អំឡុងយុទ្ធនាការឃោសនារកសំឡេងគាំទ្រនៅរដ្ឋ Pennsylvania លោក ដូណាល់ ត្រាំ បានបង្ហាញទស្សនៈរបស់លោកជុំវិញវិធីសាស្ត្រដែលសហរដ្ឋអាម៉េរិក នឹងត្រូវដោះស្រាយជាមួយសហភាពអឺរ៉ុបទាក់ទិននឹងពាណិជ្ជកម្ម ដែលអាចនឹងធ្វើឱ្យអឺរ៉ុបខាតបង់រាប់ពាន់លានដុល្លារ។
លោកបានលើកឡើងថា លោកត្រូវតែនិយាយ គឺថា សហភាពអឺរ៉ុបហាក់ចិត្តល្អជាមួយគ្រប់ប្រទេសជាមិត្តទាំងអស់របស់ខ្លួន ប៉ុន្តែសហភាពអឺរ៉ុបមិនទិញរថយន្ត ឬផលិតផលកសិកម្មរបស់សហរដ្ឋអាម៉េរិកនោះឡើយ ខណៈដែលពួកគេលក់រថយន្តរាប់លានគ្រឿងនៅលើទឹកដីសហរដ្ឋអាម៉េរិក។ ដូច្នេះសហភាពអឺរ៉ុប នឹងត្រូវប្រឈមផលវិបាក ឬការខាតបង់ធ្ងន់ធ្ងរ ប្រសិនបើលោកឈ្នះការបោះឆ្នោត។
សូមបញ្ជាក់ថា នៅមុននេះលោក ដូណាល់ ត្រាំ ធ្លាប់បានស្នើយកពន្ធ១០%លើទំនិញទាំងអស់របស់សហភាពអឺរ៉ុប ដែលលក់នៅលើទឹកដីសហរដ្ឋអាម៉េរិក ដែលអាចប៉ះពាល់យ៉ាងខ្លាំងដល់បណ្ដាឧស្សាហកម្មនាំចេញរបស់អឺរ៉ុប និងធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងពាណិជ្ជកម្មក្រៅប្រទេសដ៏ធំបំផុតរបស់ខ្លួន។
ខណៈដែលបណ្ដាក្រុមហ៊ុននាំចេញរបស់សហភាពអឺរ៉ុប ត្រៀមខ្លួនប្រឈមមុខនឹងបញ្ហាប្រឈមនានាដែលអាចកើតមានទិន្នន័យពីគណៈកម្មការអឺរ៉ុបបានបង្ហាញពីហានិភ័យសេដ្ឋកិច្ចដែលពាក់ព័ន្ធដោយក្នុងនោះអាល្លឺម៉ង់ អ៊ីតាលី និងអៀរឡង់ គឺជាប្រទេសដែលរងផលប៉ះពាល់ខ្លាំងជាងគេ៕
ដោយ: តែម សុខុម