សេដ្ឋកិច្ចវៀតណាម

វៀតណាម ដាក់គោលដៅបង្កើនការនាំចេញឱ្យបាន៦%នៅឆ្នាំ២០២៤ និងរក្សាអតិរេកពាណិជ្ជកម្មឱ្យស្ថិតក្នុងទំហំ១៥ពាន់លានដុល្លារ


ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មនៃប្រទេសវៀតណាម ដែលមានប្រជាជនប្រមាណ៩៩លាននាក់បានដាក់គោលដៅបង្កើនទំហំការនាំចេញសរុបនៅឆ្នាំ២០២៤ ឱ្យបានប្រហែល៦%បើធៀបនឹងឆ្នាំ២០២៣ និងរក្សាអតិរេកពាណិជ្ជកម្មឱ្យស្ថិតក្នុងទំហំប្រហែល១៥ពាន់លានដុល្លារ សម្រាប់ឆ្នាំទី៩ ជាប់ៗគ្នា។ នៅឆ្នាំ២០២៣ នេះ វៀតណាម អាចនាំចេញសរុបដល់ទៅ៣៥៥ពាន់លានដុល្លារ ដោយធ្លាក់ចុះ៤,៥%។
សេដ្ឋកិច្ចវៀតណាម
ដោយ

សារព័ត៌មាន Vietnam News បានរាយការណ៍ថា សម្រាប់ឆ្នាំ២០២៣នេះ ការនាំចេញសរុបរបស់វៀតណាម ទៅកាន់ទីផ្សារនៅក្រៅប្រទេសត្រូវបានព្យាករថា នឹងមានទំហំដល់ទៅ៣៥៥ពាន់លានដុល្លារ ដោយធ្លាក់ចុះ៤,៥% ប៉ុន្តែនៅឆ្នាំក្រោយរដ្ឋាភិបាលវៀតណាម ដាក់គោលដៅបង្កើនការនាំចេញឱ្យបាន៦% និងរក្សាអតិរេកពាណិជ្ជកម្មឱ្យស្ថិតក្នុងទំហំប្រមាណ១៥ពាន់លានដុល្លារ ។

លោក ជុង វ៉ាន់ កាំ (Truong Văn Cẩm ) អនុប្រធាន និងអគ្គលេខាធិការនៃសមាគមវាយនភណ្ឌ និងកាត់ដេរវៀតណាម (VITAS) បាននិយាយថា នៅឆ្នាំ២០២៣ ឧស្សាហកម្មនេះអាចនាំចេញបានប្រមាណ៤០ពាន់លានដុល្លារ តែនៅឆ្នាំ២០២៤ គឺជំរុញឱ្យឈានដល់៤៤ពាន់លានដុល្លារ ដែលកើនឡើងជាង៩%។

សម្រាប់ឧស្សាហកម្មគ្រឿងសមុទ្រ វៀតណាម បានកំណត់គោលដៅនាំចេញក្នុងរង្វង់៩,៥ពាន់លានដុល្លារ ទោះបីជាមានការព្យាករថា ឧស្សាហកម្មនេះនឹងបន្តប្រឈមការលំបាកជាច្រើននៅឆ្នាំ២០២៤ ជាពិសេសការនាំចេញទៅកាន់ទីផ្សារអឺរ៉ុប យ៉ាងណាក្ដី។

ដើម្បីជំរុញសេដ្ឋកិច្ចឱ្យដល់គោលដៅកំណត់ លោក ង្វៀន កាំ ត្រាង ( Nguyen Cẩm Trang) អនុប្រធាននាយកដ្ឋាននាំចេញ-នាំចូលនៃក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មបានសង្កត់ធ្ងន់ថា ដើម្បីសម្រេចបាននូវគោលដៅកំណើននាំចេញឱ្យបាន៦%នៅឆ្នាំក្រោយ ក្រសួងនឹងជំរុញការចរចា និងចុះកិច្ចព្រមព្រៀងថ្មីៗ ពោលគឺកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយដៃគូសក្តានុពលផ្សេងៗទៀតដើម្បីធ្វើពិពិធកម្មទីផ្សារ ផលិតផល និងខ្សែសង្វាក់ផ្គត់ផ្គង់។

នៅពេលនេះគេដឹងថា វៀតណាម អាចនាំចេញផលិតផលជាច្រើនប្រភេទទៅកាន់ទីផ្សារអន្តរជាតិ ។ ក្រៅពីឧស្សាហកម្មកាត់ដេរដែលជាឧស្សាហកម្មធុនស្រាល វៀតណាម នៅអាចមានលទ្ធភាពនាំចេញរថយន្ត គ្រឿងអេឡិចត្រូនិច ខណៈដែលកសិកម្មក៏មានសក្តានុពលសម្បើមដែរ ពោលគឺអាចនាំចេញតាំងពីអង្ករ កៅស៊ូ ផលិតផលជលផល បន្លែ ផ្លែឈើ ហើយក៏មានទាំងការនាំចេញនូវបច្ចេកវិទ្យាផងដែរ ។

ដៃគូពាណិជ្ជកម្មដ៏សំខាន់របស់វៀតណាមគឺ ចិន អាម៉េរិក និងសហភាពអឺរ៉ុប ហើយនៅពេលនេះវៀតណាម ក៏កំពុងតែបង្កើតនូវមូលដ្ឋានសម្រាប់ពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគជាមួយនឹងប្រទេសផ្សេងៗទៀតជាច្រើនផងដែរ៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


លុយដុល្លារអាម៉េរិកធ្លាក់ថ្លៃខ្លាំង ខណៈផ្សារហ៊ុនពិភពលោកហក់ឡើងខ្ពស់

ព័ត៌មាន
កាលពីថ្ងៃពុធ ដើមសប្ដាហ៍នេះ ផ្សារហ៊ុនពិភពលោកបានហក់ឡើងខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេលជាងមួយឆ្នាំមកនេះ ខណៈប្រាក់ដុល្លារអាម៉េរិក បានធ្លា…

រុស្ស៊ីអះអាងថា ប្រេងខ្លួនភាគច្រើនត្រូវបានបង្វែរទិសនាំចេញទៅប្រទេសមួយចំនួននៅអាស៊ី

ព័ត៌មាន
ប្រទេសរុស្ស៊ីបានអះអាងថា ការនាំចេញប្រេងរបស់ខ្លួនភាគច្រើនត្រូវបានប្ដូរទិសដៅទៅកាន់បណ្ដាប្រទេសនៅតំបន់អាស៊ីមួយចំនួន នៅចំពេលប្រទេសបស្ចិមលោកមួ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ