថា ​លោក​មិន​អាច​ទាយ​ទុក​ជា​មុនបាន​ទេ​​ពី​លទ្ធ​ផលនៃ​សង្គ្រាម​​នេះ ​ប៉ុន្តែ​ច្បាស់​ណាស់​ថា អ៊ុយ​ក្រែន​ពិត​ជា​មាន​ឱកាស​​តទល់​នឹង​រុស្ស៊ី​៕

អត្ថបទ៖ សុខ ជា​

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឥណ្ឌូនេស៊ី និងអាមេរិកពិចារណាធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំរួមគ្នា នៅតំបន់ក្ដៅគគុកមួយនៃសមុទ្រចិនខាងត្បូង

ព័ត៌មាន
ប្រទេសឥណ្ឌូណេស៊ីកំពុងពិចារណាធ្វើសមយុទ្ធយោធារួមគ្នាជាមួយសហរដ្ឋអាមេរិកនៅលើតំបន់ប្រជុំកោះ Natuna ស្ថិតនៅក្បែរខ្សែបន្ទាត់ដែនទឹក ដែលប្រទេសចិន…

ជប៉ុន និងកូរ៉េខាងត្បូងប្រតិកម្មខ្លាំងៗក្រោយយន្តហោះចម្បាំងចិន និងរុស្ស៊ីហោះរួមគ្នាក្បែរដែនដីរបស់ខ្លួន

ព័ត៌មាន
យោធាកូរ៉េខាងត្បូង និងជប៉ុនបានសម្តែងការមិនពេញចិត្តព្រមៗគ្នាទៅកាន់ប្រទេសចិន និងរុស្ស៊ី ក្រោយពីយន្តហោះចម្បាំង និងយន្តហោះទម្លាក់គ្រាប់បែកជាច្រ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ