ជប៉ុន-ចិន-អាស៊ាន

ហេតុអ្វីជប៉ុនសាបរលាបឥទ្ធិពលសេដ្ឋកិច្ចនៅតំបន់អាស៊ីអាគ្នេយ៍ ខណៈចិនកំពុងនាំមុខ?


សេចក្ដីរាយការណ៍មួយរបស់សារព័ត៌មាន Niikkei របស់ជប៉ុនបានឲ្យដឹងថា ប្រទេសជប៉ុនបច្ចុប្បន្ន កំពុងស្រុតចុះនូវអំណាចសេដ្ឋកិច្ចសេដ្ឋកិច្ចរបស់ខ្លួន ដែលជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចតំបន់អាស៊ីជាបណ្ដើរៗហើយ ដោយសារតែបច្ចុប្បន្ននេះ ប្រទេសចិន បានវ៉ាដាច់ប្រទេសជប៉ុនរួចទៅហើយ ក្នុងការធ្វើពាណិជ្ជកម្មជាមួយប្រទេសក្នុងតំបន់អាស៊ាន។ ហើយទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្ម រវាងជប៉ុន និងអាស៊ាន ក៏បានថមថយល្បឿនកាន់តែឆាប់រហ័សថែមទៀត នៅគ្រាដែលទីក្រុងតូក្យូកន្លងមកបានសម្រេចចិត្តបិទព្រំដែន ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩។
17957596_303

មែនទែន​ទៅ តំបន់​អាស៊ាននៅរយៈពេលជាង១ទសវត្សរ៍កន្លងមកនេះ មានការប្រជែង​ឥទ្ធពិលគ្នា​យ៉ាងខ្លាំង​ពីសំណាក់​មហាអំណាចសេដ្ឋកិច្ច​ធំៗរួមមានទាំង​អាមេរិក ចិន និងជប៉ុនជាដើម។

តួយ៉ាង បើតាម​លេខាធិការដ្ឋាន​អាស៊ាន​បាន​ដឹង​ថ្មីៗ​នេះ​ បង្ហាញថា ប្រទេសជប៉ុន បានប្រកួតប្រជែងជាមួយសហរដ្ឋអាមេរិកសម្រាប់តំណែងកំពូល​ជាដៃ​គូពាណិជ្ជ​កម្ម​ដ៏ធំបំផុត​របស់​អាស៊ានអស់​រយៈពេល ៥ ឆ្នាំ​​រហូតដល់ឆ្នាំ​២០០៨ ​​នៅមុន​ពេលដែល​​ប្រទេស​ចិន​បានបង្កើន​តម្លៃ​ពាណិជ្ជកម្មរបស់ខ្លួននៅក្នុងតំបន់​នេះ កាន់តែខ្លាំងក្លា ហើយនៅប៉ុន្មានឆ្នាំចុងក្រោយនេះ តាមរយៈគំនិតផ្ដួចផ្ដើមផ្លូវមួយខ្សែក្រវាត់​មួយ​របស់​រដ្ឋាភិបាល​ក្រុងប៉េកាំង បានជួយឲ្យចិន​ក្ដោបក្ដាប់​ឥទ្ធិពល​នយោបាយ និងសេដ្ឋកិច្ច ពណិជ្ជកម្ម និងការវិនិយោគ​នៅក្នុង​តំបន់​នេះ​កាន់តែខ្លាំងក្លាឡើងផងដែរ​​។​

បន្ទាប់ពីបាន​វ៉ាដាច់​ប្រទេស​ជប៉ុន​ ក្លាយជាដៃគូពាណិជ្ជកម្ម​ដ៏ធំបំផុត​របស់អាស៊ាន​​នៅ​ក្នុង​ឆ្នាំ​២០០០​ហើយនោះ​ មហា​យក្ស​​ចិន​ស្ទើរតែ​នាំមុខ​គេដល់ទៅ ​​បីដង​ទៅ​ហើយនៃទំហំពាណិជ្ជកម្ម​ជាមួយនឹង​អាស៊ាន​នៅ​ក្នុង​ឆ្នាំ​២០២១​។ រីឯជប៉ុនវិញ កាលពី​ឆ្នាំ​២០០៣ ពាណិជ្ជកម្មអាស៊ាន-ជប៉ុនគឺធំជាង​ ពាណិជ្ជកម្ម​រវាង​អាស៊ាន​ជាមួយ​កូរ៉េខាងត្បូងដល់ទៅ​បីដង ប៉ុន្តែគម្លាតនេះ បានរួម​ចុះ​តូចវិញ​មកនៅ​ត្រឹម ១,៣ ដងប៉ុណ្ណោះ​នៅ​ក្នុង​ឆ្នាំ​២០២១​។

ការវិនិយោគផ្ទាល់ប្រចាំឆ្នាំ​របស់ប្រទេសជប៉ុនក្នុងតំបន់​អាស៊ានវិញ មានចំនួនសរុបជិត ១៥ពាន់លាន​ដុល្លារ​ក្នុងឆ្នាំ២០១២ ​​ដែលជាទំហំធំទីបី ​បន្ទាប់ពីការវិនិយោគផ្ទៃក្នុង​នៃតំបន់នេះ ​​​និងការវិនិយោគ​ពី​​សហរដ្ឋអាមេរិក ​ប៉ុន្តែ​ចំនួននេះបានធ្លាក់ចុះ​មកនៅកម្រិត​​ទី៦ វិញ ​ពោល​គឺ​មក​នៅត្រឹម​ជាង ៨ពាន់៥រយ​លានដុល្លារ​ប៉ុណ្ណោះ​ក្នុង​ឆ្នាំ២០២០​​។

ពាណិជ្ជកម្ម​កាន់​តែខ្សោយ​​ទៅៗ​របស់​ប្រទេស​ជប៉ុននៅ​តំបន់​អាស៊ាន​​​​​ក៏​អាច​មើល​ឃើញតាម​រយៈ​​លំហូរ​មនុស្ស​ផង​ដែរ​។ ប្រជា​ជន​​ជប៉ុន​​មានចំនួន ១០​% ប៉ុណ្ណោះ ដែល​បាន​ទៅដើរកម្សាន្ដ​​នៅ​តាម​បណ្ដា​ប្រទេសអាស៊ាន ​បើ​ធៀប​នឹង​តំបន់អាស៊ីផ្សេងទៀត​នៅ​​ក្នុងឆ្នាំ​២០២០ ​ពោល​គឺ​បាន​ធ្លាក់ចុះពី​១៦%​ នៅ​ក្នុង​ឆ្នាំ​២០១២​។

ដំណើរទស្សនកិច្ចរបស់មន្ត្រីរដ្ឋាភិបាល​ជាន់ខ្ពស់ និងនាយកប្រតិបត្តិសាជីវកម្មក៏​បានធ្លាក់ចុះ​ផង​ដែរ​ដោយសារតែវិធានការចត្តាឡីស័ក​ទប់​ស្កាត់​ជំងឺ​កូវីដ​១៩​​ដ៏តឹងរឹងរបស់​ប្រទេស​ជប៉ុន​ ដែល​ធ្វើ​ឱ្យ​អ្នកខ្លះ​បាន​ចំអកថា​ជា ​"គោលនយោបាយបិទទ្វារ"។​

មានត្រឹមតែ ២,៦% នៃអ្នកជំនាញគោលនយោបាយ និងថ្នាកដឹកនាំ​ដែលមានទស្សនវិស័យ ក្នុងបណ្តាប្រទេសអាស៊ាន​ប៉ុណ្ណោះ​ ដែល​​បានលើកឡើង​​ពីប្រទេសជប៉ុនថាជា "មហាអំណាចសេដ្ឋកិច្ចដ៏មានឥទ្ធិពលបំផុត" បើធៀប​នឹងប្រទេសចិន​វិញ ​គឺ​មាន​រហូត​ដល់​ ៧៧% ឯណោះ​។ នេះ​បើ​តាម​ការ​ស្ទង់មតិឆ្នាំ​២០២២​​ដោយវិទ្យាស្ថាន​ អ៊ីស៊ីស យ៉ូសូវ អ៊ីហ្សាក (ISEAS Yusof Ishak) ​ដែលស្ថាប័ន​វិភាគ​មួយ​នៅ​ប្រទេសសិង្ហបុរី​ ។

ប៉ុន្ដែ អ្នកជំនាញបាននិយាយថា​ ភាពខ្លាំងរបស់ប្រទេស​ជប៉ុន​ស្ថិតនៅក្នុងការរួមចំណែក​​ផ្នែកសេដ្ឋកិច្ច​កាលពីអតីតកាលរបស់ខ្លួនទៅកាន់តំបន់​នេះ​ ហើយ​ខណៈដែល​ចំណែកនៃ​ការ​វិនិយោគ​ផ្ទាល់របស់ជប៉ុននៅក្នុងតំបន់​អាស៊ានបានធ្លាក់ចុះ​នោះ​ ប្រទេសនេះ​ក៏កំពុងខិតខំ​បង្កើន​ការ​វិនិយោគឡើងវិញជា​បន្ត​បន្ទាប់​​ផងដែរ។

យ៉ាងណាក៏ដោយចុះ បច្ចុប្បន្ន វាពិតជាមានការលំបាកណាស់​សម្រាប់ជប៉ុន ក្នុងការ​ប្រជែង​ជាមួយចិន​ ទាក់ទងនឹងបរិមាណផលិតកម្ម ខណៈដែលចិន​មានសេដ្ឋកិច្ច​ធំជាងជប៉ុន​ដល់ទៅ៣ដងឯណោះ។

ប៉ុន្ដែ អ្វីដែល​ជាចំណុចខ្លាំងរបស់ជប៉ុនមួយទៀតនោះ គឺជប៉ុន​មានការទទួលស្គាល់ និងភាពជឿជាក់​ពីប្រទេស​ជាច្រើនក្នុងតំបន់។ ជាក់ស្ដែង តាមការស្ទង់មតិ​របស់​វិទ្យាស្ថាន​ អ៊ីស៊ីស យ៉ូសូវ អ៊ីហ្សាក (ISEAS Yusof Ishak) មាន៥៤%នៃអ្នកដែលត្រូវបានស្ទង់មតិ បាន​និយាយថា ពួកគេជឿថា ប្រទេសជប៉ុន គឺធ្វើរឿង​ត្រឹមត្រូវ ដែលជួយ​លើកម្ពស់សន្ដិភាព សន្ដិសុខ និងវិបុលភាព​នៅជុំវិញពិភពលោក ខណៈដែល​អ្នកឆ្លើយជឿជាក់ទៅលើចិនវិញ មានតែ២៧%ប៉ុណ្ណោះ៕​

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ទីក្រុងស៊ាងហៃប្រកាសបិទតំបន់មួយចំនួនឡើងវិញហើយ ក្រោយទើបបើកបានប៉ុន្មានថ្ងៃ

ព័ត៌មាន
ទីក្រុងស៊ាងហៃ នៅថ្ងៃសៅរ៍សប្ដាហ៍នេះ នឹងបិទសង្កាត់មួយ ដែលមានប្រជាជនជិត៣លាននាក់រស់នៅ ដើម្បីបើកការធ្វើតេស្តរកមេរោគឆ្លងកូវីដ១៩ ទ្រង់ទ្រាយធំ …

សមរភូមិដ៏ក្តៅគគុកនៃក្រុង«សៀវរីរ៉ូដូណេក» ជាចំណុចស្លាប់រស់សម្រាប់តំបន់ដុនបាសរបស់អ៊ុយក្រែន

ព័ត៌មាន
ប្រធានាធិបតីអ៊ុយក្រែនហ្សេលេនស្គី បានចេញមកនិយាយទទួលស្គាល់ថា ជោគវាសនានៃតំបន់ដុនបាសទាំងមូលរបស់អ៊ុយក្រែន គឺអាស្រ័យទៅលើសមរភូមិដ៏ស្វិតស្វាញ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ