មជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ចជប៉ុន (JCER) និងសារព័ត៌មាន Nikkei បានបើកការធ្វើស្ទង់មតិមួយចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ដល់ ១៥ ខែធ្នូ ដោយទទួលបាននូវចម្លើយចំនួន ៣៤ ពីសេដ្ឋវិទូ និងអ្នកវិភាគ នៅក្នុងប្រទេសសេដ្ឋកិច្ចធំៗនៅអាស៊ានដូចជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី និងថៃ ព្រមទាំងប្រទេសឥណ្ឌាផងដែរ។
តាមទិន្នន័យដែលទទួលបាន គឺ៥ប្រទេសក្នុងចំណោម ៦ប្រទេសនេះ ត្រូវបានព្យាករថា នឹងមានកំណើនផលិតផលក្នុងស្រុកសរុប (GDP) ក្នុងឆ្នាំ២០២៣ យឺតជាងឆ្នាំ២០២២ ខណៈដែលគោលនយោបាយរូបិយវត្ថុតឹងរ៉ឹង នឹងជះឥទ្ធិពលមកលើសេដ្ឋកិច្ច។
សម្រាប់អត្រាកំណើន GDP របស់ម៉ាឡេស៊ី នឹងកើនឡើងដល់ ៤,២% សម្រាប់ឆ្នាំ២០២៣។ ដោយឡែក ការព្យាករអត្រាកំណើនសេដ្ឋកិច្ចរបស់ប្រទេសនេះ សម្រាប់ឆ្នាំ២០២២ គឺមានការកែប្រែដំឡើងមកដល់ ៨,៥% ខណៈកាលពីមុនធ្លាប់ព្យាករថានឹងមានត្រឹម៦,៩% ប៉ុណ្ណោះ។ ការដំឡើងការព្យាករសេដ្ឋកិច្ចម៉ាឡេស៊ីនៅឆ្នាំ២០២២ ដោយសារតែកំណើនការប្រើប្រាស់ និងសកម្មភាពអាជីវកម្ម ក្រោយពីជំងឺកូវីដ១៩។
ដោយឡែកការព្យាករកំណើនសេដ្ឋកិច្ចឆ្នាំក្រោយ សម្រាប់ហ្វីលីពីន និងសិង្ហបុរី គឺក្នុងរង្វង់ ៥,៣% និង ២,១% រៀងគ្នា ពោលគឺសុទ្ធតែទាបជាងឆ្នាំ២០២២។ សេដ្ឋវិទូ បានបង្ហាញថា សេដ្ឋកិច្ចសាកលដែលកំពុងចុះខ្សោយ នឹងប៉ះពាល់ទៅដល់ការនាំចេញសម្រាប់ប្រទេសទាំងនេះ។
ដោយឡែកសម្រាប់ប្រទេសថៃនៅឆ្នាំ២០២៣ ត្រូវបានព្យាករថា នឹងមានកំណើនសេដ្ឋកិច្ចលឿនខ្ពស់ជាងឆ្នាំ២០២២ នោះក៏ដោយសារងើបស្ទុះឡើងនៃវិស័យទេសចរណ៍។ ប៉ុន្តែវាក៏នៅមានហានិភ័យផងដែរ ដោយសេដ្ឋវិទូបាននិយាយថា ព្រោះតែសេដ្ឋកិច្ចថៃ ពឹងផ្អែកខ្ពស់លើការនាំចេញទៅប្រទេសចិន និងភ្ញៀវទេសចរចិន ដូច្នេះភាពយឺតយ៉ាវនៃសេដ្ឋកិច្ចប្រទេសចិន នឹងប៉ះពាល់ខ្លាំងដល់ប្រទេសថៃមិនខាន។
ជារួមប្រទេសអាស៊ានទាំង៥ រួមមានឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី និងថៃ បើបូករួមបញ្ចូលគ្នា គឺត្រូវបានរំពឹងថា នឹងមានកំណើនសេដ្ឋកិច្ច ៤,៣% នៅឆ្នាំក្រោយ ដូចការព្យាករលើកមុនដែរ ប៉ុន្តែថយចុះពីកំណើនរង្វង់ ៥,៣% នៅឆ្នាំ២០២២នេះ។
ការស្រាវជ្រាវនេះ ក៏បានរកឃើញផងដែរថា គោលនយោបាយរូបិយវត្ថុអាមេរិក និងកំណើនសេដ្ឋកិច្ចយឺតរបស់មហាអំណាចមួយនេះ គឺស្ថិតក្នុងចំណោមហានិភ័យសំខាន់ៗចំពោះសេដ្ឋកិច្ចប្រទេសភាគច្រើន ក្នុងរយៈពេល១២ខែខាងមុខ។ ចំណែកឯសេដ្ឋកិច្ចយឺតរបស់ចិន គឺជាកត្តាកំណត់ហានិភ័យដ៏សំខាន់មួយនៅក្នុងប្រទេសម៉ាឡេស៊ី និងថៃ។
ក្រុមសេដ្ឋវិទូមួយចំនួនបានព្យាករថា ធនាគារកណ្តាលភាគច្រើនបំផុត នឹងបញ្ចប់ការដំឡើងអត្រាការប្រាក់គោលក្នុងឆ្នាំ២០២៣។ ក្នុងនោះ ហ្វីលីពីន រំពឹងថានឹងកាត់បន្ថយអត្រាការប្រាក់នេះ នៅក្នុងអំឡុងត្រីមាសទី៣ ឆ្នាំក្រោយ។
សូមបញ្ជាក់ថា អតិផរណា គឺស្ថិតក្នុងចំណោមហានិភ័យធំបំផុត សម្រាប់ការលូតលាស់សេដ្ឋកិច្ចនៅក្នុងប្រទេសសេដ្ឋកិច្ចធំៗនៅអាស៊ាន ពិសេសនៅប្រទេសឥណ្ឌូនេស៊ី និងហ្វីលីពីនតែម្ដង។