វិស័យសេដ្ឋកិច្ច

តើមានកត្តាអ្វីជំរុញឱ្យធនាគារពិភពលោកបន្ទាបការព្យាករកំណើនសេដ្ឋកិច្ចថៃ មកនៅត្រឹម២,៨% នៅឆ្នាំនេះ?


ធនាគារពិភពលោកបានបន្ទាបការព្យាករកំណើនសេដ្ឋកិច្ចរបស់ប្រទេសថៃមកនៅត្រឹម២,៨%នៅឆ្នាំនេះ ខណៈកាលពីដំបូងស្ថាប័នហិរញ្ញវត្ថុដ៏ធំមួយនេះព្យាករថា សេដ្ឋកិច្ចថៃនឹងអាចសម្រេចបានកំណើនក្នុងរង្វង់៣,២%។ តើមានកត្តាអ្វីខ្លះជំរុញឱ្យធនាគារពិភពលោកបន្ទាបការព្យាករកំណើនសេដ្ឋកិច្ចថៃនៅឆ្នាំនេះ?
វិស័យសេដ្ឋកិច្ច
ដោយ

ធនាគារពិភពលោកកាលពីខែធ្នូ ឆ្នាំ២០២៣ បានព្យាករពីកំណើនសេដ្ឋកិច្ចរបស់ថៃ សម្រាប់ឆ្នាំ២០២៤ ថា នឹងមានក្នុងអត្រា៣,២% និងមានក្នុងរង្វង់៣,១% សម្រាប់ឆ្នាំ២០២៥។ ប៉ុន្តែនៅថ្ងៃចន្ទ ដើមសប្តាហ៍នេះ ធនាគារនេះបានកែប្រែការព្យាកររបស់ខ្លួនដោយកាត់បន្ថយមកនៅត្រឹម២,៨% សម្រាប់ឆ្នាំនេះ មុនឡើងដល់៣% សម្រាប់ឆ្នាំ២០២៥។ ជាមួយគ្នានេះធនាគារកណ្តាលរបស់ប្រទេសថៃ កាលពីខែកុម្ភៈ ក៏បានទម្លាក់ទស្សនវិស័យកំណើនសេដ្ឋកិច្ចរបស់ខ្លួនសម្រាប់ឆ្នាំ២០២៤ ពីអត្រា៣,២% មកនៅត្រឹមចន្លោះពី២,៥% ទៅ៣%ផងដែរ។

លោក កៀទីផង អារីយ៉ាព្រូចយ៉ា (Kiatipong Ariyapruchya) សេដ្ឋវិទូជាន់ខ្ពស់របស់ធនាគារពិភពលោកបានប្រាប់អ្នកសារព័ត៌មាននៅសន្និសីទពីចម្ងាយខ្លីមួយថា មូលហេតុនៃការកាត់បន្ថយទស្សនវិស័យកំណើនសេដ្ឋកិច្ចថៃនេះ គឺដោយសារតែការកើនឡើងយឺតនៃពាណិជ្ជកម្មសកល គួបផ្សំរដ្ឋាភិបាលថៃបានពន្យារពេលក្នុងការផ្តល់ប្រាក់ឧបត្ថម្ភដល់ពលរដ្ឋខ្លួន ដែលធ្វើឱ្យចរន្តនៃការចំណាយក្នុងសេដ្ឋកិច្ចមានសម្ទុះខ្សោយ។

ធនាគារពិភពលោកបាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ការនាំចេញ និងការរំពឹងទុកពីការ វិនិយោគសាធារណៈមិនច្បាស់លាស់ ក៏ត្រូវបានចាត់ទុកជាហេតុផលមួយនៃការបន្ទាបទស្សនវិស័យសេដ្ឋកិច្ចនៅឆ្នាំនេះផងដែរ។ យ៉ាងណាមិញ ក្រុមប្រឹក្សារបស់អ្នកដឹកជញ្ជូនរំពឹងថា ការនាំចេញទំនិញរបស់ថៃនឹងកើនឡើងពី១% ទៅ ២% នៅឆ្នាំនេះ។

ធនាគារពិភពលោកបាននិយាយថា វិស័យទេសចរណ៍ និងការប្រើប្រាស់ឯកជននឹងក្លាយជាកត្តាជំរុញកំណើនដ៏សំខាន់ ដោយគេបានព្យាករថា ការមកដល់របស់ភ្ញៀវទេសចរនៅឆ្នាំនេះនឹងឈានដល់៩០% នៃកម្រិតដូចមុនពេលមានការផ្ទុះឡើងនៃជំងឺកូវីដ-១៩ ខណៈដែលរដ្ឋាភិបាលថៃកំពុងកំណត់គោលដៅទទួលបានភ្ញៀវបរទេសចំនួន៤០លាននាក់ក្នុងឆ្នាំនេះ បន្ទាប់ពីទទួលបានភ្ញៀវទេសចរចំនួន២៨លាននាក់ក្នុងឆ្នាំ២០២៣៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ជប៉ុនត្រៀមកញ្ចប់ថវិកា៣៣ពាន់លានដុល្លារ ដើម្បីគាំទ្រគម្រោងផលិតយន្តហោះដោយខ្លួនឯង

ព័ត៌មាន
ក្រោយមហាយក្សចិន សម្រេចសមិទ្ធផលប្រកបដោយមហិច្ឆិតាលើការផលិតយន្តហោះស៊ីវិលកាលពីពេលថ្មីៗ ជប៉ុនបានបង្ហាញមហិច្ឆតាដ៏មហិមារបស់ខ្លួនលើការផលិតយន្តហោ…

ជប៉ុន និងសហភាពអឺរ៉ុបនឹងអភិវឌ្ឍសម្ភារទំនើបៗសម្រាប់ផលិតផលបន្ទះឈីប និងយានយន្តអគ្គិសនី

ព័ត៌មាន
ប្រទេសជប៉ុន និងសហភាពអឺរ៉ុបគ្រោងនឹងសហការគ្នាជាផ្លូវការលើការអភិវឌ្ឍសម្ភារទំនើបៗនៅក្នុងវិស័យមួយចំនួនដូចជាវិស័យបន្ទះសៀគ្វី និងថ្មអាគុយសម្រា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ