ការបង្ហូរទឹកសំណល់ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរហ្វូគូស៊ីម៉ាចូលសមុទ្រ

តើគេគួរបារម្ភអំពីការបង្ហូរទឹកសំណល់ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរហ្វូគូស៊ីម៉ាចូលសមុទ្រដែរឬទេ?


រដ្ឋាភិបាលជប៉ុនចង់ចាប់ផ្តើមបញ្ចេញទឹកមានវិទ្យុសកម្មដែលបន្សាបរួច ពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima នៅដើមខែសីហា។ អ្នកជំនាញខ្លះនិយាយថា ការបញ្ចេញទឹកវិទ្យុសកម្មសម្អាតរួច ពីរោងចក្រថាមពលនុយក្លេអ៊ែរដែលបំផ្លាញដោយរលកយក្សស៊ូណាមិកាលពីឆ្នាំ២០១១ ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក នឹងធ្វើឱ្យមហាសមុទ្រក្នុងពិភពលោកកាន់តែកខ្វក់ថែមទៀត។ អ្នកជំនាញខ្លះទៀតថា ពុំមានអ្វីគួរឱ្យព្រួបារម្ភទេ។ អ្នកនេសាទជប៉ុនបានរអ៊ូថា ពួកគេអស់សង្ឃឹមក្នុងការការពារកេរ្តិ៍ឈ្មោះគ្រឿងសមុទ្រជប៉ុនហើយ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន CNA។
តើគេគួរបារម្ភអំពីការបង្ហូរទឹកសំណល់ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរហ្វូគូស៊ីម៉ាចូលសមុទ្រដែរឬទេ?

អ្នកជំនាញបាននិយាយថា ការបញ្ចេញទឹកវិទ្យុសកម្មដែលត្រូវបានសម្អាតរួច ពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima ដែលបានបំផ្លាញដោយរលកយក្សស៊ូណាមិ ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក នឹងធ្វើឱ្យមហាសមុទ្រក្នុងពិភពលោកកាន់តែកខ្វក់ថែមទៀត នៅពេលដែលមហាសមុទ្រកំពុងរងគ្រោះពីការប្រែប្រួលអាកាសធាតុ និងពីការបំពុលផ្សេងៗរួចទៅហើយ។

កាលពីថ្ងៃអង្គារ ក្រុមឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិបាននិយាយថា ការត្រួតពិនិត្យរយៈពេលពីរឆ្នាំបង្ហាញថា ផែនការរបស់ប្រទេសជប៉ុនក្នុងការបញ្ចេញទឹកមានវិទ្យុសកម្មដែលបន្សាបហើយ ទៅក្នុងសមុទ្រគឺស្របតាមស្តង់ដារសុវត្ថិភាពពិភពលោក។ ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) បាននិយាយថា វិធានការនេះនឹងមាន "ផលប៉ះពាល់ពីវិទ្យុសកម្មតិចតួចចំពោះមនុស្ស និងបរិស្ថាន"។

ទោះជាយ៉ាងណាក៏ដោយ បណ្ឌិត Robert Richmond នាយកមន្ទីរពិសោធន៍សមុទ្រនៅសាកលវិទ្យាល័យ Hawaii បាននិយាយថា មហាសមុទ្រនាពេលបច្ចុប្បន្ននេះរងគ្រោះរួចទៅហើយ។ លោកបានថ្លែងក្នុងសម្ដីដើមកាលីថ្ងៃពុធថា៖ “យើងឃើញការបំពុលមហាសមុទ្រ ការនេសាទហួសប្រមាណ និងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ។ ដូច្នេះ យើងមិនមែនកំពុងប្រឈមមុខនឹងផ្ទាំងក្រណាត់សស្អាតទេ”។ លោកបណ្ឌិតសង្កត់ធ្ងន់ថា៖ «(...) ឥឡូវនេះយើងកំពុងបន្ថែមបន្ទុកដ៏ធ្ងន់ថ្មីឱ្យមហាសមុទ្រ»។

អ្នកជំនាញនានាមានទស្សនៈផ្សេងៗគ្នាអំពីរឿងដែលថា តើការបញ្ចេញទឹកមានវិទ្យុសកម្មដែលបន្សាបហើយ ពីរោងចក្រ Fukushima ចូលសមុទ្រ នឹងមានសុវត្ថិភាពដែរឬទេ?

បណ្ឌិត Richmond បានលើកឡើងក្នុងសម្ដីដើមថា៖ «ហេតុផលគឺថានៅមានចន្លោះប្រហោងផ្នែកទិន្នន័យច្រើនណាស់។ គំនិតដែលថាអ្នកបានបំពេញតាមបទដ្ឋានដែលអាចទទួលយកបាន ក្នុងនាមខ្ញុំជាជីវវិទូម្នាក់ គឺមិនអាចឱ្យខ្ញុំយល់ស្របទាល់តែសោះ»។

សូមរម្លឹកថា ម៉ាស៊ីនចម្រាញ់ថាមពលនុយក្លេអ៊ែររបស់រោងចក្រ Fukushima ជាច្រើនធ្លុះធ្លាយ បន្ទាប់ពីប្រព័ន្ធត្រជាក់ត្រូវបានបំផ្លិចបំផ្លាញដោយរលកយក្សស៊ូណាមិក្នុងឆ្នាំ ២០១១។

រដ្ឋាភិបាលជប៉ុនបានអះអាងថា បន្ទាប់ពីមានការខូចខាត ខ្លួនបានបន្សាបទឹកមានធាតុវិទ្យុសកម្ម ដែលត្រូវបានប្រើប្រាស់សម្រាប់ស្អំ បំពង់បង្ហូរថាមពលនុយក្លេអ៊ែររបស់រោងចក្រឱ្យត្រជាក់ និងដែលមានបរិមាណច្រើនល្មមសម្រាប់បំពេញអាងហែលទឹកកីឡាអូឡាំពិកចំនួន ៥០០ អាង រួចរាល់អស់ហើយ។ ទឹកសំណល់ត្រូវបានច្រោះដើម្បីយកធាតុវិទ្យុសកម្មភាគច្រើនចេញ លើកលែងតែសារធាតុទ្រីចូម (tritium) ដែលជាទម្រង់អាតូមអ៊ីដ្រូសែនដែលពិបាកញែកចេញពីទឹក។

អ្នកសង្កេតការណ៍មួយចំនួនបាននិយាយថា ជាការកាត់បន្ថយហានិភ័យ គេនឹងព្យាបាលទឹកដែលត្រូវបានបន្សាបរួចហើយនោះបន្ថែមទៀតដើម្បីធ្វើឱ្យសារធាតុទ្រីចូមស្ថិតនៅក្រោមកម្រិតដែលអនុម័តដោយអន្តរជាតិ មុនពេលបង្ហូរទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។

ទោះជាយ៉ាងនេះក្ដី មានការប្រឆាំងយ៉ាងខ្លាំងពីប្រជាជនជប៉ុនផ្ទាល់និងពីសំណាក់ប្រទេសជិតខាង ចំពោះគម្រោងបង្ហូរទឹកសំណល់ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Daiichi នៅទីក្រុង Fukushima។ សហជីពនេសាទជប៉ុនបានប្រឆាំងនឹងផែនការនេះយូរមកហើយ ដោយនិយាយថា ខ្លួននឹងឈប់ខំប្រឹងជួសជុលការខូចខាតកេរ្តិ៍ឈ្មោះគ្រឿងសមុទ្រជប៉ុនហើយ បន្ទាប់ពីប្រទេសមួយចំនួនបានហាមឃាត់ផលិតផលអាហារសមុទ្រជប៉ុនមួយចំនួន ដោយសារការភ័យខ្លាចវិទ្យុសកម្ម។

សាស្ត្រាចារ្យរូបធាតុវិទ្យា Robin Grimes នៅមហាវិទ្យាល័យ Imperial ទីក្រុងឡុងដ៍ បានកត់សម្គាល់ថា អ្នកនេសាទនៅក្នុងតំបន់ប្រហែលជាកាន់តែលំបាកលក់ត្រីរបស់ពួកគេ។

ទន្ទឹមនឹងនោះ ក៏មានការប្រឆាំងយ៉ាងខ្លាំងក្លាពីប្រទេសជិតខាងមួយចំនួន ជុំវិញការគំរាមកំហែងដល់បរិស្ថាន ដោយទីក្រុងប៉េកាំងបានក្លាយជាអ្នករិះគន់ដ៏ខ្លាំងក្លាបំផុត។ លោកសាស្ត្រាចារ្យ Grimes មានប្រសាសន៍ថា ជប៉ុន“មានការងារត្រូវបំពេញដើម្បីធានាដល់ប្រទេសជិតខាង ហើយត្រូវប្រាកដថា ប្រទេសជិតខាងមានសិទ្ធិចូលប្រើទិន្នន័យទាំងអស់ដើម្បីឱ្យអ្នកជំនាញរបស់ពួកគេអាចធ្វើការវាយតម្លៃដោយខ្លួនឯង”។

រដ្ឋាភិបាលជប៉ុនកំពុងសម្លឹងរកការចាប់ផ្តើមបញ្ចេញទឹកព្យាបាលនៅដើមខែសីហា។ នេះបើយោងតាមរបាយការណ៍មួយចំនួន។

បណ្ឌិត John Lee មកពីដេប៉ាតឺម៉ង់វិស្វកម្មនុយក្លេអ៊ែរនិងវិទ្យាសាស្ត្រវិទ្យុសកម្មនៃសាកលវិទ្យាល័យ Michigan បាននិយាយថា បរិមាណហានិភ័យដែលពាក់ព័ន្ធ«គឺតិចតួចបំផុត និងមិនមានផលវិបាក»ទេ។ បណ្ឌិត Lee បានប្រាប់ CNA នៅថ្ងៃពុធថា "ដូច្នេះ ខ្ញុំមិនឃើញមានហេតុផលណាមួយដែលប្រទេសផ្សេងៗគួរបារម្ភអំពីការបញ្ចេញទឹកដែលត្រូវបានបន្សាបរួចទៅក្នុងមហាសមុទ្រនៅពេលនេះទេ"៕




អត្ថបទបន្ទាប់


ទីប្រឹក្សាក្រុងប៉េកាំងព្រមានអាមេរិកថា វិធានការទប់ស្កាត់ការនាំចេញវត្ថុធាតុដើមរបស់ចិន គឺគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះ

ព័ត៌មាន
ទីប្រឹក្សាគោលនយោបាយពាណិជ្ជកម្មចិនដ៏មានឥទ្ធិពលមួយរូបបាននិយាយកាលពីថ្ងៃពុធថា ការទប់ស្កាត់ការនាំចេញរបស់ចិនលើលោហធាតុដែលប្រើក្នុងការផលិតបន្ទ…

ថ្នាក់ដឹកនាំខេត្តព្រះសីហនុចង់អភិវឌ្ឍកំពង់ផែទេសចរណ៍ដែលទើបសម្ពោធដាក់ឲ្យប្រើប្រាស់ ឱ្យក្លាយជាកំពង់ផែអន្តរជាតិ

ព័ត៌មាន
កំពង់ផែទេសចរណ៍ខេត្តព្រះសីហនុ ដែលជាកំពង់ផែទេសចរណ៍ដំបូងគេដ៏ធំមួយដែលអាចចេញចូលអូប័រទេសចរណ៍តូចធំចំនួន២០គ្រឿងក្នុងពេលតែមួយ និងជាកំពង់ផ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ