ទីផ្សារមាស

ឥណ្ឌា ក្លាយជាកាតាលីករជំរុញឱ្យមាសឡើងថ្លៃនៅលើទីផ្សារពិភពលោកជំនួសចិន


ការផ្លាស់ប្តូរគោលនយោបាយរបស់រដ្ឋាភិបាលឥណ្ឌា កំពុងធ្វើឲ្យប្រទេសដែលមានប្រជាជនច្រើនជាងគេបំផុតនៅលើពិភពលោកមួយនេះ ក្លាយជាកាតាលីករថ្មីជំនួសឲ្យប្រទេសចិន ក្នុងការធ្វើឱ្យមានការប្រែប្រួលតម្លៃមាសនៅលើទីផ្សារអន្តរជាតិ។ ការសម្រុកប្រមូលទិញមកស្តុកទុករបស់ឥណ្ឌា និងតម្រូវការមាសនៅប្រទេសនានា បានធ្វើឲ្យតម្លៃមាសនៅលើទីផ្សារអន្តរជាតិ ហក់ឡើងដល់ចំណុចខ្ពស់បំផុតចន្លោះពី៣ពាន់៦០ដុល្លារ ទៅ៣ពាន់៨០ដុល្លារ នៅក្នុងមួយតម្លឹង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei Asia។
ទីផ្សារមាស
ដោយ

ការផ្លាស់ប្តូរគោលនយោបាយក្នុងការទិញមាសរបស់ឥណ្ឌា និងការទិញមាសរបស់បណ្តាធនាគារកណ្តាលនៅក្នុងទីផ្សារ ដែលកំពុងរីកចម្រើនដូចជាប្រទេសប៉ូឡូញ រួមទាំងក្តីរំពឹងអំពីការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារកណ្តាលអាម៉េរិក បានជំរុញឲ្យតម្លៃមាសនៅលើទីផ្សារពិភពលោកហក់ឡើង និងមានភាពរឹងមាំ។ ស្ថិតក្នុងស្ថានភាពបែបនេះ បានធ្វើឱ្យមានការព្យាករថា តម្លៃមាសនៅទីផ្សារក្នុងទីក្រុងញូវយ៉កសហរដ្ឋអាម៉េរិកនឹងហក់ឡើងក្នុងរង្វង់ពី៣ពាន់៦០ដុល្លារ ទៅ៣ពាន់៨០ដុល្លារ ក្នុងមួយតម្លឹង។

ការផ្លាស់ប្តូរគោលនយោបាយរបស់រដ្ឋាភិបាលឥណ្ឌា បានជួយឱ្យប្រទេសដែលមានប្រជាជនច្រើនជាងគេលើពិភពលោកមួយនេះ ក្លាយជាចលករថ្មីជំនួសចិន ក្នុងការជំរុញឱ្យមានការប្រែប្រួលតម្លៃមាសនៅលើទីផ្សារពិភពលោក ហើយតាមរយៈការផ្លាស់ប្តូរគោលនយោបាយនេះ ធ្វើឱ្យមានការរំពឹងទុកថា នឹងមានការបង្កើនការទិញមាសមកស្តុកទុកបន្ថែមពីធនាគារកណ្តាលឥណ្ឌា។ ជាក់ស្តែង ដើម្បីបង្កើនបរិមាណស្តុកមាសរបស់ខ្លួន រដ្ឋាភិបាលឥណ្ឌា បានទម្លាក់ពន្ធនាំចូលមាស និងលោហៈមានតម្លៃផ្សេងទៀតរហូតដល់ទៅ១៥% ក្រៅពីនោះក៏មានការសើរើលើបញ្ហាពន្ធលើមាសផ្សេងៗទៀតផងដែរ។

ក្រុមប្រឹក្សាមាសពិភពលោក បានឱ្យដឹងថា តម្រូវការមាសនៅក្នុងប្រទេសឥណ្ឌា នៅឆ្នាំនេះ បានកើនឡើង១,៥% ដែលនាំឲ្យឥណ្ឌានាំចូលមាសនៅឆមាសទី១ឆ្នាំនេះ កើនដល់ជិត២៨៩តោន ហើយគេព្យាករទៀតថា តម្រូវការមាសនៅឥណ្ឌាអាចនឹងកើនឡើងបន្ថែមទៀតលើសពី៥០តោន នៅឆមាសទី២ខាងមុខ។

លោកស្រី កាវីតា ចាកកូ (Kavita Chacko) ប្រធានផ្នែកស្រាវជ្រាវរបស់ក្រុមប្រឹក្សាមាសពិភពលោកសម្រាប់ទីផ្សារឥណ្ឌា បានពន្យល់ថា ការផ្លាស់ប្តូរគោលនយោបាយរបស់រដ្ឋាភិបាលឥណ្ឌា លើពន្ធគយនិងពន្ធលើការបង្កើនដើមទុន គឺដើម្បីទប់ស្កាត់ការរត់ពន្ធមាសដែលកំពុងកើនឡើងក៏ដូចជាការជំរុញឧស្សាហកម្មគ្រឿងអលង្ការមាសនៅក្នុងស្រុក។

ក្រៅពីឥណ្ឌាដែលកំពុងបង្កើនការនាំចូលមាស ធនាគារកណ្តាលរបស់ប៉ូឡូញ ក៏មានសេចក្តីរាយការណ៍ថាបានខិតខំបង្កើនស្តុកមាសផងដែរ។ ស្ថិតិបានបង្ហាញថា នៅត្រីមាសទី២ឆ្នាំនេះ ប្រទេស ប៉ូឡូញ បានទិញមាសចូលជិត១៩តោន ស្របពេលដែលកាលពីឆ្នាំ២០២៣ ប៉ូឡូញ បានទិញមាសចូល១៣០តោនជាប់ចំណាត់ថ្នាក់លេខ២ បន្ទាប់ពីប្រទេសចិន ដែលនាំចូលជិត២២៥តោន៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកជំនាញថា បញ្ហាប្រឈមមួយចំនួនរបស់ SME នៅតែមិនទាន់អាចដោះស្រាយ ខណៈរដ្ឋាភិបាលប្តេជ្ញានឹងបន្តជួយដោះស្រាយ

ព័ត៌មាន
ថ្នាក់ដឹកនាំក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ប្តេជ្ញាជួយគាំទ្រ និងដោះស្រាយបញ្ហាប្រឈមដល់សហគ្រាសធុនតូច និងមធ្យម (SME) …

ទីបំផុតក្រុមហ៊ុន NagaCorp ដែលជាម្ចាស់កាស៊ីណូធំបំផុតនៅកម្ពុជា Naga World ប្រកាសលក់កាស៊ីណូរបស់ខ្លួននៅរុស្ស៊ី ដោយសារខាតបង់ធ្ងន់ធ្ងរ

ព័ត៌មាន
នៅទីបំផុតក្រុមហ៊ុន NagaCorp ដែលជាប្រតិបត្តិករ ឬជាម្ចាស់កាស៊ីណូដ៏ធំបំផុតនៅកម្ពុជា Naga World បានប្រកាសលក់គម្រោងកាស៊ីណូ និងរីហ្សតរបស់ខ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ