សាច់បង្កក

អាជ្ញាធររឹបអូសសាច់បង្កកខុសច្បាប់ និងខូចគុណភាពបានជាង២០០តោន នៅឆមាសទី១ឆ្នាំនេះ


បំណែកសាច់បង្កកខូចគុណភាព និងខុសច្បាប់ជាង២៣០តោន ត្រូវបានមន្រ្តីជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ(ក.ប.ប) បង្រ្កាប បានរឹបអូសយកទៅកម្ទេចចោលនៅក្នុងរយៈពេល៦ខែកន្លងមកនេះ។ ចំនួននេះមានការថយចុះប្រមាណ៤៣តោន បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។ ទោះបីអាជ្ញាធរបានបង្ក្រាប និងរឹបអូសសាច់បង្កកខុសច្បាប់ និងខូចគុណភាពបានជាបន្តបន្ទាប់ក្តី តែសាច់ប្រភេទនេះនៅតែសង្កេតមានដាក់ចរាចរលក់នៅលើទីផ្សារ ដោយអាជ្ញាធរសន្មតថា អាចនាំចូលក្នុងទ្រង់ទ្រាយតូចៗតាមច្រងរបៀង។
សាច់បង្កក
ដោយ

ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានគូសបញ្ជាក់ថា នៅឆមាសទី១ឆ្នាំនេះ មន្ត្រីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប បង្ក្រាប និងរឹបអូសសាច់បង្កកខូចគុណភាពបានចំនួន២៣៩តោន ថយចុះ៤៣តោន បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ឯកឧត្តមសង្កេតឃើញថា ទោះបីអាជ្ញាធរ​បានបង្ក្រាបករណីលួចនាំចូលសាច់បង្កកខុសច្បាប់ជាបន្តបន្ទាប់ក៏ដោយ តែសាច់ប្រភេទនេះនៅតែមានចរាចរ​ដាក់លក់នៅលើទីផ្សារ។

ថ្នាក់ដឹកនាំរូបនេះ បានវាយតម្លៃថា ការបន្តហូរចូលសាច់បង្កកពីផ្សារខាងក្រៅមកកាន់ទីផ្សារកម្ពុជា អាចត្រូវបានធ្វើឡើងក្រោមរូបភាពតូចៗតាមច្រករបៀងនៃព្រំដែន ហើយប្រមូលផ្តុំដាក់បង្កប់ក្នុងមធ្យោបាយដឹកជញ្ជូនទំនិញ ឬរថយន្តដឹកអ្នកដំណើរគេចវេសពីការត្រួតពិនិត្យរបស់សមត្ថកិច្ច ហើយនាំមកចែកចាយនៅលើទីផ្សារតាមបណ្តាខេត្តនានា។ ឯកឧត្តម បានសង្កត់ធ្ងន់ថា សម្ថកិច្ចកាន់តែបង្កើនការត្រួតពិនិត្យ តែជនខិលខូចកាន់តែរកគ្រប់មធ្យោបាយ ដើម្បីគេចវេសពីសមត្ថកិច្ចត្រួតពិនិត្យ ពិសេសការដឹកជញ្ជូនក្រោមរូបភាពតូចៗនិងភាគច្រើននៅពេលយប់ ជាហេតុធ្វើឱ្យមន្រ្តីជំនាញពិបាកក្នុងការទប់ស្កាត់​។

ទន្ទឹមនេះ ថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានបង្ហាញពីការព្រួយបារម្ភចំពោះការនាំចូលផលិតផលសាច់បង្កក ពិសេសបំណែកនៃសាច់ ដែលជាសំណល់នៃផលិតកម្មសាច់នាំចេញរបស់បណ្តាប្រទេសអាចផ្តល់នូវផលប៉ះពាល់ដល់អាជីវកម្មចិញ្ចឹមសត្វ​នៅកម្ពុជា និងធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ ព្រោះផលិតផលសាច់ ពិសេសបំណែកនៃសាច់ដែលនាំចូលដោយពុំមានការអនុញ្ញាត្ត ពុំមានការត្រួតពិនិត្យឱ្យបានត្រឹមត្រូវ ការវេចខ្ចប់គ្មានស្តង់ដា ដឹកជញ្ជូនពុំត្រឹមត្រូវតាមបញ្ញត្តិបច្ចេកទេស នឹងប្រឈមនឹងការចម្លងចូលនូវមេរោគ ឬកត្តាចង្រៃផ្សេងៗ ហើយមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាព។

ដូច្នេះតាមរយៈលទ្ធផលនៃការបង្ក្រាបខាងលើបានបង្ហាញឱ្យឃើញថា អគ្គនាយកដ្ឋាន ក.ប.ប. បានរួមចំណែកយ៉ាងសកម្មក្នុងការចូលរួមការពារផលប្រយោជន៍អ្នកប្រើប្រាស់ ក្នុងការលើកកម្ពស់សុខភាព កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ តាមរយៈការកាត់បន្ថយការចំណាយព្យាបាលសុខភាព ពីការបរិភោគអាហារគ្មានគុណភាព និងជំរុញឱ្យមុខរបរចិញ្ចឹកសត្វនៅកម្ពុជាកាន់តែមានភាពរីកចម្រើន។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបិទការនាំចូលជាបណ្ដោះអាសន្ននូវប្រភេទគ្រឿងក្នុង និងបំណែកសាច់បង្កក រយៈពេល៦ខែ ពីថ្ងៃទី១២ ខែមីនា ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤។ វិធានការហាមឃាត់នេះ ដើម្បីលើកកម្ពស់វិស័យចិញ្ចឹមសត្វឡើងវិញ ក្រោយពេលទីផ្សារសាច់សត្វរស់របស់កសិករក្នុងស្រុកប្រឈមបញ្ហាតម្លៃធ្លាក់ចុះជាបន្តបន្ទាប់ ជាហេតុធ្វើឱ្យអ្នកចិញ្ចឹមសត្វមួយចំនួនបានបោះបង់ចោលការការចិញ្ចឹម៕

អត្ថបទ៖ បូ ដូឡា, ឯកសារ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុន ដាណន់ ស្ពេសស៊លឡាយដ៏ នូទ្រីសិន ខេមបូឌា (Danone Specialized Nutrition Cambodia) ប្រារព្ធខួប ៥ឆ្នាំ នៃការរួមចំណែកជំរុញឱ្យប្រជាជនមាន «សុខភាពល្អ» នៅប្រទេសកម្ពុជា (មានវីដេអូ)

ព័ត៌មាន
ក្រុមហ៊ុន ដាណន់ ស្ពេសស៊លឡាយដ៏ នូទ្រីសិន ខេមបូឌា (Danone Cambodia) បានប្រារព្ធគំរប់ខួបចំនួនប្រាំឆ្នាំ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ នៅប្…

សហរដ្ឋអាម៉េរិក ប្រឈមកង្វះរ៉ែលោហៈកម្រធ្ងន់ធ្ងរ ខណៈមហាយក្សចិនកាន់កាប់៨០%នៃខ្សែច្រវាក់ផ្គត់ផ្គង់រ៉ែកម្រនេះ

ព័ត៌មាន
សហរដ្ឋអាម៉េរិក ដែលជាមហាអំណាចទី១ របស់ពិភពលោកទាំងផ្នែកសេដ្ឋកិច្ច និងយោធាកំពុងប្រឈមការខ្វះខាតយ៉ាងធ្ងន់ធ្ងរនូវរ៉ែលោហៈដ៏កម្រមួយប្រភេទមានឈ្មោ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ