បារាំង-អាល្លឺម៉ង់

បារាំង និងអាល្លឺម៉ង់រួមគ្នាផ្តល់ប្រាក់ឧបត្ថម្ភធនដល់ក្រុមហ៊ុនអឺរ៉ុប ឆ្លើយតបនឹងច្បាប់កាត់បន្ថយអតិផរណារបស់អាមេរិក


អាល្លឺម៉ង់ និងបារាំងកាលពីថ្ងៃចន្ទទី១៨ធ្នូ បានបង្ហាញការគាំទ្រសម្រាប់គំនិតផ្តួចផ្តើមដោយប្រទេសទាំងពីរផ្ទាល់ក្នុងការផ្តល់ប្រាក់ឧបត្ថម្ភធនសម្រាប់ក្រុមហ៊ុនឧស្សាហកម្មបៃតងរបស់អឺរ៉ុប ជាការឆ្លើយតបទៅនឹងច្បាប់កាត់បន្ថយអតិផរណាថ្មីរបស់អាមេរិក ដែលរួមបញ្ចូលការផ្តល់ប្រាក់ឧបត្ថម្ភធនជាច្រើនសម្រាប់ក្រុមហ៊ុនអាមេរិក។
បារាំង និងអាល្លឺម៉ង់រួមគ្នាផ្តល់ប្រាក់ឧបត្ថម្ភធនដល់ក្រុមហ៊ុនអឺរ៉ុប

ច្បាប់ថ្មីរបស់អាមេរិកនេះ គឺជារឿងមិនល្អឡើយសម្រាប់ក្រុមហ៊ុនអឺរ៉ុប នៅអាមេរិក ដែលមិនទទួលបានអត្ថប្រយោជន៍អ្វីសោះពីរដ្ឋបាលក្រុងវ៉ាស៊ីនតោន ដែលទាមទារឱ្យអឺរ៉ុបត្រូវចាត់វិធានការឆ្លើយតបវិញ ដើម្បីជំរុញសមត្ថភាពប្រកួតប្រជែងសម្រាប់ក្រុមហ៊ុនរបស់ពួកគេ។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។

នៅក្នុងសេចក្តីថ្លែងការរួមរបស់អាល្លឺម៉ង់ និងបារាំង បានរៀបរាប់ថា៖ ប្រទេសទាំងពីរចង់ធានាឱ្យបាននូវមូលដ្ឋានឧស្សាហកម្មរបស់អឺរ៉ុប ជាពិសេសឧស្សាហកម្មបៃតងសំខាន់ៗនាពេលបច្ចុប្បន្ន។ រដ្ឋមន្ត្រីសេដ្ឋកិច្ចនៃប្រទេសទាំងទ្វេ ធ្លាប់បានណែនាំពីវិធានការផ្តល់ប្រាក់ឧបត្ថម្ភធន់ និងកាត់បន្ថយពន្ធសម្រាប់ ឧស្សាហកម្មបៃតងដូចជា ការផលិតថាមពលពីកម្លាំងខ្យល់បក់ ថាមពលពន្លឺព្រះអាទិត្យ ការផលិតម៉ាស៊ីនបូមកំដៅ និងការផលិតអ៊ីដ្រូសែនជាដើម។

ទន្ទឹមនឹងនេះ ពួកគេបានជំរុញឱ្យគណៈកម្មការប្រតិបត្តិរបស់អឺរ៉ុប ចរចាជាមួយទីក្រុងវ៉ាស៊ីនតោន សម្រាប់ក្រុមហ៊ុនអ៊ឺរ៉ុប ដើម្បីទទួលបានការលើកលែងដូចទៅនឹងក្រុមហ៊ុនរបស់ប្រទេសម៉ិកស៊ិក និងកាណាដា ដែលជាដៃគូពាណិជ្ជកម្មសេរីដូចគ្នា។

គំនិតផ្តួចផ្តើមទាំងនេះ កើតចេញពីប្រទេសមានសេដ្ឋកិច្ចធំទាំងពីររបស់អឺរ៉ុប គឺបារាំង និងអាល្លឺម៉ង់ ខណៈសំណើត្រូវបានរុញបន្តមកគណៈកម្មការអឺរ៉ុប។ លោកស្រី អ៊ូហ្សូឡា វ៉ុនឌឺលីយេន ប្រធានគណៈកម្មការអឺរ៉ុប និយាយថា ប្លុកទាំង២៧ប្រទេស គួរតែកែសម្រួលច្បាប់របស់ខ្លួន ដើម្បីបើកផ្លូវឱ្យមានជំនួយពីរដ្ឋ ពីសេសជួយដល់ការផ្លាស់ប្តូរការប្រើប្រាស់ឥន្ធនៈហ្វូស៊ីលទៅជាថាមពលបៃតង។

លោកស្រីបន្ថែមថា អឺរ៉ុបនិងសហរដ្ឋអាមេរិកគួរតែធ្វើការជាមួយគ្នា ដើម្បីធានាថា វិធានការជំនួយ ក៏ដូចជាការធ្វើការរួមគ្នា គឺមានគោលដៅរួម ដើម្បីស្វែងរកប្រភពជំនួសនៃវត្ថុធាតុដើមសំខាន់ៗ ដែលផ្គត់ផ្គង់ដោយប្រទេសចិននាពេលបច្ចុប្បន្ន។

សូមជម្រាបថា ជាមួយនឹងច្បាប់ដែលភ្ជាប់មកជាមួយប្រាក់ឧបត្ថម្ភធន់ដ៏សន្ធឹកសន្ធាប់សម្រាប់ក្រុមហ៊ុនអាមេរិកនេះ ពលរដ្ឋដែលបញ្ជាទិញរថយន្តអគ្គិសនីថ្មីៗ ដូចជា តេស្លា(Tesla) ហ្វត(Ford) និងរថយន្ត ប្រភេទ EV មួយចំនួនទៀតដែលផលិតនៅអាមេរិក នឹងអាចដកពន្ធត្រឡប់មកវិញបាន ៧៥០០ដុល្លារ។ ប្រការនេះធ្វើឱ្យក្រុមហ៊ុនអឺរ៉ុបបារម្ភពីការខាតបង់ប្រាក់ដ៏ច្រើនព្រោះពួកគេត្រូវអនុលោមតាមច្បាប់ថ្មី ប៉ុន្តែមិនមានការឧបត្ថម្ភធន់ដូចក្រុមហ៊ុនអាមេរិក។ ភាគីទាំងពីរធ្លាប់បានចរចាជាច្រើនសារ ដើម្បីរកដំណោះស្រាយដែរ ប៉ុន្តែមិនមានការស្រុះស្រួលគ្នាឡើយគិតទល់នឹងពេលនេះ បើទោះបីជា ប្រធានាធិបតីអាមេរិក ចូ បៃឌិន ធ្លាប់បានបង្ហើបប្រាប់ប្រធានាធិបតីបារាំងផ្ទាល់មាត់ថា អាមេរិកអាចមានលទ្ធភាពកែសម្រួលច្បាប់ស្ដីពីការកាត់បន្ថយអតិផរណារបស់ខ្លួន ដើម្បីផលប្រយោជន៍អឺរ៉ុបយ៉ាងណាក្ដី៕




អត្ថបទបន្ទាប់


EU បើកភ្លើងខៀវជាលើកដំបូងមិនធ្លាប់មានសម្រាប់ការកំណត់តម្លៃឧស្ម័ន ដើម្បីដោះស្រាយវិបត្តិថាមពលធ្ងន់ធ្ងរ

ព័ត៌មាន
បន្ទាប់ពីអ្នកនយោបាយជជែកគ្នាអស់ជាច្រើនខែ និងមានសំណើសេចក្តីព្រាងសេចក្តីថ្លែងការណ៍រួម ក៏ដូចជាកិច្ចប្រជុំបន្ទាន់រាប់មិនអស់នោះ ទីបំផុតទៅសហភា…

ទីផ្សារអាជីវកម្មដឹកជញ្ជូនអាហារនៅថៃនឹងឈានដល់ ២,៥ពាន់លានដុល្លារ ប៉ុន្ដែមានទំនោរថយចុះនៅឆ្នាំក្រោយ

ព័ត៌មាន
ទីផ្សារអាជីវកម្មដឹកជញ្ជូនអាហារនៅប្រទេសថៃនឹងមានដល់ទៅជាង ២៥០០ លានដុល្លារនៅឆ្នាំ២០២៣ ក៏ប៉ុន្ដែវាហាក់មានទំនោរថយចុះចន្លោះពី ០,៨% ទៅ ៦,៥% …

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ