គម្រោងឃ្លាំងស្តុកទំនិញត្រជាក់

តើគម្រោងឃ្លាំងស្តុកទំនិញត្រជាក់របស់កំពង់ផែស្វយ័តភ្នំពេញ នឹងជួយជំរុញកំណើនវិស័យឡូជីស្ទិកកម្ពុជាយ៉ាងណាខ្លះ?


កំពង់ផែស្វយ័តភ្នំពេញនៅព្រឹកថ្ងៃទី២២ ខែមីនា បានប្រារព្ធពិធីបញ្ចុះបឋមសិលាសាងសង់ឃ្លាំងស្តុកទំនិញត្រជាក់នៅចំណតផែកុងតឺន័រ LM17 ក្នុងខេត្តកណ្តាល ដើម្បីរួមចំណែកជួយលើកកម្ពស់សវិស័យភស្តុភារកម្ម និងកំណើនសេដ្ឋកិច្ចជាតិ។ ថ្នាក់ដឹកនាំកំពង់ផែស្វយ័តភ្នំពេញជឿជាក់ថា ក្រោយឃ្លាំងស្តុកទំនិញត្រជាក់នេះសាងសង់រួចរាល់ វានឹងជួយជំរុញកំណើនទូកុងតឺន័រឆ្លងកាត់កំពង់ផែនេះបន្ថែមទៀត ជាពិសេសជួយសម្រួលដល់វិនិយោគិន និងក្រុមហ៊ុនរកស៊ីនាំចេញចូលទំនិញត្រជាក់។
ឃ្លាំងត្រជាក់ស្តុកទំនិញ របស់ក្រុមហ៊ុន Kerry World Bridge

ថ្នាក់ដឹកនាំ​រូប​នេះ​អះអាង​ថា ទោះបី​កម្ពុជា​ស្ថិត​ក្នុង​វិបត្តិ​កូ​វី​ដ​-១៩ តែ​ចំនួន​ទូ​កុងតឺន័រ​ឆ្លងកាត់​កំពង់​ផែ​ស្វយ័ត​ភ្នំពេញ​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​កន្លង​មកនេះ​នៅ​តែ​រក្សា​បាន​នូវ​កំណើន និង​រំពឹង​កើន​ជាង​១០% បន្ថែម​នៅ​ឆ្នាំ​នេះ​។

នាពិធីបញ្ចុះបឋមសិលាសាងសង់ឃ្លាំងស្តុកទំនិញត្រជាក់នៅចំណតផែទូកុងតឺន័រ LM17 ឯកឧត្តម ហ៊ី បាវី អគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ បានបង្ហាញក្តីរំពឹងខ្ពស់ចំពោះគម្រោងនេះ ក្នុងការធ្វើឲ្យប្រសើរឡើងនូវវិស័យភស្តុភារកម្ម និងការរួមចំណែកជួយស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។ លើសពីនេះ គម្រោងឃ្លាំងស្តុកទំនិញត្រជាក់នេះ ក៏នឹងរួមចំណែកជួយបង្កើតការងារ និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ ដែលរស់នៅក្បែរតំបន់នោះផងដែរ។

ថ្នាក់ដឹកនាំកំពង់ផែស្វយ័តភ្នំពេញរូបនេះជឿជាក់ថា ក្រោយគម្រោងនេះត្រូវបានសាងសង់រួចរាល់វានឹងធ្វើឲ្យចរន្តដឹកទំនិញចេញចូលកំពង់ផែស្វយ័តភ្នំពេញកាន់តែមានភាពមាញឹក និងល្អប្រសើរជាងមុន។ ជាពិសេសវានឹងជួយជំរុញឲ្យការដឹកជញ្ជូនទំនិញចេញចូលនៅកំពង់ផែនេះ មានកំណើនកាន់តែប្រសើរបន្ថែមទៀត។

ក្រៅតែពី កំពង់ផែស្វយ័តភ្នំពេញ ដែលមានវិនិយោគឃ្លាំងស្ដុកទំនិញត្រជាក់ ក្រុមហ៊ុន Kerry Worldbrige របស់អ្នកឧកញ៉ា សៀ ឫទ្ធី ក៏មានវិនិយោគឃ្លាំងស្ដុកទំនិញត្រជាក់ផងដែរ។ ឃ្លាំងត្រជាក់របស់ក្រុមហ៊ុន Kerry WorldBridge ដែលបានសងសង់រួចរាល់សម្រាប់ស្ដុកទំនិញនោះ គឺជាឃ្លាំងត្រជាក់ស្ដង់ដារខ្ពស់ដំបូងគេមួយនៅកម្ពុជា ដែលវានឹងជួយជំរុញដល់វិស័យឡូជីស្ទិក និងដឹកជញ្ជូនរបស់កម្ពុជាកាន់តែប្រសើរឡើងថែមទៀត។

ជាមួយគ្នានេះ ឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជាយល់ឃើញថា កម្ពុជាពិតជាត្រូវការចាំបាច់នូវឃ្លាំងស្តុកទំនិញត្រជាក់ សម្រាប់ស្តុកទំនិញដែលនាំចូល និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ដ្បិតវាអាចជួយរក្សាគុណភាពទំនិញបានល្អ។ ទន្ទឹមនឹងនេះអ្នកជំនាញរូបនេះ ចង់ឲ្យមានការសាងសង់ឃ្លាំងស្តុកទំនិញឲ្យបានច្រើនបន្ថែមទៀត ដ្បិតបច្ចុប្បន្ន កម្ពុជា មានឃ្លាំងសម្រាប់ស្តុកទំនិញត្រជាក់តិចតួចនៅឡើយទេ។

បើតាមឯកឧត្តម ហ៊ី បាវី ទោះបីពិភពលោករួមទាំងកម្ពុជាបាន និងកំពុងញាំញីដោយសារវិបត្តិកូវីដ-១៩ តែការដឹកជញ្ជូនទំនិញចេញចូលកំពង់ផែស្វយ័តភ្នំពេញនៅតែអាចរក្សាបានកំណើនចន្លោះពី១៥% ទៅ១៨% ក្នុង១ឆ្នាំ។ ជាក់ស្តែងកាលពីឆ្នាំ២០២១ កន្លងទៅ កំពង់ផែននេះទទួលបានទូកុងតឺន័រសរុប៣៨៤ពាន់ទូកុងតឺន័រកើនឡើងប្រមាណ២០% បើធៀបនឹងឆ្នាំ២០២០ ដែលមានប្រមាណ ២៩០ពាន់ទូកុងតឺន័រ។ ដោយឡែក នៅឆ្នាំ២០២២ថ្នាក់ដឹកនាំកំពង់ផែនេះបានព្យាករណ៍ថា កំពង់ផែស្វយ័តភ្នំពេញនឹងទទួល៣៩៤ពាន់ទូរកុងតឺន័រ ដែលមានកំណើនប្រមាណ១៣% បើធៀបនឹងឆ្នាំ២០២១។

គួរបញ្ជាក់ថា ពិធីបញ្ចុះបឋមសិលាសាងសង់ឃ្លាំងស្តុកទំនិញត្រជាក់ ដែលស្ថិតនៅចំណតផែទូកុងតឺន័រ LM17 ក្នុងឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី២២ មីនា ធ្វើឡើងក្រោមអធិបតីភាពរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងឯកអគ្គរដ្ឋទូត រាជទូតរបស់ប្រទេសមួយចំនួនប្រចាំនៅកម្ពុជា រួមទាំងមន្ត្រីថ្នាក់ដឹកនាំជាច្រើនទៀត៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ស្រីលង្កាកំពុងពិភាក្សាខ្ចីប្រាក់បន្ថែមពីចិន ២,៥ពាន់លានដុល្លារទៀត ខណៈសេដ្ឋកិច្ចកំពុងជួបវិបត្តិធ្ងន់ធ្ងរ

ព័ត៌មាន
ប្រទេសស្រីលង្កាកំពុងបន្ដខ្ចីបំណុលពីប្រទេសចិនកាន់តែច្រើនឡើង នៅគ្រាដែលសេដ្ឋកិច្ចប្រទេសនេះ កំពុងប្រឈមនឹងស្ថានភាពកាន់តែយ៉ាប់យ៉ឺន។ តួយ៉ាង បន្ទា…

រលកឆ្លងកូវីដ១៩នៅអឺរ៉ុបចាប់ផ្ដើមកើនខ្លាំងឡើងវិញ ក្រោយវិធានការទប់ស្កាត់ភាគច្រើនត្រូវបានលុបចោល

ព័ត៌មាន
បន្ទាប់ពីស្ងប់ស្ងាត់អស់រយៈពេលជាងមួយខែ អ្នកជំនាញបានឱ្យដឹងកាលពីថ្ងៃច័ន្ទដើមសប្ដាហ៍នេះថា ជំងឺកូវីដ១៩ កំពុងកើនឡើងជាថ្មីម្តងទៀតនៅតំបន់អឺរ៉ុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ