វិបត្តិហិរញ្ញវត្ថុ

តើការដួលរលំរបស់ធនាគារអាមេរិក SVB អាចនឹងរុញឲ្យមានវិបត្តិហិរញ្ញវត្ថុដូចឆ្នាំ២០០៧-២០០៨ ដែរ ឬយ៉ាងណា?


ស្ថានភាពទីផ្សារហិរញ្ញវត្ថុរបស់អាមេរិកនៅតែមិនទាន់ថយចុះមកត្រជាក់វិញនៅឡើយទេ ចាប់តាំងពីមានព្រឹត្តិការណ៍ដួលរលំភ្លាមៗនូវធនាគារធំៗចំនួន៣របស់អាមេរិកកាលពីសប្ដាហ៍មុន ពិសេសការដួលរលំធនាគារ SVB ដែលជាធនាគារធំបំផុតលំដាប់ទី១៦ នៅអាមេរិកតែម្ដង បើទោះបីជា រដ្ឋបាលលោកចូ បៃឌិន បានប្រកាសអំពីវិធានការក្នុងការអន្តរគមន៍ជួយដល់វិស័យនេះក៏ដោយចុះ។ មានសំណួរចោទសួរឡើងថា តើការដួលក្ស័យធនរបស់ធនាគារធំៗរបស់អាមេរិកនាពេលនេះ អាចនឹងរុញឲ្យមានវិបត្តិហិរញ្ញវត្ថុដូចកាលពីឆ្នាំ២០០៧-២០០៨ដែរ ឬទេ?
តើការដួលរលំរបស់ធនាគារអាមេរិក SVB អាចនឹងរុញឲ្យមានវិបត្តិហិរញ្ញវត្ថុដូចឆ្នាំ២០០៧-២០០៨ ដែរ ឬយ៉ាងណា? រូបភាព BNN

ខណៈដែលការដួលរលំនៃធនាគារធំៗនៅអាមេរិក នៅតែបន្ដលេចចេញនូវផលប៉ះពាល់នៅក្នុងទីផ្សារហិញ្ញវត្ថុអាមេរិក និងតំបន់នោះ មានការលើកឡើងជាច្រើនពាក់ព័ន្ធនឹងស្ថានភាពបច្ចុប្បន្ន ប៉ុន្ដែ អ្នកជំនាញសេដ្ឋកិច្ចដែលត្រូវបានស្រង់សម្ដីដោយសារព័ត៌មាន Al Jazeera បានលើកឡើងក្នុងន័យស្របគ្នាភាគច្រើនថា ការបរាជ័យដួលបេះជើងរបស់ធនាគារ SBV របស់អាមេរិក ដែលមានទ្រព្យសកម្មជាង២០០ពាន់លានដុល្លារនេះ គឺវាខុសគ្នាគួរឲ្យកត់សម្គាល់ បើគេប្រៀបធៀបទៅនឹងការដួលរលំនៃស្ថាប័នហិរញ្ញវត្ថុធំៗដូចជា Bee Stearns និង Lehman Brothers ដែលនាំឲ្យឈានមានវិបត្តិហិរញ្ញវត្ថុសាកលកាលពីអំឡុងឆ្នាំ២០០៧-២០០៨។ ខុសគ្នា ក៏ដោយសារតែ អាជីវកម្មរបស់ធនាគារ SVB គឺ ត្រូវបានប្រមូលផ្ដុំនៅក្នុងវិស័យមួយ ដែលមានទំនាក់ទំនងតិចតួចប៉ុណ្ណោះជាមួយនឹងធនាគារផ្សេងៗទៀត។

លោក David Skeel សាស្ត្រាចារ្យផ្នែកច្បាប់សាជីវកម្មនៅសាកលវិទ្យាល័យ Pennsylvania Law School បានបញ្ជាក់នៅក្នុងសារព័ត៌មាន Al Jazeera ថា ស្ថានភាពរបស់ធនាគារ SVB ប្រាកដជាធ្វើឲ្យមនុស្សជាច្រើនព្រួយបារម្ភ ប៉ុន្ដែ លោកយល់ថា វាមិនដូចទៅនឹងស្ថានភាពកាលពីពេលដែលធនាគារ Lehman Brothers ដួលរលំនោះទេ ពិសេស ថ្មីៗនេះ ធនាគារកណ្ដាលអាមេរិកក៏បានធ្វើអន្តរាគមន៍ជាច្រើនដែរ រួមទាំងការសន្យាថា នឹងការពារសូម្បីតែប្រាក់បញ្ជើ ដែលមិនមានការធានារ៉ាប់រងជាដើម។

ទោះយ៉ាងណា លោកថា ធនាគារផ្សេងៗទៀត ក៏ស្ថិតនៅក្នុងស្ថានភាពលំបាកស្រដៀងៗគ្នាដែរ ដោយសារតែការដំឡើងអត្រាការប្រាក់គោលរបស់ធនាគារកណ្ដាល។ ប៉ុន្ដែ ការឈានទៅរកវិបត្តិហិរញ្ញវត្ថុ វាមិនអាចនឹងកើតឡើងងាយៗ ឬឆាប់ពេកនោះទេ ដ្បិតថា បទបញ្ញាត្តិហិរញ្ញវត្ថុជាច្រើន ត្រូវបានរឹងបន្ដឹងយ៉ាងខ្លាំងចាប់តាំងពីវិបត្តិកាលពីឆ្នាំ២០០៧-២០០៨មកទល់បច្ចុប្បន្ន។

លោក William T Chittenden សាស្ត្រាចារ្យផ្នែកហិរញ្ញវត្ថុ និងសេដ្ឋកិច្ចនៅសាកលវិទ្យាល័យ Texas State បាននិយាយថា លោកជឿជាក់ថាការរាលដាលនៃឥទ្ធិពលដែលបណ្ដាលមកពីការដួលរលំនៃធនាគារ SVB នឹងមានកម្រិត។

លោកបន្ថែមថា ជាមួយនឹងកម្មវិធីផ្ដល់មូលនិធិសម្រាប់ធនាគារ ឬហៅកាត់ថា BTFP ធនាគារនានានឹងអាចទទួលបានប្រាក់កម្ចី ដើម្បីទប់ទល់នឹងការធ្លាក់ចុះតម្លៃមូលបត្រដែលកំពុងធ្លាក់ចុះ ដែលអនុញ្ញាតឲ្យពួកគេអាចបញ្ជៀសការលក់មូលបត្រទាំងខាតបង់។ នេះ គឺជាការផ្ដល់ឲ្យធនាគារនូវសាច់ប្រាក់ងាយស្រួល ដែលពួកគេត្រូវការ ដើម្បីបំពេញតម្រូវការសាច់ប្រាក់ សម្រាប់ផ្ដល់ជូនអ្នកដាក់ប្រាក់បញ្ញើដែលមានតម្រូវការដកប្រាក់។

យ៉ាងណាក៏ដោយចុះ អ្នកជំនាញថា គេនឹងអាចមើលឃើញពីប្រសិទ្ធភាពនៃវិធានការនេះ ឬក៏អត់នៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខទៀត។

ស្របពេលវិធានការអន្តរគមន៍ត្រូវបានដាក់ចេញ អាជ្ញាធរសហរដ្ឋអាមេរិកក៏កំពុងតែពិនិត្យតាមដានយ៉ាងដិតដល់បំផុតចំពោះធនាគារ First Republic និងធនាគារតូចៗមួយចំនួនទៀត ដោយបារម្ភថា អាចនឹងប្រឈមនឹងការដួលរលំផងដែរ ដ្បិតក្រោយពេលធនាគារ SVB បានដួលរលំកាលពីសប្ដាហ៍មុនហើយនោះ ភាគហ៊ុនរបស់ធនាគារ First Republic នេះក៏មានតម្លៃធ្លាក់ចុះដ៏គំហុកផងដែរ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗមួយចំនួន។ ប៉ុន្ដែ ស្ថានការណ៍ត្រូវបានស្ដារមកវិញបន្ដិច នៅក្រោយពេលដែលធនាគារនេះ ទទួលបានដើមទុនសម្រាប់ចាក់បញ្ចូលបន្ថែម ដើម្បីទប់ទល់ស្ថានការណ៍។ មន្ត្រីសេតវិមានអាមេរិក បានអះអាងថា ប្រព័ន្ធធនាគាររបស់សហរដ្ឋអាមេរិកស្ថិតក្នុង«ស្ថានភាពល្អប្រសើរវិញហើយ» ហើយអ្នកដាក់ប្រាក់បញ្ញើគួរតែមានទំនុកចិត្តថា មូលនិធិរបស់ពួកគេនឹងត្រូវបានការពារដោយសុវត្ថិភាព។

ទោះយ៉ាងណា មន្ត្រីសេតវិមានដដែលនេះបាននិយាយថា សហរដ្ឋអាមេរិកពិតជាកំពុងតាមដានអ្វីដែលកំពុងកើតឡើងនៅធនាគារ First Republic ព្រោះវា គឺជាធនាគារមួយក្នុងចំណោមធនាគារដែលកំពុងមានភាពតានតឹងខ្លាំង ប៉ុន្តែសហរដ្ឋអាមេរិកពេលនេះមិនទាន់ប្រកាសពីវិធានការណាមួយចំពោះធនាគារនេះនៅឡើយទេ។

គួរបញ្ជាក់ថា អ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិកបានប្រញាប់ប្រញាល់ដកយកប្រាក់បញ្ញើរបស់ពួកគេពីធនាគារមួយចំនួន ដែលពួកគេគិតថាមិនសូវទុកចិត្ត ទៅដាក់នៅតាមធនាគារយក្សមួយចំនួនទៀតរួមមាន ធនាគារ JPMorgan Chase & Co. ធនាគារ Bank of America Corp. និងធនាគារ Citigroup Inc. ជាដើម ចាប់តាំងពីការដួលរលំធនាគារ SVBមក។ ហើយបញ្ហានេះ កំពុងធ្វើឲ្យមានភាពចលាចលយ៉ាងខ្លាំងក្នុងប្រព័ន្ធទីផ្សារហិរញ្ញវត្ថុអាមេរិក៕




អត្ថបទបន្ទាប់


សម្ទុះនៃការជួញដូរផ្សារភាគហ៊ុនកម្ពុជាថយចុះ ក្រោយព្រឹត្តិការណ៍ដួលរលំភ្លាមៗនៃធនាគារធំៗ២របស់អាមេរិក

ព័ត៌មាន
ថ្នាក់ដឹកនាំផ្សារមូលបត្រកម្ពុជាកត់សម្គាល់ឃើញថា ការជួយដូរភាគហ៊ុននៅលើទីផ្សារមូលបត្រកម្ពុជាមាននិន្នាការធ្លាក់ចុះនៅ២ទៅ៣ថ្ងៃចុងក្រោយនេះ ពោលគឺ…

ហេតុអ្វីផ្លែស្រកានាគ និងទុរេនវៀតណាមប្រឈមនឹងហានិភ័យលើសតម្រូវការនៅឆ្នាំនេះ?

ព័ត៌មាន
ដំណាំសក្ដានុពលដ៏សំខាន់របស់វៀតណាម គឺស្រកានាគ និងទុរេន កំពុងប្រឈមនឹងបញ្ហាទីផ្សារ ដោយសារតែកន្លងមកដំណាំទាំងនេះ វៀតណាមនាំចេញក្នុងចំនួនដ៏…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ