កាណាដា-ចិន-ឥណ្ឌូប៉ាស៊ីហ្វិក

កាណាដាប្តេជ្ញាប្រកួតប្រជែងឥទ្ធិពលជាមួយចិន នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក


រដ្ឋមន្ត្រីការបរទេសកាណាដាលោកស្រី មេឡានី ជូលី (Melanie Joly) បាននិយាយក្នុងបទសម្ភាសជាមួយកាសែតបរទេសមួយថា ប្រទេសកាណាដានឹងប្រកួតប្រជែងជាមួយប្រទេសចិន ខណៈដែលចិនកំពុងរំខានដល់សណ្តាប់ធ្នាប់អន្តរជាតិ ហើយលោកស្រីបានបញ្ជាក់ថា បទដ្ឋានអន្តរជាតិបានធ្វើឱ្យពិភពលោកមានសុវត្ថិភាពចាប់តាំងពីសង្រ្គាមលោកលើកទី២មក ដូច្នេះហើយគេចាំបាច់ត្រូវគោរពតាមបទដ្ឋាននេះឲ្យបានម៉ឺងម៉ាត់បំផុត។
កាណាដាប្តេជ្ញាប្រកួតប្រជែងឥទ្ធិពលជាមួយចិន នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក

លោកស្រី ជូលី ​ដែលស្ថិតនៅក្នុងរដ្ឋធានី​ប៊ូឆារ៉េស ​(Bucharest)​ នៅ​ប្រទេសរ៉ូម៉ានី ​​ដើម្បីចូលរួមកិច្ចប្រជុំកំពូលរដ្ឋមន្ត្រីការបរទេសណាតូ​​បាននិយាយតាមទូរស័ព្ទថា​ ប្រទេសកាណាដា​​ប្តេជ្ញាដើរ​តួនាទី​របស់ខ្លួន​នៅ​ក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។​

ដោយខិត​ខំ​ងាក​ចេញ​ឆ្ងាយពីប្រទេសចិន​នោះ​ ប្រទេស​កាណាដាកំពុងផ្តោតលើការពង្រឹង​សន្តិសុខ ​និងការបង្កើនពាណិជ្ជកម្មនៅក្នុងតំបន់​ជិតខាងរបស់ប្រទេសចិន​ ​ក្រោមយុទ្ធសាស្ត្រ​ឥណ្ឌូប៉ាស៊ីហ្វិក​​ដែលបានប្រកាសកាលពីខែមុន។​

រដ្ឋាភិបាល​ក្រុងអូតាវ៉ា​ (Ottawa) ប្រទេស​កាណាដា​​បានសន្យាថា នឹងវិនិយោគប្រហែលជាង​ ១ពាន់៧រយលានដុល្លារ​អាមេរិក​​ក្នុងរយៈពេល ៥ ឆ្នាំ​ដំបូង ដើម្បី​កែលម្អហេដ្ឋារចនាសម្ព័ន្ធ​ និងដោះស្រាយបញ្ហា​បម្រែបម្រួលអាកាសធាតុនៅ​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ ក៏ដូចជាលើកកម្ពស់​ធនធានធម្មជាតិរបស់ប្រទេសកាណាដាផងដែរ។ ប្រទេសកាណាដាចង់ទាញយកកំណើនខ្ពស់ពី​ក្នុងតំបន់​អាស៊ី ​ដើម្បីជួយសេដ្ឋកិច្ចរបស់ខ្លួនឱ្យរីកចម្រើន ​ខណៈដែល​​កំពុង​​ពង្រឹងទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយបណ្តាប្រទេសអាស៊ី​ ដើម្បីប្រកួតប្រជែងជាមួយទីក្រុងប៉េកាំង។

យុទ្ធសាស្ត្រថ្មីនេះ​បានហៅប្រទេសចិនថាជា«មហាអំណាចដែល​រំខានដល់​​ពិភព​លោក​កាន់​តែ​ខ្លាំង»​ ហើយលោក​ស្រី ជូលី ​រដ្ឋមន្ត្រីការបរទេសកាណាដា​​បានគាំទ្រការពិពណ៌នានេះ ​ដោយនិយាយថា កាណាដា​មើល​ឃើញ​​​ឧទាហរណ៍នៃរឿងនោះ​ស្រាប់ ​​ជាពិសេសនៅសមុទ្រចិនខាងកើត និងខាងត្បូង​​ក៏ដូចជាច្រកសមុទ្រតៃវ៉ាន់​ផងដែរ​ ហើយ​កាណាដា​​នឹងប្រកួតប្រជែងជាមួយប្រទេសចិន​នៅពេលណា​គេនិយាយ​អំពី​ការ​គោរព​សណ្តាប់ធ្នាប់អន្តរជាតិ​​។

រដ្ឋាភិបាល​ក្រុងប៉េកាំង​បាន​ទាមទារអធិបតេយ្យភាព​នៅ​ច្រកសមុទ្រតៃវ៉ាន់​ និង​​អះអាងថា ​សេរីភាពនៃ​​សមុទ្រទឹក​​ជ្រៅ​​​មិនអនុវត្ត​​ចំពោះផ្លូវទឹករវាងចិនដីគោក និងតៃវ៉ាន់នោះទេ​។ ដូច្នេះ​ហើយ ​​ដើម្បី​ប្រឆាំង​នឹង​ការ​អះអាងរបស់​ចិន​នេះ​ ប្រទេស​កាណាដា​បាន​បើក​​នាវាចម្បាំង​ឆ្លងកាត់​ច្រក​សមុទ្រ​តៃវ៉ាន់​នេះ​​​ជាមួយ​នាវាចម្បាំង​អាមេរិក​ជាច្រើន​លើក​ច្រើន​សារផងដែរ។

ទាក់ទងនឹងកងកម្លាំងប្រដាប់អាវុធកាណាដាវិញ​លោកស្រី ជូលី ​​បាននិយាយថា ការ​ងារដែលកាណាដា​កំពុងធ្វើ​នេះ​មិន​ត្រឹម​តែ​មានសារៈសំខាន់ប៉ុណ្ណោះទេ ប៉ុន្តែវា​ថែម​ទាំង​ត្រូវ​បានផ្តល់​តម្លៃដោយដៃគូ និងសម្ព័ន្ធមិត្តរបស់ខ្លួន​ផងដែរ។ ​

លោកស្រី ជូលី ​​បាននិយាយថា កាណាដា​​នឹងប្រកួតប្រជែងជាមួយប្រទេសចិន​តាម​ពេល​វេលា​សម​គួរ ហើយទីក្រុងអូតាវ៉ា​ ​ក៏​នឹងសហការជាមួយប្រទេសចិន​ផង​ដែរ​​នៅពេល​ណា​​ចាំ​បាច់​​​ ដូចជា កិច្ចសហប្រតិបត្តិការ​លើការប្រែប្រួលអាកាសធាតុ ការមិនរីកសាយភាយនុយក្លេអ៊ែរ និងការទប់ស្កាត់ជំងឺរាតត្បាត​ជា​ដើម៕

អត្ថបទ៖ សុខ ជា​




អត្ថបទបន្ទាប់


EU យល់ព្រមជាបណ្ដោះអាសន្នកំណត់តម្លៃប្រេងរុស្ស៊ីនៅត្រឹម ៦០ ដុល្លារអាមេរិកក្នុងមួយធុងបារ៉ែល

ព័ត៌មាន
រដ្ឋាភិបាលនៃប្រទេសសហភាពអឺរ៉ុបបានព្រមព្រៀងគ្នាជាបណ្តោះអាសន្ននៅថ្ងៃព្រហស្បតិ៍ ទី១ ខែធ្នូ ក្នុងការកំណត់តម្លៃប្រេងឆៅរុស្ស៊ីនៅត្រឹម ៦០ដុល្លារក្នុងម…

តោះ! ទៅលេង ពិធីបុណ្យរដូវរំហើយ នៅខេត្តកំពង់ឆ្នាំងទាំងអស់គ្នា

ព័ត៌មាន
សិល្បៈ និងប្រពៃណីខ្មែរបុរាណកំពុងវិលត្រឡប់មកវិញបែបទំនើប ជាមួយ ពិធីបុណ្យរដូវរំហើយ ជាពិធីគគ្រឹកគគ្រេងចំនួន២ថ្ងៃ ដែលធ្វើឡើងដើម្បីអបអរសាទរវ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ