Advertisement
ប្រាក់ឈ្នួល​អប្បបរមា-វៀតណាម

វៀតណាម ដំឡើងប្រាក់ឈ្នួលអប្បបរមាដល់ ១៧៩ ដុល្លារ នៅឆ្នាំ២០១៩


ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ តទៅ រដ្ឋាភិបាលវៀតណាម នឹងដំឡើងប្រាក់ឈ្នួលអប្បរមាប្រចាំខែសម្រាប់កម្មករនយោជិត ជាមធ្យមប្រមាណជាង ៥% ពោលគឺចន្លោះពី ៦ដុល្លារ ៨៦សេន ទៅ ៨ដុល្លារ ៥៨សេន ដោយការដំឡើងប្រាក់ឈ្នួលនេះ គឺនឹងធ្វើឡើងទៅតាមតំបន់៤ ផ្សេងៗគ្នា ខណៈដែលតំបន់ដែលត្រូវដំឡើងប្រាក់ឈ្នួលអប្បបរមាខ្ពស់បំផុតមាន ១៧៩ ដុល្លារអាមេរិក ក្នុងមួយខែ។
វៀតណាម រំពឹងការនាំចេញសម្លៀកបំពាក់កើនឡើងដល់ ៣៥ ពាន់លានដុល្លារ នៅឆ្នាំនេះ (https://e.vnexpress.net)
ដោយ
Advertisement

ប្រភពព័ត៌មាន​​ក្នុងស្រុក​​វៀតណាម បានឲ្យដឹង​ថា ចាប់ពីថ្ងៃទី​១ ខែមករា​​ឆ្នាំក្រោយ​នេះតទៅ រដ្ឋាភិបាល​វៀតណាម នឹងបែងចែក​​ជា​៤​ តំបន់​​ដើម្បីធ្វើការ​​ដំឡើង​​ប្រាក់​ឈ្នួល​​អប្បបរមា​​ប្រចាំខែ ដោយ​តំបន់​ទី១ ក្រោយពី​ដំឡើង​​រួច​ ប្រាក់​ឈ្នួល​​អប្បបរមា​នឹងកើន​ឡើង​ដល់ ជាង ១៧៩ ដុល្លារអាមេរិក។ តំបន់ទី២ កើន​ដល់ ១៥៩ ដុល្លារ​អាមេរិក តំបន់​ទី៣ កើនដល់​ជាង ១៣៩ ដុល្លារ​អាមេរិក និងតំបន់​ទី​៤ កើនដល់​ជាង ១២៥​​ ដុល្លារអាមេរិក។

តំបន់ទាំង​៤​នេះ ​គឺ​ត្រូវបាន​​ដំឡើង​​ប្រាក់ឈ្នួល​​ទៅតាម​​ការចំណាយ​សម្រាប់​ការរស់​ជាក់ស្ដែង​​របស់​​កម្មករ​និយោជិត ក្នុង​តំបន់​នីមួយៗ។ តួយ៉ាង តំបន់​ទី១ ដែលមាន​ប្រាក់ឈ្នួល​​អប្បរបរមា​​ខ្ពស់​ជាងគេ រហូតដល់​​ជាង១៧៩ ដុល្លារ​អាមេរិក​នោះ គឺ​រួម​បញ្ជល​​ទីក្រុង​​ហាណូយ និងហូជីមិញ ដែលជា​ទីក្រុង​​​​មាន​ការចំណាយ​​សម្រាប់​ការរស់​នៅ​ខ្ពស់ ខណៈដែល​តំបន់ ​៣ផ្សេង​ទៀត គឺនៅតាម​ទីក្រុង ឬទីជនបទ​​ដែល​មិនសូវ​មានការ​ចំណាយ​​ខ្ពស់​​សម្រាប់​​ការរស់​នៅនោះ​ឡើយ។ 

ទោះយ៉ាងណា​ ក្រុមអ្នក​ធុរកិច្ច​វៀតណាម​មួយ​ចំនួន បាន​លើក​ឡើងថា ការដំឡើង​​ប្រាក់ឈ្នួល​​អប្បបរមា​នេះ នឹង​អាច​​ប៉ះពាល់​ដល់​ចំណូល​​របស់​​អាជីវកម្ម​​ជាច្រើន ពិសេស គឺ​អាជីវកម្ម​ខ្នាតតូច និងមធ្យម​​តែម្ដង។

តាមការស្រាវជ្រាវ​​មួយរបស់​វែបសាយ Jobstreet.com កាលពី​ឆ្នាំមុន បានឲ្យ​ដឹងថា ប្រាក់​បៀវត្សរ៍​ក្នុងប្រទេស​វៀតណាម គឺកំពុង​​មានការ​កើន​ឡើង​​យ៉ាង​ឆាប់រហ័ស បើធៀប​នឹង​ប្រទេស​​មួយ​ចំនួន​​ក្នុង​​តំបន់អាស៊ី​អាគ្នេយ៍។ អត្រា​កំណើន​ការចំណាយ​លើ​ប្រាក់​បៀវត្សរ៍​​ប្រចាំ​ឆ្នាំរបស់​​វៀតណាម គិតជា​មធ្យម មានប្រមាណ ២០ ទៅ២៤% ធៀប​នឹងប្រទេស​​ថៃ ភីលីពីន ឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា និងសាំងហ្គាពួរ មាន​​អត្រា​កំណើន​​តែ​ប្រមាណ ១៤ ទៅ​២០%ប៉ុណ្ណោះ។ 

ដោយឡែក នៅកម្ពុជា​វិញ អគ្គ​លេខាធិការ​សមាគម​រោង​ចក្រ​កាត់ដេរ​កម្ពុជា (GMAC) លោក ខេន លូ ធ្លាប់​បាន​លើកឡើងថា គិតត្រឹម​ ៥ឆ្នាំ​ចុងក្រោយនេះ​ ប្រាក់ខែ​កម្មករនយោជិត ត្រូវបាន​កើនឡើង​រហូតដល់ ១៧០% ដែលស្មើ​នឹងកំណើន​ក្នុងមួយឆ្នាំជាមធ្យម​ជាង ៣០%។ លោក ខេន លូ​ បានគូស​បញ្ជាក់ថា ការ​ឡើង​ប្រាក់ខែ​លឿន​យ៉ាងដូច្នេះ​ក៏ជាក្ដី​បារម្ភ​មួយ​សម្រាប់​ថៅកែ​រោងចក្រ​ផងដែរ ហើយ​លោកថា ប្រសិន​អត្រា​កំណើន​ប្រាក់បៀវត្សរ៍កម្មករ​មានត្រឹមជាង ១០% ក្នុងមួយឆ្នាំ នោះគឺជារឿង​ដ៏ល្អបំផុត។

ដ្បិតតែ ប្រាក់​ឈ្នួល​​អប្បបរមា​ ក្នុងប្រទេស​វៀត​ណាម ត្រូវបាន​​ដំឡើង​​ជាបន្ត​បន្ទាប់ក្ដី ប៉ុន្ដែ បើតាម​​ចំនួន​ប្រាក់​​ឈ្នួល​​អប្បបរមា គឺនៅតែ​មានទាប​​នៅឡើយ បើធៀប​នឹង​តម្លៃ អតិផរណា​។ 

បើតាម សម្ព័ន្ធ​សហជីព​ការងារ​វៀតណាម (VGCL) ដែលតំណាង​ឲ្យ​ពលករ បានទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​យ៉ាងហោច​ណាស់ ៨% ឬស្មើ​នឹងចន្លោះ​ពីជាង ៩ដុល្លារ ទៅជាង ១៤ ដុល្លារអាមេរិក ក្នុងមួយ​ខែ អាស្រ័យ​ទៅតាម​​តំបន់​​ដែល​រដ្ឋាភិបាល​​បាន​កំណត់។​​

សម្ព័ន្ធ​សហជីព​ការងារ​វៀតណាម បានលើកឡើង​ទៀតថា ទោះបីជា​មាន​ការ​​ដំឡើង​​ប្រាក់​ឈ្នួល​​អប្បបរមា​នៅ​ដើម​ឆ្នាំ ២០១៩នេះក៏ដោយ ប៉ុន្ដែ វាអាច​​នឹង​បំពេញ​​តម្រូវ​ការ​សម្រាប់​​ការចំណាយ​​លើការ​រស់​នៅ​របស់​​កម្មករ​​នយោជិត​​ប្រមាណ ​៩៥% ប៉ុណ្ណោះ។ 

សូមជម្រាបថា កាលពី​ពាក់​កណ្ដាល​ឆ្នាំ ២០១៨ កន្លង​ទៅនេះ សម្ព័ន្ធ​​សហជីព​ការងារ​​វៀតណាម ធ្លាប់បាន​​ចេញ​ផ្សាយ​​របាយការណ៍​​ស្ទាប​ស្ទង់​មតិមួយ អំពីកត្តា​​ប្រាក់ឈ្នួល​​អប្បបរមា និងការ​ចំណាយ​​សម្រាប់​ការរស់​នៅ ដែលបាន​​សម្ភាស​កម្មករ​​នយោជិត​ជាង ៣ពាន់នាក់ ក្នុង​អាជីវកម្ម ​១៥០ ផ្សេងៗ​គ្នា បានឲ្យ​ដឹងថា ជាង ២៦% នៃពួកគេ​​បាន​​និយាយថា ពួកគេ​​មិនសូវ​ទទួល​​​អត្ថប្រយោជន៍​ច្រើន​ពីប្រាក់​ឈ្នួល​​អប្បបរមា​នេះទេ ខណៈដែល ជាង១២% ផ្សេងទៀត និយាយថា ចំណូល​របស់ពួកគេ​​មិន​គ្រប់គ្រាន់​​សម្រាប់​​ការ​​ផ្គត់ផ្គង់​​គ្រួសារ​​ពួកគេ​ឡើយ ដូច្នេះ​ពួកគេ​​ត្រូវធ្វើការ​ថែម​ម៉ោង ឬរកការងារ​​ផ្សេង​ទៀត​ធ្វើបន្ថែម ដើម្បី​​រក​ចំណូល។

ការស្រាវជ្រាវ​បាន​រកឃើញទៀត​ថា ពលករ​ត្រូវធ្វើការថែមម៉ោង​​លើស​​ពី ២៨ ម៉ោងក្នុង​មួយខែ ជាមធ្យម ដើម្បីអាច​បំពេញ​តាម​តម្រូវ​ការ​​សម្រាប់​​ការ​​រស់នៅ និងផ្គត់ផ្គង់​​គ្រួសារ​​របស់​ពួកគេ៕

Advertisement
© 2019 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


របាយការណ៍៖ ឆ្នាំ ២០៣០ កំណើនផ្គត់ផ្គង់អាផាតមិន នឹងកើនដល់ជិត ៣ម៉ឺន យូនីត

ព័ត៌មាន
គិតត្រឹម៣ឆ្នាំចុងក្រោយនេះ កំណើនផ្គត់ផ្គង់អាផាតមិន ត្រូវបានគេមើលឃើញថា គឺជាសេវាមួយ នៅតែមានស្ទុះកើនឡើងគួរឲ្យកត់សម្គាល់។ តួយ៉ាង តាមរបាយ...

ក្រុមហ៊ុន CPL ចាប់ដៃគ្នា ជាមួយក្រុមហ៊ុនធំ២ អភិវឌ្ឍវិស័យអចលនវត្ថុកម្ពុជា ឆ្ពោះទៅរកទីក្រុងវ័យឆ្លាត

ព័ត៌មាន
ក្រុមហ៊ុន អចលនទ្រព្យ CPL ដែលមាន​បទពិសោធន៍​ជាង២ ទសវត្សរ៍​នៅកម្ពុជា​នោះ នាពេល​ថ្មីៗនេះ បាន​សម្រេច​ចុះអនុស្សរណៈ​យោគយល់​គ្នា លើកិច្ចព្រមព្...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ