សេដ្ឋកិច្ចវៀតណាម

ធនាគារពិភពលោកព្យាករថា សេដ្ឋកិច្ចវៀតណាមឆ្នាំនេះឡើងតែនៅមិនទាន់វិលត្រឡប់ទៅរកកម្រិតមុនកូវីដ-១៩នៅឡើយ


ធនាគារពិភពលោកបានព្យាករនៅក្នុងរបាយការណ៍របស់ខ្លួនថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសវៀតណាមនឹងកើនឡើងនៅឆ្នាំ២០២៤ នេះ ដែលជំរុញដោយការស្ទុះងើបឡើងវិញនៃការនាំចេញ ទេសចរណ៍ ព្រមទាំងការងើបឡើងវិញនៃការចំណាយរបស់ពលរដ្ឋនិងការវិនិយោគលើអាជីវកម្ម។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ កំណើនសេដ្ឋកិច្ចដែលវៀតណាមនឹងសម្រេចបាននៅឆ្នាំនេះ មិនទាន់ឈានដល់កម្រិតដូចមុនពេលមានការឆ្លងរីករាលដាលនៃកូវីដ-១៩ នោះទេ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam News។
សេដ្ឋកិច្ចវៀតណាម
ដោយ

ធនាគារពិភពលោកបានព្យាករថា វៀតណាមនឹងសម្រេចបានកំណើនសេដ្ឋកិច្ចក្នុងរង្វង់៦,១% នៅឆ្នាំ២០២៤ និងកើនដល់៦,៥% នៅឆ្នាំ២០២៥ ប៉ុន្តែកំណើននេះនៅមិនទាន់ដល់កម្រិតដែលសម្រេចបាននៅក្នុងឆ្នាំ២០១៩ នៅឡើយទេ ដោយកាលណោះវៀតណាមសម្រេចបានកំណើនសេដ្ឋកិច្ចក្នុងរង្វង់៧%។

លោក សេបាទ្យាន អេខាត (Sebastian Eckardt ) ប្រធានផ្នែកប្រតិបត្តិរបស់ធនាគារពិភពលោកប្រចាំនៅតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក កត់សម្គាល់ឃើញថា នៅឆមាសទី១ឆ្នាំនេះ សេដ្ឋកិច្ចវៀតណាមទទួលបានអត្ថប្រយោជន៍ពីការស្ទុះងើបឡើងវិញនៃតម្រូវការនាំចេញ ប៉ុន្តែដើម្បីរក្សាសន្ទុះកំណើនអាជ្ញាធរគួរតែធ្វើឱ្យស៊ីជម្រៅនូវកំណែទម្រង់រចនាសម្ព័ន្ធ បង្កើនការវិនិយោគសាធារណៈ និងបង្កើនការគ្រប់គ្រងដោយប្រុងប្រយ័ត្ននូវហានិភ័យហិរញ្ញវត្ថុដែលកំពុងកើតឡើងផងដែរ។

ដោយឡែកលោកស្រី ដ័រសាទី ម៉ាដានី (Dorsati Madani ) សេដ្ឋវិទូជាន់ខ្ពស់នៃធនាគារពិភពលោកប្រចាំនៅវៀតណាម បានលើកឡើងថា ទស្សនវិស័យសេដ្ឋកិច្ចរបស់ប្រទេសនេះមានភាពវិជ្ជមានជាមួយហានិភ័យមួយចំនួន។ ក្នុងនោះសេដ្ឋកិច្ចវៀតណាមអាចប្រឈមនឹងហានិភ័យដែលបណ្តាលមកពីកំណើនសេដ្ឋកិច្ចពិភពលោកយឺតជាងការរំពឹងទុក ជាពិសេសក្នុងចំណោមដៃគូពាណិជ្ជកម្មធំៗដូចជាសហរដ្ឋអាម៉េរិក សហភាពអឺរ៉ុប និងប្រទេសចិន។ ហើយសម្រាប់បញ្ហាក្នុងស្រុកវិញ វៀតណាមនៅតែប្រឈមនឹងការចុះខ្សោយនៃស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ដែលនឹងបំផ្លាញទំនុកចិត្តរបស់អ្នកប្រើប្រាស់ និងប៉ះពាល់ដល់ការប្រើប្រាស់ និងការវិនិយោគនានានៅក្នុងស្រុក។

លោកស្រីបានបន្តថា ការងើបឡើងវិញនៃវិស័យអចលនទ្រព្យយឺតជាងការរំពឹងទុក នឹងជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ការវិនិយោគរបស់វិស័យឯកជន។ លើសពីនេះ ប្រសិនបើគុណភាពទ្រព្យសកម្មរបស់វិស័យហិរញ្ញវត្ថុចុះខ្សោយ នោះសមត្ថភាពផ្តល់ប្រាក់កម្ចីរបស់ធនាគារអាចប្រឈមនឹងការធ្លាក់ចុះបន្តទៀត៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កាដាណាយកពន្ធ១០០% លើរថយន្តអគ្គិសនីចិន ដោយដើរតាមគន្លងរបស់បងធំអាម៉េរិក និងសហភាពអឺរ៉ុប

ព័ត៌មាន
រដ្ឋាភិបាលកាណាដា ដែលមានប្រជាជនជាង៤១លាននាក់ បានប្រកាសកាលពីថ្ងៃទី២៦ ខែសីហា ថា ខ្លួននឹងកំណត់យកពន្ធ១០០% លើការនាំចូលរថយន្តអគ្គិសនីពីប្រទេស…

ការសិក្សាមួយព្យាករថា ពលរដ្ឋថៃភាគច្រើននឹងញៀនល្បែងកាស៊ីណូកាន់តែខ្លាំង

ព័ត៌មាន
ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសថៃ បានឱ្យដឹងថា គម្រោងអគារកម្សាន្តដែលនឹងស្នើឡើងដោយរដ្ឋាភិបាលថៃ រួមទាំងកាស៊ីណូដែរនោះ ត្រូវបានគេរំពឹងថា នឹងទាក់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ