ស្ថានីយប្រេងឥន្ធនៈ

បទល្មើសក្នុងវិស័យប្រេងឥន្ធនៈធ្លាក់ចុះគួរឱ្យកត់សម្គាល់ ខណៈមានស្ថានីយប្រេងឥន្ធនៈ១៨ប៉ុណ្ណោះត្រូវបានរកឃើញរកស៊ីមិនត្រឹមត្រូវនៅ៦ខែឆ្នាំនេះ


មន្រ្តីជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) បានបន្តចុះត្រួតពិនិត្យនៅតាមបណ្តាស្ថានីយ និងដេប៉ូប្រេងឥន្ធនៈ ដើម្បីបង្ក្រាប និងទប់ស្កាត់ការអាជីវកម្មមិនសុចរិតក្នុងវិស័យប្រេងឥន្ធនៈក្រោមរូបភាពលក់បន្លំគុណភាពនិងបរិមាណ។ នៅក្នុងការចុះត្រួតពិនិត្យជាបន្តបន្ទាប់នៅក្នុងរយៈពេល៦ខែមកនេះ មន្រ្តីជំនាញរកឃើញមានស្ថានីយ និងដេប៉ូប្រេងឥន្ធនៈចំនួន១៨កន្លែងបានប្រកបអាជីវកម្មមិនសុចរិតផ្នែកបរិមាណនិងគុណភាព ប៉ុន្តែបទល្មើសក្នុងវិស័យប្រេងឥន្ធនៈនេះមានការថយចុះគួរឱ្យកត់សម្គាល់។
ស្ថានីយប្រេងឥន្ធនៈ
ដោយ

ឯកឧត្តម ផាន អូន អគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំបានគូសបញ្ជាក់ប្រាប់ខេមបូណូមីសថា នៅក្នុងរយៈពេល៦ខែ ឆ្នាំ២០២៤ មន្រ្តីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប. បានចុះត្រួតពិនិត្យគុណភាព និងរង្វាស់រង្វាល់តាមបណ្តាស្ថានីយ និងដេប៉ូប្រេងឥន្ធនៈបានចំនួន៥៥ស្ថានីយ/ដេប៉ូ ដោយរកឃើញស្ថានីយ/ដេប៉ូ ចំនួន១៨ បានប្រកបអាជីវកម្មមិនសុចរិតផ្នែកបរិមាណ និងគុណភាព។ ថ្នាក់ដឹកនាំរូបនេះបានអះអាងថា នៅក្នុងករណីទាំងនេះ ពុំមានការកសាងសំណុំរឿងបញ្ជូនទៅតុលាការចំពោះបុគ្គលដែលបានប្រព្រឹត្យល្មើសនោះទេ ដោយគ្រាន់តែព្រមាន និងពិន័យអន្តរការទៅតាមនីតិវិធីច្បាប់តែប៉ុណ្ណោះ។

បើតាមការគូសបញ្ជាក់របស់ថ្នាក់ដឹកនាំរូបនេះ ក្រោយពីមានការចុះត្រួតពិនិត្យពីសមត្ថកិច្ចរបស់អគ្គនាយកដ្ឋាន ក.ប.ប.ដូចភ្លៀងរលឹមជាបន្តបន្ទាប់រួចមក បទល្មើសក្នុងវិស័យប្រេងឥន្ធនៈមានការថយចុះគួរកត់សម្គាល់ ដែលនេះបញ្ជាក់ឱ្យឃើញថា អគ្គនាយកដ្ឋាននេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋ រក្សាភាពត្រឹមត្រូវលើការប្រកួតប្រជែងក្នុងវិស័យប្រេងឥន្ធនៈ ក៏ដូចជាជួយគាំទ្រគោលនយោបាយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រ។ ​

គួរបញ្ជាក់ថា កន្លងមកមន្ត្រីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប បានចុះត្រួតពិនិត្យ និងអនុវត្តវិធានការវិន័យក្រោមរូបភាពធ្វើកិច្ចសន្យាណែនាំ និងពិន័យអន្តរការណ៍លើម្ចាស់ស្ថានីយ និងដេប៉ូប្រេងឥន្ធនៈ ដែលប្រកបអាជីវកម្មមិនសុចរិតក្នុងវិស័យប្រេងឥន្ធនៈយ៉ាងសស្រាក់សស្រាំក្នុងក្របខណ្ឌទូទាំងប្រទេស​។ ប៉ុន្តែនៅតែសង្កេតឃើញថា សកម្មភាពលក់ប្រេងឥន្ធនៈបន្លំគុណភាព និងបរិមាណរបស់ស្ថានីយ និងដេប៉ូប្រេងឥន្ធនៈនៅតែបន្តកើតមានជាហូរហែ។

បើតាមការគូសបញ្ជាក់របស់ឯកឧត្តម ផាន អូន នៅពេញមួយឆ្នាំ២០២៣ មន្ត្រីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប បានចុះត្រួតពិនិត្យរង្វាស់រង្វាល់ និងគុណភាពនៅតាមស្ថានីយ និងដេប៉ូប្រេងឥន្ធនៈទូទាំងប្រទេសបានចំនួនជិត១ពាន់៧រយកន្លែង ក្នុងនោះមានស្ថានីយ និងដេប៉ូប្រេងឥន្ធនៈជិត២៥០កន្លែងត្រូវបានមន្ត្រីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប. រកឃើញបានប្រកបអាជីវកម្មមិនសុចរិតតាមរយៈការលក់បន្លំគុណភាព និងបរិមាណ មានការថយចុះ២០% បើធៀបនឹងឆ្នាំ២០២២៕

អត្ថបទ៖ បូ ដូឡា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាម រកចំណូលពីការនាំចេញទុរេនបានជាង១ពាន់លានដុល្លារត្រឹមរយៈពេល២ខែ

ព័ត៌មាន
ប្រទេសវៀតណាម អាចរកចំណូលបានរហូតដល់ទៅ១,៥ពាន់លានដុល្លារអាម៉េរិក ពីការនាំចេញទុរេនក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៤ នេះ ហើយអ្វីដែលគួរឱ្យកត់សម្គ…

តើអ្នកវិនិយោគ និងអ្នកទេសចរបរទេសពិតជារងការលំបាក និងការកោសរូសទារប្រាក់ក្រោមតុមែនឬ?

ព័ត៌មាន
បច្ចុប្បន្នអ្នកវិនិយោគបរទេសនានាកំពុងសម្លឹងមើលពីសក្ដានុពលរបស់កម្ពុជា ខណៈរាជរដ្ឋាភិបាលក៏កំពុងយកចិត្តទុកដាក់ក្នុងការផ្ដល់នូវអត្ថប្រយោជន៍នានា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ