វិបត្តិនៅអាហ្វហ្កានីស្ថាន

សេដ្ឋកិច្ចអាហ្វហ្កានីស្ថានកំពុងជួបវិបត្តិខ្ទេចខ្ទាំស្ទើរតែគ្មានដង្ហើមដក ក្រោយរដ្ឋាភិបាលដួលរលំ


វិបត្តិសង្គ្រាមនៅអាហ្វហ្កានីស្ថានថ្មីៗនេះ កំពុងរុញច្រានឲ្យសេដ្ឋកិច្ចរបស់ប្រទេសមួយនេះ ស្ទើរតែគ្មានដង្ហើមដក។ ជាក់ស្ដែង ក្រោយពេលដែលក្រុមតាលីបង់ បានច្បាមសង្គ្រប់យកអំណាចដោយផ្ដួលរំលំរដ្ឋាភិបាលអាហ្វហ្កានីស្ថានបានធ្វើឲ្យប្រទេសក្រីក្រជាងគេក្នុងពិភពលោកមួយនេះ ធ្លាក់ចុះទៅរកស្ថានភាពដ៏អាក្រក់បំផុត តាមរយៈការចុះផ្សាយដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រ ខេមបូណូមីសសូមស្រង់យកចំណុចសំខាន់ៗទាក់ទងនឹងការដាំក្បាលចុះខ្លាំងនៃសេដ្ឋកិច្ចរបស់អាហ្វហ្កានីស្ថាន ក្រោយក្រុមតាលីបង់កាន់កាប់អំណាច។
វិបត្តិនៅអាហ្វហ្គានីស្ថាន

បើ​យើង​មើលទៅ​លើ​តាម​ការ​ព្យាករ​របស់​ស្ថាប័ន​ស្រាវជ្រាវ​អន្តរជាតិ​ដ៏​ល្បី​មួយ​របស់​ពិភពលោក ឈ្មោះ​ថា Fixt Solutions បាន​ព្យាករ​ថា នៅ​ឆ្នាំ​២០២១​នេះ សេដ្ឋកិច្ច​របស់​អា​ហ្វ​ហ្កា​នី​ស្ថាន​នឹង​ដាំ​ក្បាល​ចុះ​ដល់​ទៅ ២០% ខណៈ​នៅ​ឆ្នាំ​២០២០ អំឡុង​ពេល​មាន​មេរោគ​កូ​វី​ដ​-១៩​រាតត្បាត សេដ្ឋកិច្ច​ប្រទេស​ដែល​មាន​សង្គ្រាមរ៉ាំរ៉ៃ មួយ​នេះ បាន​ធ្លាក់​ចុះ​២%​ផង​ដែរ​។

សេដ្ឋកិច្ច​អា​ហ្វ​ហ្កា​នី​ស្ថាន ធ្លាប់​ត្រូវ​បាន​អង្គការ​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ IMF ធ្លាប់​ព្យាករ​ថា នឹង​កើន​ដល់ ២,៧% នៅ​ឆ្នាំ​២០២១​នេះ ត្រូវ​បាន​រលាយ​សូន្យ​ដូច​អំបិល​ត្រូវ​ទឹក បន្ទាប់​ពី​រដ្ឋាភិបាល​ប្រទេស​នេះ បាន​ដួល​រលំ​ដោយសារ​ការ​ប្រយុទ្ធ​ច្បាម​យក​អំណាច​ដោយ​កម្លាំង​ទ័ព​ពី​សំណាក់​ក្រុម​ឧទាម​តា​លី​បង់​។ ជាក់ស្ដែង កាលពី​ចុង​ស​ប្ដា​ហ៍​មុន​នេះ ស្ថាប័ន​ស្រាវជ្រាវ​អន្តរជាតិ Fitch Solutions បាន​ព្យាករ​ថា សេដ្ឋកិច្ច​អា​ហ្វ​ហ្កា​នី​ស្ថាន អាច​នឹង​ដាំ​ក្បាល​ចុះ​ខ្លាំង​ដល់​ទៅ ២០%​ឯណោះ​នៅ​ឆ្នាំ​២០២១​នេះ​។

អ្វី​ដែល​សំខាន់​នោះ លំហូរ​នៃ​ប្រាក់​បញ្ញើ​ពី​ពលករ​ចំណាកស្រុក​នា​ពេល​អនាគត និង​ជំនួយ​អន្តរជាតិ​សម្រាប់​អា​ហ្វ​ហ្កា​នី​ស្ថាន ដែល​ធ្លាប់តែ​បាន​ពឹងផ្អែក​ខ្លាំង​ដើម្បី​ជំរុញ​ការ​លូតលាស់​សេដ្ឋកិច្ច​នោះ កំពុង​ស្ថិត​នៅ​ក្នុង​ភាព​មិន​ប្រាកដប្រជា​នៅឡើយ​ទេ​។ កាលពី​ឆ្នាំ​២០២០ ប្រាក់​បញ្ញើ​ពី​ពលករ​ចំណាកស្រុក​របស់​អា​ហ្វ​ហ្កា​នី​ស្ថាន​មាន​ដល់​ទៅ ៧៨៩​លាន​ដុល្លារ​អា​មេ​រិ​ក ប្រហែល​៤% នៃ​ទំហំ GDP ប្រទេស​នេះ​។ នេះ​បើ​តាម​ធនាគារពិភពលោក​ដូច្នេះ​។

បើ​តាម​ធនាគារអភិវឌ្ឍន៍អាស៊ី ADB បាន​បង្ហាញ​ថា មាន​ប្រហែល ២​ភាគ​៣ នៃ​ប្រជាជន​សរុប​នៅ​ក្នុង​ប្រទេស​អា​ហ្វ​ហ្កា​នី​ស្ថាន គឺ​រស់នៅ​ក្រោម​បន្ទាត់​ភាព​ក្រីក្រ ដែល​អាច​រក​ចំណូល​បាន​តិច​ជាង ១​ដុល្លារ​៩០​សេន​ប៉ុណ្ណោះ​នៅ​ក្នុង​មួយ​ថ្ងៃ​។

តើ​អា​ហ្វ​ហ្កា​នី​ស្ថាន​មាន​ពាណិជ្ជកម្ម និង មាន​ធនធាន​អ្វីខ្លះ​ដើម្បី​ទ្រទ្រង់​សេដ្ឋកិច្ច?

យើង​ឃើញ​ថា កសិកម្ម​គឺជា​ប្រភព​ធនធាន​នៃ​ប្រាក់​ចំណូល​សំខាន់​បំផុត​សម្រាប់​ប្រជាជន​អា​ហ្វ​ហ្កា​នី​ស្ថាន និង ជា​ផលិតផល​ចម្បង​សម្រាប់​ការ​នាំ​ចេញ​របស់​ប្រទេស​នេះ​។

តាម​ទិន្នន័យ​ពី​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក នៅ​ក្នុង​ឆ្នាំ​២០២០ ការ​នាំ​ចេញ​ទំនិញ​របស់​អា​ហ្វ​ហ្កា​នី​ស្ថាន មាន​ជាង​៧៨០​លាន​ដុល្លារ​អា​មេ​រិ​ក ធ្លាក់​ចុះ​ប្រហែល​១០% ធៀប​នឹង​ឆ្នាំ​២០១៩​។ ផ្លែ​ឈើ​ក្រៀម គ្រាប់​ធញ្ញជាតិ និង ឱសថ​បុរាណ គឺជា​ផលិតផល​សំខាន់​សម្រាប់​ការ​នាំ​ចេញ​របស់​អា​ហ្វ​ហ្គា​នី​ស្ថាន ដោយ​ការ​នាំ​ចេញ​ភាគច្រើន​ទៅ​ប្រទេស​ឥណ្ឌា និង ប៉ា​គី​ស្ថាន​។ ប៉ុន្ដែ អា​ហ្វ​ហ្កា​នី​ស្ថាន​ក៏​មានការ​នាំ​ចូល​យ៉ាងច្រើន​សន្ធឹកសន្ធាប់​មក​វិញ​ដែរ ដូច​ជា​ប្រេង ចំណីអាហារ និង គ្រឿង​ម៉ាស៊ីន ដែល​វា​បាន​ធ្វើ​ឲ្យ​ប្រទេស​នេះ មាន​ឱនភាព​ពាណិជ្ជកម្ម​ធំ​ផង​ដែរ​។

ក្រៅពី​នេះ អា​ហ្វ​ហ្កា​នី​ស្ថាន បាន​គ្របដណ្ដប់​លើ​មុខ​ជំនួញ អាភៀន និង ហេ​រ៉ូ​អ៊ី​ន​សកលលោក ដែល​វា​ជា​ប្រភព​ចំណូល​តែ​មួយ​គត់​សម្រាប់​កសិករ​ក្រីក្រ​ជា​ច្រើន ហើយ​វា​ក៏​ជា​ប្រយោជន៍​ដល់​ពួក​តា​លី​បង់ ដែល​តែងតែ​ជំរិត​ទារពន្ធ ការ​យក​ថ្លៃ​លើ​ការ​ជួញដូរ និង ចូលរួម​ការ​ដាំ​ដុះ និង ផលិត​ជាដើម​។

ការិយាល័យ​ឱសថ និង ឧ​ក្រិ​ដ​កម្ម​អា​មេ​រិ​ក បាន​ធ្វើការ​ប៉ាន់​ប្រមាណ​ថា មាន​ជាង ៨០% នៃ​ការ​ផ្គត់ផ្គង់​អាភៀន និង ហេ​រ៉ូ​អ៊ី​ន គឺ​មាន​ប្រភព​ចេញពី​អា​ហ្វ​ហ្កា​នី​ស្ថាន​។ កាលពី​ឆ្នាំ​២០១៧ ផលិតកម្ម​អាភៀន​របស់​ប្រទេស​នេះ គឺ​មាន​ដល់​ទៅ ៧% នៃ ផលិតផល​ក្នុងស្រុក​សរុប GDP​។

ប្រទេស​ជោគ​ជាំ​ដោយ​ភ្លើងសង្គ្រាម​មួយ​នេះ ក៏​មាន​ធនធាន​រ៉ែ​ដែល​មាន​តម្លៃ​ដល់​ទៅ ១​ទ្រី​លាន​ដុល្លារ​អា​មេ​រិ​ក ដូច​ជា រ៉ែ​ដែក ស្ពាន់ មាស និង សា​ធាតុ​លី​ចូ​ម ដែល​ប្រើ​សម្រាប់​ការ​ផលិត​អា​គុយ​រថយន្ដ​អគ្គិសនី​ជាដើម​។ នេះ​បើ​តាម​ការ​សិក្សា​មួយ​របស់​មន្ទីរ​បញ្ច​កោណ​អា​មេ​រិ​ក​។

រ៉ែ​ទាំង​អស់នេះ ត្រូវ​បាន​គេ​រំពឹង​ថា នឹង​អាច​ស្រូប​ទាញ​ប្រទេស​ធំ​ៗ​ចូល​ទៅ​វិនិយោគ​រុករក ដូច​ជា​ប្រទេស​ចិន​ជាដើម ដើម្បី​ធ្វើ​ជា​ធនធាន​សម្រាប់​ការ​ជំរុញ​សេដ្ឋកិច្ច​របស់​អា​ហ្វ​ហ្កា​នី​ស្ថាន​។

អា​ហ្វ​ហ្កា​នី​ស្ថាន​មាន​បំណុល​តិច តែ​ហានិភ័យ​ខ្ពស់់

បើ​ទោះបីជា​ប្រទេស​នេះ ស្ថិត​ក្នុង​ចំណោម​ប្រទេស​មាន​កម្រិត​បំណុល​ទាប​បំផុត​ក្នុង​ពិភពលោក​ក៏​ដោយ ប៉ុន្ដែ វា​នៅ​តែ​មាន​ហានិភ័យ​ខ្ពស់ សូ​ម្បី​តែ​មុន​ពេល​មាន​ភាព​ចលាចល​មក​ម្ល៉េះ​។ ហេតុ​អ្វី ក៏​បំណុល​ទាប​តែ​ហានិភ័យ​មាន​ខ្ពស់​យ៉ាង​ដូច្នេះ? នោះ​ក៏​ព្រោះតែ​ប្រទេស​អា​ហ្វ​ហ្កា​នី​ស្ថាន មានការ​ពឹងផ្អែក​ខ្លាំង​ទៅ​លើ​ប្រាក់​ជំនួយ និង កម្ចីសម្បទាន​។ យ៉ាងណាមិញ ថ្មី​ៗ​នេះ​ដែរ IMF ទើបតែ​បាន​សម្រេច​បិទ​ខ្ទប់​សិទ្ធិ​របស់​ប្រទេស​អា​ហ្វ​ហ្កា​នី​ស្ថាន​ពី​ការ​ដក​យក​ប្រាក់​មូលនិធិ​របស់ IMF ប្រមាណ ៤៤០​លាន​ដុល្លារ​អា​មេ​រិ​ក​ផង​ដែរ ដោយសារ​តែ​ភាព​មិន​ច្បាស់លាស់​នៃ​ក្បាលម៉ាស៊ីន​ដឹកនាំ​រដ្ឋ​។

ស្ដុក​បំណុល​ក្រៅប្រទេស​របស់​អា​ហ្វ​ហ្កា​នី​ស្ថាន​ត្រូវ​បាន IMF ព្យាករ​កាលពី​ខែមិថុនា​ឆ្នាំ​២០២១​នេះ នឹង​កើន​ដល់​១​ពាន់​៧​រយ​លាន​ដុល្លារ​អា​មេ​រិ​ក ប្រហែល​៨,៦% នៃ GDP​។

រូបិយ​វត្ថុ និង​អតិផរណា​ក្នុង​ប្រទេស​អា​ហ្វ​ហ្កា​នី​ស្ថាន​កំពុង​រង​សម្ពាធ​កាន់តែ​ខ្លាំង

រូបិយ​វត្ថុ​អា​ហ្វ​ហ្កា​នី​ស្ថាន បាន​ចុះ​ខ្សោយ​ជិត​៦% នៅ​ក្នុង​ស​ប្ដា​ហ៍​មុន​នេះ ដោយសារ​តែ​មាន​ក្ដី​រំពឹង​ថា ប្រាក់​ដុល្លារ​មានការ​ខ្វះខាត​នៅ​លើ​ទីផ្សារ បន្ទាប់​ពី​មានការ​រាយការណ៍​ថា មានការ​ប​ញ្ចូ​ន​ចេញ​ប្រាក់​ដុល្លារ​ទៅ​ក្រៅប្រទេស ខណៈ​ដែល​រូបិយ​វត្ថុ​បម្រុង​ទុក​របស់​ប្រទេស ដែល​មាននៅ​សហរដ្ឋអាមេរិក និង IMF គឺ​ក្រុម​តា​លី​បង់​មិន​អាចយ​កមក​បាន​នោះ​ទេ​។ មួយវិញទៀត ទេសាភិបាល​ធនាគារកណ្ដាល​របស់​ប្រទេស​នេះ ក៏​បាន​រត់​ចោល​ប្រទេស​បាត់​ស្រមោល​ផង​ដែរ ដែល​វា​បាន​និង​កំពុង​ដាក់​សម្ពាធ​លើ​វិស័យ​ហិរញ្ញវត្ថុ​កាន់តែ​ខ្លាំង​ឡើង​។

IMF រំពឹង​ទុក​ថា ចំពោះ​ការ​កើនឡើង​អតិផរណា ៥,៨% នៅ​ក្នុង​ឆ្នាំ​២០២១ អាច​នឹង​ធ្វើ​ឲ្យ​មានការ​ផ្លាស់​ប្ដូរ​ប្រចាំឆ្នាំ​ដ៏​ធំ​បំផុត គិត​តាំងពី​ឆ្នាំ​២០១៣​មក​។ ប៉ុន្ដែ ជាមួយនឹង​ការ​ចុះ​ទន់ខ្សោយ​នៃ​រូបិយ​បណ្ណ​របស់​ខ្លួន និង​ការ​មាន​ផល​រំខាន​ផ្នែក​ពាណិជ្ជកម្ម នៅ​គ្រា​ដែល​ក្រុម​តា​លី​បង់​ក្ដោប​ក្ដាប់​អំណាច​នោះ វា​នឹង​ធ្វើ​ឲ្យ​មានការ​កើនឡើង​អតិផរណា​លើស​៨% ពោល​គឺ​លើស​ពី​អ្វី​ដែល​ធនាគារកណ្ដាល​ប្រទេស​នេះ ធ្លាប់​បាន​គ្រោងទុក​ទៅ​ទៀត​។

សូម​បញ្ជាក់​ថា មក​ទល់​ពេល​នេះ យើង​មិន​ទាន់​ដឹង​ថា តើ​ជោគវាសនា​របស់​ប្រទេស​អា​ហ្វ​ហ្កា​នី​ស្ថាន​នឹង​ក្លាយទៅជា​យ៉ាងណា​នៅឡើយ​ទេ បើ​ទោះបីជា ថ្មី​ៗ​នេះ ក្រុម​មេដឹកនាំ​តា​លី​បង់​ចេញ​មុខ​ប្រកាស​អំពី​ការ​បន្ធូរបន្ថយ​ច្បាប់​មួយ​ចំនួន​ក៏​ដោយ​ចុះ ប៉ុន្ដែ ប្រជាជន​អា​ហ្វ​ហ្កា​នី​ស្ថាន​ភាគច្រើន​នៅ​តែ​មិន​ទុកចិត្ត​ក្រុម​ឧទាម​នេះ​នៅឡើយ​ទេ ត្បិត​ថា កាលពីមុន​ក្រុម​នេះ ធ្លាប់​នៅ​ក្ដោប​ក្ដាប់​អំណាច​កាលពី​ជាង​២០​ឆ្នាំ​មុន មានការ​អនុវត្ត​ច្បាប់​យ៉ាង​ឃោរឃៅ ពិសេស​ការ​ដាក់​វិន័យ​តឹង​រឹង​បំផុត​ចំពោះ​មនុស្ស​ស្រី​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សិង្ហបុរីថា ចំណាត់ការអាស៊ានក្នុងសំណុំរឿងភូមា គ្មានប្រសិទ្ធភាព

ព័ត៌មាន
មន្ត្រីការបរទេសសិង្ហបុរីនៅអំឡុងពេលផ្តល់បទសម្ភាសន៍ដល់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របាននិយាយចំៗថា ចំណាត់ការនិងដំណោះស្រាយដែលអាស៊ាន បាននិង…

ព័ត៌មានក្លែងក្លាយពីប្រភពដើមកូវីដ-១៩ កំពុងបែកធ្លាយពេញបណ្ដាញសង្គមចិន ប៉ុន្ដែអាជ្ញាធរមិនអើពើ?

ព័ត៌មាន
គេសង្កេតឃើញថាព័ត៌មានមិនពិតអំពីដើមកំណើតនៃជំងឺរាតត្បាតជាសកលដែលបង្កឡើងដោយវីរុសកូរ៉ូណា កំពុងសាយភាយយ៉ាងសកម្មនៅក្នុងបណ្តាញសង្គម និង ប្រព័ន្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ