សាច់គោរបស់អូស្ត្រាលី

ទីបំផុត! ចិនសម្រេចដកបម្រាមលើក្រុមហ៊ុននាំចេញសាច់គោរបស់អូស្ត្រាលីហើយ


រដ្ឋាភិបាលអូស្ត្រាលីបានអះអាងថា ចិនបានសម្រេចដកបម្រាមលើក្រុមហ៊ុនផលិត និងនាំចេញសាច់គោអូស្ត្រាលីធំៗចំនួន៥ បន្ទាប់ពីប្រទេសនេះបានហាមឃាត់មិនឱ្យក្រុមហ៊ុនទាំងនោះនាំចូលសាច់គោទៅកាន់ប្រទេសចិនអស់រយៈជាច្រើនឆ្នាំកន្លងមកនេះ។ ការដក់នេះបានបង្ហាញពីសញ្ញាល្អនៃការកែលម្អទំនាក់ទំនងរវាងរដ្ឋាភិបាលក្រុងកង់ប៉េរ៉ា និងរដ្ឋាភិបាលក្រុងប៉េកាំង។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
សាច់គោរបស់អូស្ត្រាលី
ដោយ

ប្រទេសអូស្ត្រាលី និងប្រទេសចិនដែលជាដៃគូពាណិជ្ជកម្មនឹងគ្នាដ៏ធំបំផុតនោះកំពុងកសាងទំនាក់ទំនងនឹងគ្នាឡើងវិញ បន្ទាប់ពីទំនាក់ទំនងទ្វេភាគីមានភាពតានតឹងឈានដល់កម្រិតទាបកាលពីឆ្នាំ២០២០ ក្រោយទីក្រុងកង់បេរ៉ាបានអំពាវនាវឱ្យមានការស៊ើបអង្កេតឯករាជ្យលើប្រភពដើមនៃជំងឺកូវីដ-១៩។ អូស្ត្រាលី គឺជាអ្នកផ្គត់ផ្គង់សាច់គោលំដាប់កំពូលមួយរបស់ចិន ប៉ុន្តែបរិមាណនាំចេញបានដាំក្បាលចុះ បន្ទាប់ពីទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរមានភាពជូរចត់។

ប្រទេសចិនបានផ្អាកការនាំចូលសាច់គោពីរោងចក្ររបស់អូស្ត្រាលីមួយចំនួនមិនឱ្យចូលទៅកាន់ទីផ្សាររបស់ខ្លួនក្នុងឆ្នាំ២០២០ ក្រោមហេតុផលមានភាពមិនប្រក្រតីនៃស្លាកសញ្ញា និងបញ្ហាបច្ចេកទេសផ្សេងៗ។ ប៉ុន្តែនៅថ្ងៃនេះ រដ្ឋាភិបាលអូស្ត្រាលីបាននិយាយថា ចិនបានលុបចោលបម្រាមនាំចូលសម្រាប់ក្រុមហ៊ុនផលិតសាច់គោអូស្ត្រាលីធំៗចំនួន៥ ដែលនឹងចូលជាធរមានភ្លាមៗតែម្ដង។

រដ្ឋមន្ត្រីការបរទេសអូស្ត្រាលីលោកស្រី ផេនី វ៉ុង (Penny Wong) និងរដ្ឋមន្ត្រីអូស្ត្រាលីពាក់ព័ន្ធមួយចំនួនទៀតបាននិយាយក្នុងសេចក្តីថ្លែងការណ៍រួមនៅថ្ងៃនេះថា អូស្ត្រាលីនឹងបន្តជំរុញឱ្យចិនដករបាំងពាណិជ្ជកម្មដែលនៅសេសសល់បន្ថែមទៀត រួមទាំងសម្រាប់ឧស្សាហកម្មបង្កងថ្មរបស់អូស្ត្រាលីផងដែរ។

មកដល់ពេលនេះកន្លែងកែច្នៃសាច់គោចំនួន៨ ត្រូវបានដកបម្រាមវិញហើយ ខណៈដែលកន្លែងកែច្នៃពីរទៀតនៅជាប់បម្រាមនៅឡើយ។ បើតាមរដ្ឋាភិបាលអូស្ត្រាលី របាំងពាណិជ្ជកម្មពីប្រទេសចិននៅមុនការបោះឆ្នោតនៅអូស្ត្រាលីកាលពីខែឧសភា ឆ្នាំ២០២២ បានប៉ះពាល់ដល់ការនាំចេញរបស់អូស្ត្រាលីក្នុងតម្លៃជាង២០ពាន់លានដុល្លារអូស្ត្រាលីប្រហែលជាង១៣ ពាន់លានដុល្លារអាម៉េរិក៕

អត្ថបទ៖ សុខ មង្គល

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឥទ្ធិពលពីវិបត្តិសេដ្ឋកិច្ចសកល បានធ្វើឱ្យការស្ថាបនាផ្លូវពីបូកគោទៅផ្លូវជាតិលេខ៤មានភាពយឺតយ៉ាវជាងផែនការ

ព័ត៌មាន
ក្រុមហ៊ុនសុខាអូតែលបានអះអាងថា វិបត្តិសេដ្ឋកិច្ចសកលបានជះឥទ្ធិពលលើគម្រោងស្ថាបនាផ្លូវថ្មី ដែលមានប្រវែង៦១គីឡូម៉ែត្រ និងមានតម្លៃប្រមាណ១៨០លានដុល្…

គម្រោងព្រែកជីកហ្វូណនតេជោនឹងបើកការដ្ឋានសាងសង់នៅខែសីហា ខាងមុខ តើអ្នកជំនាញមានការសាទរបែបណា?

ព័ត៌មាន
គម្រោងព្រែកជីកហ្វូណនតេជោ ដែលមានប្រវែង១៨០គីឡូម៉ែត្រ និងគ្រោងចំណាយថវិកាសាងសង់ប្រមាណ១ពាន់៧រយលានដុល្លារ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាប្រកាសជា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ