អចលនទ្រព្យមួយចំនួននៅតែលក់មិនចេញទោះជាលក់បញ្ចុះតម្លៃច្រើនក៏ដោយ

អចលនទ្រព្យកូនបំណុលជាច្រើនត្រូវបានធនាគារវៀតណាមដាក់លក់លៃឡុង


ធនាគារនៅប្រទេសវៀតណាម នាពេលនេះ កំពុងតែព្យាយាមដាក់លក់លៃឡុងផ្ទះ រមណីយដ្ឋាន និងរោងចក្រមួយចំនួន ដែលម្ចាស់អចលនទ្រព្យទាំងនោះបានជំពាក់បំណុលធនាគារនិងអស់លទ្ធភាពសងបំណុល ប៉ុន្តែមកដល់ពេលនេះ ធនាគារនៅតែមិនអាចស្វែងរកអ្នកទិញ អចលនទ្រព្យទាំងអស់នេះបាននៅឡើយ បើទោះបីជាធនាគារបានប្រកាសលក់បញ្ចុះតម្លៃអស់ ១ពាន់លានដុង ឬប្រហែលជាង៤ម៉ឺនដុល្លារណាក៏ដោយ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានក្នុងស្រុកវៀតណាម VN Express។
អចលនទ្រព្យមួយចំនួននៅតែលក់មិនចេញទោះជាលក់បញ្ចុះតម្លៃច្រើនក៏ដោយ
ដោយ

ចាប់តាំងពីចុងឆ្នាំ២០២២មកដល់ពេលនេះ ធនាគារនៅវៀតណាម បាន​ប្រកាសលក់ដាក់លក់ឡៃឡុងអចលនទ្រព្យមួយចំនួនដូចជា ដីឡូតិ៍ ផ្ទះ និងវីឡានៅក្នុងទីតាំងសំខាន់ៗ អចលនទ្រព្យទេសចរណ៍ធំៗ រមណីយដ្ឋាន និងរោងចក្រមួយចំនួន ដើម្បីយកប្រាក់ ទៅទូទាត់សងបំណុល។

ធនាគារ Agribank កំពុងស្វែងរកអ្នកទិញផ្ទះចំនួន ២ខ្នង នៅក្នុងទីក្រុងហាណូយ ប្រទេសវៀតណាមដោយដំបូងឡើយបានប្រកាសលក់ក្នុងតម្លៃ២លាន៥សែនដុល្លារ និងមួយខ្នងទៀតតម្លៃជាង ១លានដុល្លារ ខណៈដែលផ្ទះទាំង២នេះ គឺបានប្រកាសដាក់លក់ដេញថ្លៃមកអស់ប្រហែល១០ដងមកហើយ។

ចំណែកធនាគារ BIDV ក៏បានព្យាយាមជាលើកទីប្រាំមួយក្នុងការប្រកាសលក់រោងចក្រស៊ីម៉ងត៍មួយនៅខេត្តប៊ិញហ្វួក (Binh Phuoc) នៅភាគខាងត្បូង ប្រទេសវៀតណាម ខណៈដីទំហំជាង១ពាន់ម៉ែត្រការ៉េនៅក្នុងទីក្រុងហូជីមិញ ធនាគារនេះក៏បានប្រកាសលក់ជាង ១០ដងមកហើយដែរ ប៉ុន្ដែ នៅតែគ្មានអ្នកទិញ​។

ដោយឡែក កាលពីខែតុលា ធនាគារ VietinBank បានប្រកាសលក់តម្លៃថ្មីសម្រាប់ដីចំនួន២០ឡូតិ៍នៅក្នុងខេត្តដុងណៃ (Dong Nai) នៅភាគខាងត្បូងនៃប្រទេសវៀតណាម ជាមួយនឹងតម្លៃចាប់ផ្តើមជិត ១១លានដុល្លារ ពោលគឺតម្លៃនេះទាបជាង ២លានដុល្លារបើធៀបនឹងតម្លៃដែលបានប្រកាសលក់កាលពី៣ខែមុន។ ចំណែក ធនាគារមួយផ្សេងទៀត បានទម្លាក់តម្លៃដេញថ្លៃយ៉ាងខ្លាំងបំផុតពីជាង ៤លានដុល្លារមកនៅត្រឹមតែជាង៤ម៉ឺនដុល្លារតែប៉ុណ្ណោះ សម្រាប់អចលនទ្រព្យមួយចំនួននៅទីក្រុងញ៉ាត្រាងស្ថិតនៅភាគកណ្ដាលនៃប្រទេសវៀតណាម។

អចលនទ្រព្យជាច្រើននៅក្នុងគម្រោងទេសចរណ៍តម្លៃ១ពាន់លានដុល្លារ ទាក់ទងនឹងក្រុមហ៊ុនអភិវឌ្ឍន៍ តាន ហួង មិញ (Tan Hoang Minh) បានឃើញពីតម្លៃអចលនវត្ថុធ្លាក់ចុះរាប់លានដុល្លារ ក្រោយពីមានការប្រកាសលក់លៃឡុងអចលនវត្ថុមួយចំនួននៅក្នុងតំបន់នោះ ដោយធនាគារ។

យោងតាមសមាគមអ្នកអចលនទ្រព្យវៀតណាមបានឱ្យដឹងថា នៅមុនពេលដាក់លក់អចលនទ្រព្យរបស់កូនបំណុលដែលលែងមានលទ្ធភាពសងបំណុលរបស់ខ្លួននោះ ធនាគារតែងផ្តល់ឱកាសឱ្យកូនបំណុលទាំងអស់នូវរយៈពេល៣ទៅ៦ខែ ដើម្បីលក់អចលនទ្រព្យរបស់ពួកគេដោយខ្លួនឯង។

ប៉ុន្តែ ការធ្លាក់ចុះនៃទីផ្សារអចលនទ្រព្យនាពេលបច្ចុប្បន្ននេះ ធ្វើឱ្យអ្វីៗទាំងអស់នេះ មិនអាចទៅរួចនោះទេ ដោយសារតែមនុស្សជាច្រើនចង់លក់វាក្នុងតម្លៃខ្ពស់ ខណៈដែលអ្នកទិញកំពុងរង់ចាំទិញក្នុងតម្លៃទាប។

នៅក្នុងរបាយការណ៍ដែលផ្ញើទៅកាន់រដ្ឋសភាវៀតណាមកាលពីដើមខែនេះ ធនាគាររដ្ឋវៀតណាម SBV បានបញ្ជាក់ថា អនុបាតបំណុលអាក្រក់ ឬបំណុលខូចដោយសារតែអ្នកខ្ចីសងយឺតយ៉ាវ ឬអស់លទ្ធភាពសងនៅក្នុងវិស័យអចលនទ្រព្យ គឺបានកើនដល់ ២,៥៨% គិតត្រឹមចុងខែកក្កដាកន្លងទៅ ហើយវាត្រូវបានគេរំពឹងថា នឹងបន្ដកើនឡើងថែមទៀត ដោយសារតែទីផ្សារអចលនទ្រព្យនៅមិនទាន់វិលមករកភាពល្អប្រសើរនៅឡើយ៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


រាជរដ្ឋាភិបាល មិនអាចកំណត់ថ្លៃទំនិញលើសេដ្ឋកិច្ចទីផ្សារសេរី ប៉ុន្តែនឹងធ្វើឱ្យទីធ្លាប្រកួតប្រជែង បានស្មើភាពគ្នា

ព័ត៌មាន
អ្នកជំនួញនៅក្នុងវិស័យឯកជន ស្នើដល់រាជរដ្ឋាភិបាលកម្ពុជា ឱ្យពិនិត្យមើលលើការកំណត់អប្បបរិមាលើតម្លៃទំនិញ ព្រោះការលក់ចេញមានតម្លៃទាបពេកជាហេតុធ្វ…

ឧបនាយករដ្ឋមន្ត្រី១រូបនឹងក្លាយជាអ្នកដឹកនាំគណបក្សជំនួសលោក លី សៀនឡុង

ព័ត៌មាន
លោកនាយករដ្ឋមន្រ្តីសិង្ហបុរី លី សៀនឡុង បានប្រកាសថា លោកនឹងលះបង់តំណែងដឹកនាំគណបក្សកាន់អំណាចជូនទៅឧបនាយករដ្ឋមន្រ្តីរបស់លោក គឺលោក ឡរ៉ែន វង្ស …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ