ក្រុមហ៊ុន Walmart គ្រោងធ្វើឱ្យផ្សារទំនើបបំពាក់សេវាស្វ័យប្រវត្តិកម្ម

ក្រុមហ៊ុន Walmart គ្រោងធ្វើឱ្យផ្សារទំនើបរបស់ខ្លួន ៦៥% បំពាក់សេវាស្វ័យប្រវត្តិកម្មនៅត្រឹមឆ្នាំ ២០២៦


ក្រុមហ៊ុន វ៉លម៉ាត (Walmart) គ្រោងធ្វើឱ្យផ្សារទំនើបភាគច្រើនរបស់ខ្លួនបំពាក់សេវាស្វ័យប្រវត្តិកម្មនៅត្រឹមឆ្នាំ ២០២៦ ទោះបីជាត្រូវបញ្ឈប់បុគ្គលិកជាច្រើននាក់ពីការងារក៏ដោយ។ ការផ្លាស់ប្ដូរនេះធ្វើឱ្យក្រុមហ៊ុនលក់រាយធំបំផុតក្នុងពិភពលោក បើនិយាយពីបរិមាណលក់ចេញ អាចកាត់បន្ថយតម្លៃចំណាយជាមធ្យមប្រហែល ២០% ក្នុងមួយឯកតា។ នេះបើតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters។
ក្រុមហ៊ុន Walmart គ្រោងធ្វើឱ្យផ្សារទំនើបរបស់ខ្លួន ៦៥% បំពាក់សេវាស្វ័យប្រវត្តិកម្មនៅត្រឹមឆ្នាំ ២០២៦

ក្រុមហ៊ុន វ៉លម៉ាត (Walmart Inc) ដែលគេដឹងថាជាក្រុមហ៊ុនចែកចាយនិងលក់ទំនិញរាយចម្រុះជាតិសាសន៍របស់អាមេរិកដ៏ធំមួយ បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួននឹងបំពាក់សេវាស្វ័យប្រវត្តិកម្មឲ្យបាន ៦៥% នៃហាងទំនិញទាំងអស់របស់ខ្លួនត្រឹមឆ្នាំ ២០២៦។

លោក ឌូក ម៉ាកមីឡុន ( Doug McMillon) នាយកប្រតិបត្តិក្រុមហ៊ុន វ៉លម៉ាត បាននិយាយថា លោកមានក្តីរំភើបបំផុតចំពោះទំនើបកម្មបែបនេះ បន្ទាប់ពីក្រុមហ៊ុនបានបង្កើនការវិនិយោគលើបច្ចេកវិទ្យាស្វ័យប្រវត្តិកម្ម។

លោកបានឱ្យដឹងថា គម្រោងបង្កើនការបំពាក់ប្រព័ន្ធស្វ័យប្រវត្តិកម្មនៅតាមផ្សារទំនើបភាគច្រើនរបស់ក្រុមហ៊ុន ជាផ្នែកមួយនៃការវិនិយោគទុនដែលមានទំហំទឹកប្រាក់ដល់ទៅជាង ១៥ ពាន់លានដុល្លារនៅក្នុងឆ្នាំនេះ។

ជុំវិញគម្រោងខាងលើ លោក បេន ប៊ីយាងវឺនុយ (Ben Bienvenu ) អ្នកវិភាគប្រចាំនៅក្រុមហ៊ុន ស្តេហ្វិនស៍ (Stephens Inc) បានសរសេរក្នុងកំណត់ត្រាមួយថា ការបង្កើនប្រសិទ្ធភាពរបស់ក្រុមហ៊ុនបែបនេះ មិនត្រឹមតែជួយសម្រួលដល់ការគ្រប់គ្រងមុខទំនិញនិងបរិមាណទំនិញឱ្យកាន់តែប្រសើរប៉ុណ្ណោះទេ ប៉ុន្តែវាក៏នឹងគាំទ្រដល់ពាណិជ្ជកម្មតាមអ៊ីធើណិតដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សរបស់ វ៉លម៉ាត ផងដែរ ។

គម្រោងបំពាក់សេវាស្វ័យប្រវត្តិកម្មនេះត្រូវបានប្រកាសចេញ ត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីក្រុមហ៊ុនបានបង្ហាញផែនការកាត់បន្ថយបុគ្គលិកប្រមាណជាជាង ២ ពាន់នាក់ ដែលភាគច្រើនជាអ្នកដែលកំពុងតែបម្រើការនៅផ្នែកបញ្ជាទិញតាមអ៊ីនធឺណិត។

ការប្រកាសគម្រោងពង្រីកសេវាកម្មដោយស្វ័យប្រវត្តិរបស់ក្រុមហ៊ុន វ៉លម៉ាត ធ្វើឡើងចំពេលមានកិច្ចប្រជុំវិនិយោគិនប្រចាំឆ្នាំរបស់ក្រុមហ៊ុននៅឯទីក្រុង តាំប៉ា ( Tampa) រដ្ឋ ហ្លរីដា។ គម្រោងនេះកើតមានឡើងនៅពេលដែលក្រុមហ៊ុនប្រើប្រាស់ហាងទំនិញធំៗរបស់ខ្លួនកាន់តែច្រើនឡើង ដើម្បីចាត់ចែងការបញ្ជាទិញនិងការចែកចាយទំនិញតាមអ៊ិនធើណិត។ គម្រោងដដែលក៏ត្រូវបានអភិវឌ្ឍឡើងស្របពេលដែលក្រុមហ៊ុនបោះទុនវិនិយោគកាន់តែធំឡើងទៅលើប្រព័ន្ធស្វ័យប្រវត្តិកម្ម ដើម្បីបង្កើនល្បឿនដំណើរការបញ្ជាទិញនៅតាមហាងនានារបស់ខ្លួន ដែលអនុវត្តការទិញលក់តាមអ៊ិនធើណិត ឬ e-commerce។

សព្វថ្ងៃនេះ វ៉លម៉ាត មានបុគ្គលិកជនជាតិអាមេរិកសរុបប្រមាណជា ១,៧ លាននាក់ នៅតាមហាងទំនិញសរុបជាង ៥ ពាន់កន្លែង ទូទាំងសហរដ្ឋអាមេរិក។ បុគ្គលិក ៦ ម៉ឺននាក់ផ្សេងទៀតកំពុងបម្រើការឱ្យក្រុមហ៊ុននេះនៅបរទេស។ គេនៅមិនទាន់ច្បាស់ទេថា តើការសម្រេចបំពាក់ប្រព័ន្ធស្វ័យប្រវត្តិកម្ម ដែលក្រុមហ៊ុនបានដាក់ចេញនៅពេលនេះ វានឹងអាចជម្រុះបុគ្គលិកចេញក្នុងពេលឆាប់ៗឬយ៉ាងណា ដោយសារតែក្រុមហ៊ុនមិនទាន់បានឆ្លើយតបនឹងសំណួរ។

វ៉លម៉ាត ដែលជាក្រុមហ៊ុនលក់រាយធំបំផុតក្នុងពិភពលោក បើនិយាយពីបរិមាណលក់ចេញ បាននិយាយថា ប្រហែល ៥៥% នៃការវេចខ្ចប់ ដែលខ្លួនធ្វើតាមរយៈភាគីទីបី នឹងត្រូវផ្ទេរឱ្យទៅធ្វើនៅតាមហាងបំពាក់ប្រព័ន្ធស្វ័យប្រវត្តិកម្មវិញនៅត្រឹមខែមករាឆ្នាំ ២០២៦។ ការផ្លាស់ប្ដូរនេះធ្វើឱ្យក្រុមហ៊ុនអាចកាត់បន្ថយតម្លៃចំណាយជាមធ្យមប្រហែល ២០% ក្នុងមួយឯកតា៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ក្រុងសៀងហៃរបស់ចិនបណ្តាក់ទុនតម្លៃ ១៥,៧ ពាន់លានដុល្លារ លើគម្រោងវប្បធម៌ និងទេសចរណ៍

ព័ត៌មាន
អាជ្ញាធរក្រុងសៀងហៃបានប្រកាសបណ្តាក់ទុនលើ ២៨ គម្រោង តម្លៃជិត ១៦ ពាន់លានដុល្លារ ទាក់ទងនឹងវប្បធម៌និងទេសចរណ៍។ ទីក្រុងដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ចច…

ហេតុផលចម្បងៗអ្វីខ្លះ ជំរុញឲ្យពលករឡាវស្វែងរកការងារធ្វើនៅក្រៅប្រទេសកាន់តែច្រើន?

ព័ត៌មាន
ក្រសួងការងារ និងសង្គមមកិច្ចរបស់ឡាវបានអះអាងថា បញ្ហាអតិផរណាខ្ពស់ និងការកើនឡើងការាណាយសម្រាប់ការរស់នៅ គឺជាហេតុផល ដែលជំរុញឲ្យពលរដ្ឋជ្រើសរើ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ