ជំនន់ទឹកភ្លៀង

ដំណាំកសិកម្មជាង៦ម៉ឺនហិកតា នៅខេត្តចំនួន១៣ បានរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង


ដំណាំកសិកម្មជាច្រើនម៉ឺនហិកតា នៅតាមបណ្ដាខេត្តចំនួន១៣ ក្នុងប្រទេសកម្ពុជា បានរងផលប៉ះពាល់ពីការជន់លិចដោយសារជំនន់ទឹកភ្លៀង ដែលបានកើតឡើងសាជាថ្មីចាប់តាំងពីចុងខែកញ្ញា ឆ្នាំ២០២៣ ខណៈប្រមុខរាជរដ្ឋាភិបាល សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាឲ្យអាជ្ញាធរត្រៀមកម្លាំង និងសម្ភារពាក់ព័ន្ធចាំបាច់នានា ដើម្បីចុះអន្តរាគមន៍ជួយសង្គ្រោះពលរដ្ឋរងគ្រោះទាន់ពេលវេលា។ មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានគូសបញ្ជាក់ថា មកទល់ពេលនេះក្រសួងបានត្រៀម និងផ្តល់ស្រូវពូជជាង១០០តោន ជូនកសិករដែលរងផលប៉ះពាល់ សម្រាប់ដាំដុះឡើងវិញ។
ជំនន់ទឹកភ្លៀង
ដោយ

ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់សារព័ត៌មាន ខេមបូណូមីសថា គ្រោះទឹកជំនន់ដែលបានកើតឡើងសាជាថ្មី បានបង្កផលប៉ះពាល់ដល់ដំណាំកសិកម្មសរុបជាង៦ម៉ឺនហិកតា ក្នុងនោះខូចខាតទាំងស្រុងមានជាង២ម៉ឺន២ពាន់ហិកតា។ ក្នុងចំណោមដំណាំកសិកម្ម ដែលរងផលប៉ះពាល់ទាំងនេះ មានដំណាំស្រូវជាង៥ម៉ឺន ៣ពាន់ហិក​តា ក្នុងនោះខូចខាតជិត២ម៉ឺនហិកតា។

គ្រោះជំនន់ទឹកភ្លៀងនេះដែរ បានបង្កផលប៉ះពាល់ដល់ដំណាំប្រភេទបន្លែជាង១ពាន់ហិកតា ក្នុងនោះ បណ្តាលឱ្យខូចខាតជាង៣រយហិកតា ដោយទំហំផលប៉ះពាល់នៅឆ្នាំនេះមានការកើនឡើងជាង៣ពាន់ហិកតាបើធៀបនឹងឆ្នាំ២០២២ ដែលមានជាង៤ពាន់៨រយហិកតា ខណៈការខូចខាតកើនឡើងជាង៦រយហិកតា ដែលមានជិត១ពាន់ហិកតា។ ជាមួយគ្នានេះដំណាំប្រភេទឧស្សាហកម្មជាង១ម៉ឺន២ពាន់ហិកតា ក៏បានរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅឆ្នាំនេះផងដែរ ក្នុងនោះរងការខូតខាតជិត៣ពាន់ហិកតា។

ពាក់ព័ន្ធបញ្ហាជំនន់ទឹកភ្លៀងនេះដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីពេលកន្លងទៅថ្មីៗ បានបញ្ជាឲ្យបណ្ដាថ្នាក់ដឹកនាំក្រសួង-អាជ្ញាធររាជធានីខេត្ត និងស្ថាប័នពាក់ព័ន្ធទាំងអស់បង្កើនការយកចិត្តទុកដាក់ និងចុះតាមដាន និងដោះស្រាយឱ្យបានទាន់ពេលវេលានៅក្នុងករណីមានបញ្ហាទឹកជំនន់កើតមាននៅក្នុងមូលដ្ឋានរបស់ខ្លួន ជាពិសេសត្រូវយកចិត្តទុកដាក់ជួយសង្រ្គោះប្រជាពលរដ្ឋ និងទ្រព្យសម្បត្តិដែលរងផលប៉ះពាល់។ ជាមួយគ្នានេះប្រមុខរាជរដ្ឋាភិបាល ក៏បានបញ្ជាឱ្យថ្នាក់ដឹកនាំក្រសួងត្រៀមស្បៀង និងបរិក្ខារចាំបាច់សម្រាប់ជួយដល់ជនរងគ្រោះដោយសារទឹកជំនន់ផងដែរ​។

របាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានបង្ហាញឱ្យឃើញថា មកទល់ពេលនេះ ក្រសួងបានផ្ដល់ស្រូវពូជជាង១រយតោនដល់កសិកររងគ្រោះជាង១ពាន់គ្រួសារ សម្រាប់ដាំដុះស្តារឡើងវិញនៅស្រុកចំនួន៥ គឺស្រុកឆ្លូង ស្រុកសំបូរ ស្រុកព្រែកប្រសព្វ ស្រុកចិត្របុរី និងក្រុងក្រចេះ ក្នុងខេត្តក្រចេះ។ ទិន្នន័យបានបង្ហាញថា មានបណ្ដាខេត្តចំនួន១៣ បានរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ដែលខេត្តទាំងនោះ រួមមាន៖ ខេត្តកំពង់ធំ ត្បូងឃ្មុំ ព្រះសីហនុ ព្រះវិហារ បាត់ដំបង ក្រចេះ ពោធិ៍សាត់ កំពង់ចាម ប៉ៃលិន កណ្ដាល សៀមរាប បន្ទាយមានជ័យ និងខេត្តកំពង់ស្ពឺ៕

អត្ថបទ៖ បូ ដូឡា​

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនយក្សចិនធំៗពីរ បង្ហាញបំណងវិនិយោគលើគម្រោងផ្លូវដែកធុនធ្ងន់ និងស្រាលនៅកម្ពុជា

ព័ត៌មាន
កន្លងមក ក្រុមហ៊ុនចិន China Railway Construction Corporation (CRCC) បានរួមចំណែកយ៉ាងសំខាន់ ក្នុងការជួយអភិវឌ្ឍន៍លើវិស័យហេដ្ឋារចនាសម្ព…

មន្ត្រីជាន់ខ្ពស់៖ មិនមានហាមឃាត់អ្នករត់តាក់ស៊ី និងកង់បី នៅព្រលានយន្តហោះសៀមរាបថ្មីទេ

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានចេញមកពន្យល់អំពីករណីការប្រើប្រាស់សេវាដឹកជញ្ជូន នៅក្នុងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ