ផែនការសេដ្ឋកិច្ច

ចិនបន្តពុះពារអភិវឌ្ឍន៍សេដ្ឋកិច្ច ខណៈការធ្លាក់ចុះទីផ្សារអចលនទ្រព្យ និងការវិនិយោគឯកជននៅតែជាឧបសគ្គ


ទិន្នន័យដែលបានចេញផ្សាយនៅថ្ងៃសុក្រនេះ បានបង្ហាញថា ភាពទន់ខ្សោយ ដែលកំពុងតែបន្តនៅក្នុង វិស័យអចលនទ្រព្យ និងការវិនិយោគឯកជននៅប្រទេសចិន បានបន្តអូសបន្លាយពេលដល់ខែវិច្ឆិកា កន្លងមកនេះ។ លទ្ធផលអវិជ្ជមាននេះបានព្រមានបន្ថែមទៀតថា រដ្ឋាភិបាលចិនចាំបាច់ត្រូវតែបង្កើតវិធានការថែមទៀត ដើម្បីពង្រឹងទំនុកចិត្តវិនិយោគិន និងកាត់បន្ថយហានិភ័យហិរញ្ញវត្ថុនៅឆ្នាំ២០២៤។
ផែនការសេដ្ឋកិច្ច
ដោយ

ការិយាល័យស្ថិតិជាតិរបស់ចិន (NBS) បានបង្ហាញថា ការវិនិយោគក្នុងវិស័យអចលនទ្រព្យដែលជាវិស័យជន្ទល់សេដ្ឋកិច្ច និងជាវិស័យមួយ ដែលរងគ្រោះខ្លាំងនៅក្នុងអំឡុងវិបត្តិកូវីដ-១៩ បានបន្តធ្លាក់ចុះជាង៩% នៅ១១ខែដំបូងឆ្នាំ២០២៣ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ទិន្នន័យនេះបានធ្លាក់ចុះបន្ថែមទៀតពីការធ្លាក់ចុះ៩.៣%កាលពីខែមុន ខណៈដែលវាត្រូវគ្នានឹងការព្យាកររបស់ក្រុមហ៊ុន Wind ដែលផ្តល់ទិន្នន័យហិរញ្ញវត្ថុរបស់ចិន។ ចំណែកការវិនិយោគលើទ្រព្យសកម្មថេរបានកើនឡើងជិត៣% ក្នុងរយៈពេល១១ខែឆ្នាំនេះ បើធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន ដោយគ្មានការប្រែប្រួលច្រើនពីកំណើនដែលគេបានឃើញនៅក្នុងពេលពីខែមករា ដល់ខែតុលា នោះឡើយ។

កំណើននេះមួយផ្នែកបានមកដោយសារការសម្រេចចិត្តរបស់ទីក្រុងប៉េកាំង ក្នុងការលក់មូលបត្របំណុលអធិបតេយ្យរបស់ខ្លួនចំនួន១ទ្រីលានយន់ ប្រហែល១៣៩ពាន់លានដុល្លារកាលពីខែតុលា គួបផ្សំនឹងការលៃទុកដោយឡែកនូវចំនួនកូតាមូលបត្របំណុលរដ្ឋាភិបាលក្នុងស្រុក ដើម្បីធ្វើឲ្យសន្ទុះសេដ្ឋកិច្ចមានស្ថិរភាព។ ទន្ទឹមនឹងនេះ ការវិនិយោគឯកជនបានធ្លាក់ចុះ០.៥%នៅក្នុងរយៈពេល១១ខែដំបូងនៃឆ្នាំនេះបើធៀបនឹងឆ្នាំមុន។

លោក ឡារី ហ៊ូ (Larry Hu) ប្រធានសេដ្ឋវិទូនៅក្រុមហ៊ុន ម៉ែកក្វារី កាពីតុល (Macquarie Capital) បាននិយាយថា ទិន្នន័យនេះបានបង្ហាញថា សេដ្ឋកិច្ចរបស់ប្រទេសចិន បានធ្លាក់ចុះយ៉ាងច្បាស់នៅក្នុងត្រីមាសទី៤ ឆ្នាំនេះ ហើយថា ការធ្លាក់ចុះអចលនទ្រព្យ និងការវិនិយោគឯកជននេះមិនបានធ្វើឱ្យទីផ្សារមានការភ្ញាក់ផ្អើលនោះទេដូច្នេះហើយនេះគឺជាចំណុចឧបសគ្គដែលទីក្រុងប៉េកាំងកំពុងតែប្រឈម។

លោក ហ៊ូ បានបន្ថែមថា ទំនោរនៃការធ្លាក់ចុះការវិនិយោគឯកជន និងអចលនទ្រព្យដែលអាចនឹងបន្តចូលទៅដល់ឆ្នាំក្រោយនោះ ភាគច្រើនពឹងទៅលើសមត្ថភាពរបស់ប្រទេសចិនក្នុងការបង្កើតគោលនយោបាយ ដែលមានប្រសិទ្ធភាពដើម្បីដោះស្រាយបញ្ហានេះទាន់ពេលវេលា។ ទីក្រុងប៉េកាំងបានបង្ហាញពីវិធានការគាំទ្រកំណើនបន្ថែមទៀតនៅឆ្នាំក្រោយនៅក្នុងសន្និសីទស្ដីពីការងារសេដ្ឋកិច្ចមជ្ឈិមកាលពីដើមសប្តាហ៍នេះ ខណៈដែលចិនត្រូវបានគេរំពឹងយ៉ាងទូលំទូលាយថា នឹងកំណត់ទិសដៅកំណើនផលិតផលក្នុងស្រុកសរុបប្រហែល៥%នៅឆ្នាំ២០២៤៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ហេតុផលធំៗទាំង៣ដែលប្រទេសជុំវិញពិភពលោកចង់ឈប់ប្រើប្រាក់ដុល្លារអាម៉េរិកសម្រាប់ពាណិជ្ជកម្ម និងការទូទាត់

ព័ត៌មាន
ប្រាក់ដុល្លារអាម៉េរិកបានក្លាយជារូបិយប័ណ្ណបម្រុងរបស់ពិភពលោកចាប់តាំងពីសង្គ្រាមលោកលើកទី២មកម៉្លេះ ប៉ុន្តែហេតុផលនយោបាយគួបផ្សំជាមួយហេតុផលសេដ្…

វៀតណាមរកចំណូលបានជាង៥ពាន់លានដុល្លារ ពីការនាំចេញបន្លែ និងផ្លែឈើ នៅ១១ខែឆ្នាំនេះ

ព័ត៌មាន
ការនាំចេញផលិតផលកសិកម្មរបស់ប្រទេសវៀតណាម មានតម្លៃរាប់ពាន់លានដុល្លារ ខណៈចិន សហរដ្ឋអាម៉េរិក ជប៉ុន គឺសុទ្ធសឹងជាទីផ្សារធំជាងគេរបស់ប្រទេសក្ប…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ