ថាមពល-​អគ្គិសនី

កម្ពុជា​នឹង​មាន​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ធ្យូង​ថ្ម​ទំហំ​១០០​មេហ្គាវ៉ាត់​នៅ​ខេត្ត​ព្រះសីហនុ


រោងចក្រ​អគ្គិសនី​ប្រើ​ថាមពល​ធ្យូង​ថ្ម ដែល​មាន​កម្លាំង​១០០​មេហ្គាវ៉ាត់ និង​មាន​ទឹក​ប្រាក់​វិនិយោគ ៤១,១៩​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក នឹង​ដំណើរការ​នៅ​ខេត្ត​ព្រះសីហនុ នៅ​ពេល​ខាង​មុខ​នេះ។
កម្ពុជា​នឹង​មាន​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ធ្យូង​ថ្ម​ទំហំ​១០០​មេហ្គាវ៉ាត់​នៅ​ខេត្ត​ព្រះសីហនុ។
ដោយ

បើ​តាម​សេចក្តី​ប្រកាស​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) ដែល​បាន​ផ្សព្វផ្សាយ​តាម​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៨ ខែ​កុម្ភៈ​នេះ បាន​សរសេរ​ថា ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​សម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះ​បញ្ជី​ជា​ស្ថាពរ​ដល់​រោងចក្រ​អគ្គិសនី​ប្រើ​ថាមពល​ធ្យូង​ថ្ម ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ។ បើ​តាម​ការ​ប្រកាស​នេះ រោងចក្រ​អគ្គិសនី​ធ្យូង​ថ្ម​ដ៏​ធំ​មួយ​នេះ នឹង​ផ្តល់​ការងារ​បាន​ចំនួន ៧៥​កន្លែង​ផង​ដែរ។

តាម​ពិត​ទៅ មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ កម្ពុជា​បាន​ខិតខំ​យ៉ាង​ខ្លាំង​ក្នុង​ការ​ទាក់ទាញ​វិនិយោគ​លើ​វិស័យ​ថាមពល​អគ្គិសនី ដ្បិត​បច្ចុប្បន្ន អគ្គិសនី​កម្ពុជា​នៅតែ​មាន​តម្លៃ​ថ្លៃ​ជាង​ប្រទេស​ក្នុង​តំបន់ ជាពិសេស ប្រទេស​ជិត​ខាង ដែល​ធ្វើ​ឲ្យ​អ្នក​វិនិយោគ​ក្នុង​ស្រុក​និង​បរទេស ត្អួញត្អែរ​ជា​ច្រើន​ផង​ដែរ។

យ៉ាងណា​ក៏​ដោយ កន្លង​ទៅ​ថ្មីៗ​នេះ ក៏​មាន​ក្រុមហ៊ុន​ឈ្មោះ​ថា OMNI NAVITAS ដែល​ជា​ក្រុមហ៊ុន​វិនិយោគ​លើ​វិស័យ​ថាមពល​ធំ​មួយ​របស់​អាមេរិក បាន​សម្លឹង​ឃើញ​ឱកាស​វិនិយោគ​ថាមពល​អគ្គិសនី ដោយ​ប្រើ​បន្ទះ​សូឡា​នៅ​កម្ពុជា ហើយ​បើ​តាម​ការ​អះអាង​ពី​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​នេះ បាន​បញ្ជាក់​ថា ក្រុមហ៊ុន​ខ្លួន​គ្រោង​នឹង​ចំណាយ​ទុន​វិនិយោគ​ប្រមាណ ៥០០​លាន​ដុល្លារ ដើម្បី​សាងសង់​ប្រព័ន្ធ​ថាមពល​សូឡា​នៅ​កម្ពុជា ជាមួយនឹង​ថាមពល​អគ្គិសនី​ទំហំ ១៥០​មេហ្គាវ៉ាត់។

ឆ្នាំ​២០១៧ អ្នក​ប្រើប្រាស់​អគ្គិសនី​ទូទាំង​ប្រទេស​មាន​ចំនួន ២.៤០៩.៩០៧​នាក់ ក្នុង​នោះ ៩៦,១៣​ភាគរយ ស្មើ​ជាង ២​លាន​៣​សែន​នាក់ ទទួល​បាន​អគ្គិសនី​ប្រើប្រាស់ ដែល​ផ្គត់ផ្គង់​ពី​បណ្តាញ​ជាតិ។

ក្រៅ​ពី​រោងចក្រ​អគ្គិសនី​ប្រើ​បន្ទះ​សូឡា​និង​ធ្យូង​ថ្ម កម្ពុជា​ក៏​បាន​ប្រឹងប្រែង​បើកដៃ​ឲ្យ​វិនិយោគិន អភិវឌ្ឍ​ទំនប់​វារី​អគ្គិសនី​ដើម្បី​បង្កើត​សុវត្ថិភាព​ថាមពល​នៅ​ក្នុង​ស្រុក កាត់​បន្ថយ​ការ​ទិញ​អគ្គិសនី​ពី​ប្រទេស​ជិត​ខាង។ មក​ដល់​ពេល​នេះ ទំនប់​វារី​អគ្គិសនី​ធំៗ​របស់​កម្ពុជា​មាន​ចំនួន៧ រួមមាន៖

  1. ទំនប់​វារី​អគ្គិសនី​សេសាន​ក្រោម​២ នៅ​ខេត្ត​ស្ទឹងត្រែង ដែល​មាន​ថាមពល ៤០០​មេហ្គាវ៉ាត់ 
  2. ទំនប់​វារី​អគ្គិសនី​ភ្នំ​កំចាយ ខេត្ត​កំពត មាន​កម្លាំង​ថាមពល ១៩៤​មេហ្គាវ៉ាត់
  3. ទំនប់វារីអគ្គិសនីតាតៃខេត្តកោះកុង មានកម្លាំងថាមពល ២៤៦ មេហ្គាវ៉ាត់ 
  4. ទំនប់​វារី​អគ្គិសនី​ស្ទឹង អាតៃ មាន​ថាមពល ១២០​មេហ្គាវ៉ាត់ 
  5. ទំនប់​វារី​អគ្គិសនី​ស្ទឹង​ឫស្សី​ជ្រំ​ក្រោម ខេត្ត​កោះកុង មាន​ថាមពល ៣៣៨​មេហ្គាវ៉ាត់
  6. ទំនប់​វារី​អគ្គិសនី​គិរីរម្យ​៣ មាន​ថាមពល ១៨​មេហ្គាវ៉ាត់ 
  7. ទំនប់​វារី​អគ្គិសនី​គិរីរម្យ​មាន​ថាមពល១២​មេហ្គាវ៉ាត់។ 

របាយការណ៍​បូក​សរុប​របស់​លោក ទី នរិន្ទ ប្រធាន​អាជា្ញធរ​អគ្គិសនី​កម្ពុជា បាន​បង្ហាញ​ថា ឆ្នាំ​២០១៧ អ្នក​ប្រើប្រាស់​អគ្គិសនី​ទូទាំង​ប្រទេស​មាន​ចំនួន ២.៤០៩.៩០៧​នាក់ ក្នុង​នោះ ៩៦,១៣​ភាគរយ ស្មើ​ជាង ២​លាន​៣​សែន​នាក់ ទទួល​បាន​អគ្គិសនី​ប្រើប្រាស់ ដែល​ផ្គត់ផ្គង់​ពី​បណ្តាញ​ជាតិ និង​ទទួល​បាន​ការ​បន្ថយ​តម្លៃ​អគ្គិសនី​តាម​ផែនការ​របស់​រដ្ឋាភិបាល។

របាយការណ៍​ដដែល​បាន​ឲ្យ​ដឹង​បន្ត​ថា នៅ​ឆ្នាំ​២០១៧​នេះ កម្ពុជា​បាន​កាត់​បន្ថយ​ការ​នាំចូល​អគ្គិសនី​ពី​បរទេស​ពី ២២​ភាគរយ មកត្រឹម ១៨,៦​ភាគរយ ដោយ​ប្រភព​ថាមពល​នៃ​ការ​ប្រើប្រាស់​កើន​ឡើង ១១​ភាគរយ។ រីឯ​អនុភាព​សរុប​ក្នុង​ស្រុក​នៅ​ឆ្នាំ​២០១៧ មាន​ចំនួន ១.៨៦៦​មេហ្គាវ៉ាត់ ដែល​តម្លៃ​ស្តង់ដារ​ជា​មធ្យម ២​លាន​ដុល្លារ​ក្នុង ១​មេហ្គាវ៉ាត់។ 

ចំណែក ទំហំ​វិនិយោគ​លើ​ប្រភព​អគ្គិសនី​ក្នុង​ស្រុក គិត​ជា​ទឹក​ប្រាក់ មាន​ចំនួន ៣.៧៣២​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក៕




អត្ថបទបន្ទាប់


លោក លឹម ស៊ុយហេង កែច្នៃ​ចង្ក្រាន​ចំហេះ​ជីវម៉ាស​ដើម្បី​កាត់​បន្ថយ​ផល​ប៉ះពាល់​បរិស្ថាន

ព័ត៌មាន
លោក លឹម ស៊ុយហេង ពលរដ្ឋ​នៅ​ភូមិ​សេរីសម្បត្តិ សង្កាត់​គងណយ ខណ្ឌ​ដង្កោ ចម្ងាយ​ប្រហែល​២​គីឡូម៉ែត្រ​ភាគ​ខាង​កើត​ផ្សារ​កំពង់កន្ទួត បាន​កែច្នៃ​…

ឯកឧត្តម ជា សុផារ៉ា ស្នើ​ឲ្យ​វិស័យ​ឯកជន​និង​រដ្ឋ​ជួយ​ពលករ​ក្រៅ​ប្រទេស​អាច​ទិញ​ផ្ទះ​បង់​រំលស់

ព័ត៌មាន
ថ្លែង​នៅ​ចំពោះ​មុខ​ក្រុមហ៊ុន​អ្នក​អភិវឌ្ឍន៍​លំនៅដ្ឋាន​ជា​ច្រើន កាល​ពី​ពេល​ថ្មីៗ​នេះ ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​រៀ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ