![ក្រុមហ៊ុនចិនធំមួយ បោះទុនវិនិយោគ ២០០ លានដុល្លារសង់អគារខ្ពស់៥ នៅតំបន់បឹងស្នោរ](https://cdn.cambonomist.com/media/images/canva-photo-editor_38_QVBkKiG.2e16d0ba.fill-960x540.png)
គម្រោងត្រូវបានដឹងថា នឹងចំណាយពេល២ឆ្នាំ កន្លះ ក្នុងការអភិវឌ្ឍបញ្ចប់ ពោលគឺនឹងបញ្ចប់ការសាងសង់នៅត្រឹមឆ្នាំ២០២២ ខាងមុខនេះ។
ស្ថិតនៅដងនៃទន្លេមេគង្គ One Central Tower ប្រែក្លាយតំបន់បឹងស្នោរឲ្យទៅជាទីក្រុងដ៏ទំនើបថ្មីមួយទៀត ដែលប្រមូលផ្តុំដោយមជ្ឈមណ្ឌលពាណិជ្ជកម្មទំនើបទាន់សម័យ ផ្សារទំនើបលំដាប់អន្តរជាតិ មន្ទីរពេទ្យទំនើប រួមជាមួយការរស់នៅលក្ខណៈធម្មជាតិ និងការកម្សាន្តដ៏សម្បូរបែបលំដាប់ពិភពលោក នៅក្នុងទំហំដីប្រមាណ ២៤ ពាន់ម៉ែត្រការ៉េ។
លោក យឹម លក្ខណ៍ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន B.I.C Group បានលើកឡើងថា «យើងចង់ជួយប្រែក្លាយទីក្រុងភ្នំពេញ ជាមួយតំបន់អភិវឌ្ឍន៍លំដាប់ពិភពលោក ដែលអាចទាក់ទាញក្រុមហ៊ុនវិនិយោគធំៗ រួមជាមួយលំនៅដ្ឋានប្រណីតៗ»។
![លោក យឹម លក្ខណ៍ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន B.I.C Group](https://cdn.cambonomist.com/media/images/59387057_295890291314189_172879210.2e16d0ba.fill-960x540.jpg)
លោកបន្ថែមទៀតថា ក្រៅពីគម្រោង អគារតម្លៃ ២០០ លានដុល្លារអាមេរិកនេះ ក្រុមហ៊ុន B.I.C Group ក៏មានគម្រោងគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត នោះគឺ គម្រោង "The Long Bay" ។ គម្រោងនេះ មានទីតាំងស្ថិតនៅចម្ងាយ ៤០ គីឡូម៉ែត្រ ប៉ែកខាងលិចនៃខេត្តព្រះសីហនុ ដែលស្ថិតនៅក្នុងផ្ទៃសមុទ្រតារាសាគរ និងស្ថិតនៅក្នុងទឹកដីខេត្តកោះកុង ក្នុងទំហំដីអភិវឌ្ឍន៍ ២០០ហិកតា។
គម្រោង The Long Bay មានការសាងសង់ឡើងដូចជា ឧទ្យានលក្ខណៈបច្ចេកវិទ្យាទំនើប តំបន់ទេសចរណ៍វប្បធម៌ រមណីយដ្ឋានឆ្នេរសមុទ្រ រមណីយដ្ឋានកម្សាន្តលក្ខណៈធម្មជាតិ លំនៅដ្ឋានលក្ខណៈសម្រាកលំហែប្រកបដោយផាសុកភាពជាដើម។
![ក្រុមហ៊ុនចិនធំមួយ បោះទុនវិនិយោគ ២០០ លានដុល្លារសង់អគារខ្ពស់៥ នៅតំបន់បឹងស្នោរ](https://cdn.cambonomist.com/media/images/59330287_598734983979384_6889055017966239744_n.original.jpg)
គួរបញ្ជាក់ដែរថា តាមរបាយការណ៍ក្រសួងរៀបចំដែនដី កម្ពុជាផ្តល់លិខិតអនុញ្ញាតសាងសង់សំណង់ខ្ពស់ៗចាប់ពី៥ ជាន់ ឡើងទៅសម្រាប់ការអភិវឌ្ឍក្នុងរយៈពេល ១៤ឆ្នាំមកនេះ មានចំនួនអគារខ្ពស់ៗសរុបបានកើនឡើងរហូតជាង ១ពាន់អគារ ដែលរាប់ចាប់ពីអគារលំនៅដ្ឋានស្នាក់នៅរូម សណ្ឋាគារ និងអគារពាណិជ្ជកម្ម៕