វិស័យហិរញ្ញវត្ថុ

តើឥណទានមិនដំណើរការអាចប៉ះពាល់ដល់គុណភាពវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុដែរ ឬទេ?


អនុបាតឥណទានមិនដំណើរការនៅក្នុងឆមាសទី១ឆ្នាំនេះ មាននិន្នាការកើនឡើង ក្នុងនោះវិស័យធនាគារ បានកើនដល់ប្រមាណ៦,៨% ហើយវិស័យមីក្រូហិរញ្ញវត្ថុ បានកើនឡើងប្រមាណ៨,៣%។ តើឥណទានមិនដំណើរការអាចប៉ះពាល់ដល់កម្រិតគុណភាពវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុដែរឬទេ?
វិស័យហិរញ្ញវត្ថុ
ដោយ

លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា បានមានប្រសាសន៍ថា ឥណទានមិនដំណើរក្នុងវិស័យធនាគារទាំងមូលមានការកើនឡើងដល់៦,៨% នៅឆមាសទី១ឆ្នាំនេះ ក្នុងនោះឥណទានមិនដំណើរការរបស់ធនាគារ អេស៊ីលីដា មានក្នុងរង្វង់៥,៧%។ តួលេខឥណទានមិនដំណើរការនេះប្រហាក់ប្រហែលនឹងតួលេខកាលពីឆ្នាំ២០២៣ តែខ្ពស់ជាងឆ្នាំ២០២២ ដែលមានក្រោម៣%។ តែយ៉ាងណាលោកអះអាងថា កម្រិតនៃគុណភាពឥណទាន និងទ្រព្យសកម្មរបស់ធនាគារ អេស៊ីលីដា នៅតែមានភាពល្អប្រសើរឡើងវិញ ហើយរំពឹងថា បន្តល្អប្រសើរបន្ថែមទៀតនៅឆ្នាំនេះ និងនៅឆ្នាំ២០២៥ ខាងមុខ។ បើតាមប្រធាននាយកប្រតិបត្តិរូបនេះ ប្រសិនបើគុណភាពឥណទាន ឬទ្រព្យសកម្មរបស់ធនាគារមានការធ្លាក់ចុះនោះ ចង់ ឬមិនចង់វានឹងធ្វើឱ្យប៉ះពាល់ដល់ប្រាក់ចំណេញ។

​ដោយឡែកលោក កាំង តុងងី ប្រធាននាយកដ្ឋានទំនាក់ទំនង និងជាអ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា អះអាងថា ទោះបីឥណទានមិនដំណើរការក្នុងវិស័យមីក្រូហិរញ្ញវត្ថុ មានការកើនឡើងក៏ដោយ តែតម្រូវការឥណទានហាក់មានការថយចុះ។ ការណ៍នេះ បានធ្វើឱ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានសាច់ប្រាក់បម្រុងច្រើនជាងមុន ហើយការដាក់ប្រាក់បញ្ញើក៏មានការកើនឡើងទៀតនោះ បានធ្វើអ្នកជំនាញរូបនេះវាយតម្លៃថា វិស័យហិរញ្ញវត្ថុនៅតែមានស្ថិរភាពរឹងមាំ។

​នាសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៤ របស់ធនាគារជាតិនៃកម្ពុជា កាលពីពេលថ្មីៗ លោកជំទាវ ជា សិរី ទេសាភិបាលធនាគារជាតិ នៃកម្ពុជាបានគូសបញ្ជាក់ថា កំណើនឥណទាននៅកម្ពុជា មានការធ្លាក់ចុះជាបន្តបន្ទាប់ តួយ៉ាងនៅក្នុងឆមាសទី១ ឆ្នាំ២០២៤ នេះ គឺបានថមថយមកនៅត្រឹមអត្រា២,៦% ដែលជាកម្រិតទាបបំផុតមិនធ្លាប់មាននៅក្នុងរយៈពេល២ទសវត្សរ៍ចុងក្រោយនេះ។ ការថមថយកំណើនឥណទាននេះ គឺបណ្ដាលមកពីការបង្កើនភាពប្រុងប្រយ័ត្នជាងមុនក្នុងការផ្តល់ឥណទានរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដោយសារភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចពិភពលោក និងតំបន់ ក៏ដូចជាស្របពេលដែលមានការងើបឡើងយឺតនៃវិស័យមួយចំនួនផងដែរ។

យ៉ាងណាមិញបើតាមការអះអាងរបស់ថ្នាក់ដឹកនាំធនាគារជាតិ រូបនេះ អនុបាតឥណទានមិនដំណើរការនៅក្នុងឆមាសទី១ ឆ្នាំនេះ គឺមាននិន្នាការកើនឡើងជាបន្តបន្ទាប់ ពោលគឺសម្រាប់វិស័យធនាគារបានកើនឡើងដល់ប្រមាណ៦,៨% ខណៈវិស័យមីក្រូហិរញ្ញវត្ថុ បានកើនឡើងប្រមាណ៨,៣%៕

អត្ថបទ៖ បូ ដូឡា​

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានដឹកនាំសិក្ខាសាលាស្តីពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV-DTA)

ព័ត៌មាន
ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានដឹកនាំសិក្ខាសាលាស្តីពីកិច្ចសហប្រតិបត្តិការតំបន់…

បើឈ្នះឆ្នោត លោក ត្រាំ នឹងបង្កើតគណៈកម្មការរដ្ឋាភិបាលមួយ ដោយឱ្យមហាសេដ្ឋី អេឡិន ម៉ាស ជាអ្នកដឹកនាំ

ព័ត៌មាន
អតីតប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសក្តែងៗថា លោកនឹងបង្កើតគណៈកម្មការប្រសិទ្ធភាពរដ្ឋាភិបាលអាម៉េរិកមួយ ដោយឱ្យមហាសេដ្ឋី អេឡិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ