ពន្ធលើរថយន្ដប្រភេទកូនកាត់ (Hybrid)

ហេតុអ្វីក្រុមអ្នកជំនាញក្នុងឧស្សាហកម្មយានយន្ដស្នើរដ្ឋឲ្យជួយកាត់បន្ថយពន្ធលើរថយន្ដប្រភេទកូនកាត់ (Hybrid)?


ចំពេលដែល ពិភពលោកបច្ចុប្បន្នកំពុងប្រឈមមុខនឹងវិបត្តិថាមពល និងការប្រែប្រួលអាកាសធាតុក្រុមអ្នកជំនាញក្នុងវិស័យយានយន្តនៅកម្ពុជាបានលើកទឹកចិត្តឲ្យរាជរដ្ឋាភិបាលគួរតែមានវិធានការបន្ធូរបន្ថយពន្ធនាំចូលរថយន្តប្រភេទកូនកាត់ Hybrid ដែលអាចប្រើប្រាស់សាំងផង និងអាគុយផង ដើម្បីចូលរួមចំណែកក្នុងការជំរុញលើកទឹកចិត្តឲ្យប្រជាពលរដ្ឋកម្ពុជាងាកមកប្រើប្រាស់រថយន្តប្រភេទនេះ ឲ្យបានច្រើន ដើម្បីកាត់បន្ថយការចំណាយ ការប្រើប្រាស់ប្រេងឥន្ធនៈ និងរួមចំណែកជួយបរិស្ថាន ដោយបានកាត់បន្ថយការបំភាយឧស្ម័នពុលទៅក្នុងបរិយាកាសផងដែរ។
ហេតុអ្វីក្រុមអ្នកជំនាញក្នុងឧស្សាហកម្មយានយន្ដស្នើរដ្ឋឲ្យជួយកាត់បន្ថយពន្ធលើរថយន្ដប្រភេទកូនកាត់ (Hybrid)? រូបភាព៖ RMA Cambodia

លោក ងន សាំង នាយកប្រតិបត្តិក្រុមហ៊ុន RMA Cambodia បានបញ្ជាក់ឲ្យដឹងថា បច្ចុប្បន្នការប្រើប្រាស់រថយន្តប្រភេទកូនកាត់ ឬហៅថា រថយន្ដHybrid នៅប្រទេសកម្ពុជាហាក់មិនទាន់មានសន្ទុះខ្លាំងនៅឡើយទេ ដោយសារតែរថយន្តប្រភេទនោះ មានតម្លៃខ្ពស់គួសម ជាងរថយន្តដែលប្រើប្រាស់ប្រេងឥន្ធនៈទូទៅ។

ទោះយ៉ាងណា លោក ងន សាំង គូសបញ្ជាក់ដែរថា រាជរដ្ឋាភិបាលគួរមានតែមានការបន្ធូរបន្ថយលើពន្ធនាំចូលរថយន្តប្រភេទ Hybrid នេះ ដើម្បីលើកទឹកចិត្តឲ្យប្រជាពលរដ្ឋមានការប្រើប្រាស់នូវរថយន្តប្រភេទនេះឲ្យបានច្រើន ដ្បិតថាវាចំណាយតិចក្នុងការប្រើប្រាស់ និងជួយកាត់បន្ថយការបំណុលបរិយាកាស។

ជាមួយគ្នានេះ បណ្ឌិត តាន់ មុនីវណ្ណ ប្រធានសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា គូសបញ្ជាក់ថា ប្រសិនបើរដ្ឋមានការបន្ធូរបន្ថយពន្ធលើការនាំចូលរថយន្ដ Hybrid មែននោះ គឺពិតជាអាចជួយសម្រួលដល់ប្រជាពលរដ្ឋឲ្យមានលទ្ធភាពក្នុងការប្រើប្រាស់រថយន្ដកាន់តែច្រើន ហើយសម្រួលដល់ការចំណាយក្នុងសេដ្ឋកិច្ចគ្រួសាររបស់ពួកគាត់ផងដែរ។ ប្រធានសហព័ន្ធឧស្សាហកម្មយានយន្តរូបនេះបន្តថា ការបន្ធូរបន្ថយពន្ធនាំចូលរថយន្តប្រភេទ Hybrid នេះ គឺការលើកកម្ពស់ភាពប្រកួតប្រជែងជាមួយរថយន្តប្រភេទចាស់ៗដែលប្រើប្រាស់ប្រេងឥន្ទនៈទូទៅ ដែលរថយន្ដទាំងនេះបង្កផលប៉ះពាល់ខ្លាំងដល់បរិស្ថាន ហើយបណ្ដាប្រទេសជាច្រើនលើពិភពលោកក៏លើកទឹកទឹកចិត្តពលរដ្ឋឲ្យប្រើប្រាស់រថយន្ដ Hybrid នេះដែរ។

គួរបញ្ជាក់ដែរថា កាលពីពេលថ្មីៗនេះ អគ្គនាយកក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានស្នើសុំឲ្យក្រសួងសាធារណការ និងដឹកជញ្ជូន ពិនិត្យលទ្ធភាព លើការសហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការបន្ធូរបន្ថយពន្ធនាំចូលរថយន្តប្រភេទ Hybrid សំដៅរួមចំណែកក្នុងការជំរុញលើកទឹកចិត្តឱ្យប្រជាពលរដ្ឋកម្ពុជាងាកមកប្រើប្រាស់រថយន្ត ប្រភេទHybrid ឲ្យបានច្រើន ដើម្បីកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈ កាត់បន្ថយការបំភាយឧស្ម័នពុល ទៅក្នុងបរិយាកាស ព្រមទាំងរួមចំណែកក្នុងជួយឱ្យកម្ពុជាសម្រេចគោលដៅអព្យាក្រឹត្យកាបូន នៅឆ្នាំ២០៥០ ផងដែរ។

តាមរបាយការណ៍គយបង្ហាញថា ការប្រមូលចំណូលពន្ធ អាករ លើផលិតផលយានយន្ដ និងគ្រឿងចក្រសម្រេចបានជាង៩០០លានដុល្លារ ដែលមានប្រមាណជាង ៤៧% នៃចំណូលពន្ធសរុបដែលមានជាង ២ពាន់លានដុល្លារអាមេរិកនៅ៩ខែឆ្នាំ២០២២៕




អត្ថបទបន្ទាប់


ថៃពន្លឿនគម្រោងសាងសង់រថភ្លើងល្បឿលឿនថៃ-ចិនដំណាក់កាលទី២ ដែលតម្លៃសរុបជាង៨ពាន់លានដុល្លារ

ព័ត៌មាន
រដ្ឋាភិបាលថៃកំពុងពន្លឿនការសាងសង់ដំណាក់កាលទីពីរនៃផ្លូវរថភ្លើងល្បឿនលឿនពីប្រទេសថៃទៅចិន ដែលតភ្ជាប់ពីក្រុងនគររាជសីមាទៅខេត្តណងខៃ ហើយនិងផ្លូវ…

បេឡារុសបើកទ្វារប្រទេសឲ្យកងទ័ពរុស្សី៩ពាន់នាក់ឈរជើង ខណៈយោធាម៉ូស្គូកំពុងទប់ទល់ជាមួយអ៊ុយក្រែនយ៉ាងខ្លាំងក្លានៅតំបន់ដុនបាស

ព័ត៌មាន
ក្រសួងការពារជាតិបេឡារុសបានគូសបញ្ជាក់ថា ទាហានរុស្សីប្រមាណ៩ពាន់នាក់នឹងត្រូវឈរជើងក្នុងប្រទេសក្បែរខាងអ៊ុយក្រែន ដើម្បីបង្កើតជា «ក្រុមយោធាតំបន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ