កសិកម្មកម្ពុជា

ដំណាំស្រូវវស្សាឆ្នាំនេះកំពុងប្រឈមបញ្ហាជំនន់ទឹកភ្លៀង


ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានអះអាងថា ក្នុងរដូវវស្សាឆ្នាំ២០២២នេះ ទឹកភ្លៀងបានចាប់ផ្តើមធ្លាក់លឿន និងមានបរិមាណច្រើនជាងបណ្ដាឆ្នាំមុនៗ ដែលប្រការនេះបានធ្វើឱ្យប៉ះពាល់ដល់ការងារបង្កបង្កើនផលដំណាំស្រូវរដូវវស្សា ជាពិសេសនៅតំបន់ទំនាបកណ្តាលដែលបានព្រោះស្រូវដើមរដូវវស្សាមួយចំនួនត្រូវរងផលប៉ះពាល់ និងខូចខាតដោយសារជំនន់ទឹកភ្លៀង។
វាលស្រែមួយកន្លែង ក្នុងស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវៃង ឆ្នាំ២០២២ ។ រូបភាព៖ ខេមបូណូមីស

បើតាមឯកឧត្តម វេង សាខុន គិតត្រឹមថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ ល្បឿនការងារបង្កបង្កើនផលដំណាំស្រូវរដូវវស្សាទើបអនុវត្តបានតែប្រមាណ៣០ភាគរយប៉ុណ្ណោះ នៃផែនការប្រចាំឆ្នាំ។ ប្រសិនបើការងារបង្កបង្កើនផលដំណាំស្រូវរដូវវស្សាឆ្នាំ២០២២នេះមានភាពយឺតយ៉ាវ តើវាអាចបង្កជាបញ្ហាប្រឈមសម្រាប់ការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិដែរឬទេ?

យោងតាមរបាយការណ៍ស្ដីពីការជំរុញផលិតកម្ម​ដំណាំស្រូវរដូវវស្សាឆ្នាំ២០២២ នៅថ្ងៃទី១០ មិថុនា បានបង្ហាញថា នៅឆ្នាំ២០២២នេះ ការងារបង្កបង្កើន​ផលដំណាំស្រូវ​រដូវវស្សា ហាក់មានភាពយឺតយ៉ាវជាងឆ្នាំមុន ដោយសារតែបរិមាណ​ទឹកភ្លៀងច្រើនជាងឆ្នាំមុន និងដំណើរការនៃការធ្លាក់ភ្លៀង​លឿន​ជាងឆ្នាំមុន​ផងដែរ។ ជាក់ស្ដែង គិតត្រឹមថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ ល្បឿនការងារបង្កបង្កើនផលដំណាំស្រូវរដូវវស្សាអនុវត្តបានប្រមាណ៧៦ម៉ឺនហិកតា ស្មើនឹង៣០ភាគរយ នៃផែនការ ២លានហិកតា។ ជាមួយគ្នានេះ ក្រសួងកសិកម្មបានបង្ហាញការព្រួយបារម្ភថាបញ្ហានេះ អាចធ្វើឱ្យប៉ះពាល់​ដល់ផែនការផលិតកម្ម​ប្រចាំឆ្នាំ ហើយអាចនឹងឈានដល់ការប៉ះពាល់សន្តិសុខស្បៀង និងគោលនយោបាយរបស់រាជរដ្ឋាភិបាល​ក្នុងការ ជំរុញ​ផលិតកម្មដំណាំស្រូវ និងការនាំចេញអង្ករ ផងដែរ។

ជុំវិញបញ្ហានេះ លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវ-អង្ករកម្ពុជា យល់ឃើញថា វាផលប៉ះពាល់​ចំពោះ​ការបង្កបង្កើនផលស្រូវដើមវស្សាឆ្នាំនេះ នឹង​មិនបង្កផលប៉ះពាល់ខ្លាំងនោះទេដល់សន្តិសុខស្បៀង និងដំណើរការនៃការនាំចេញអង្ករទៅ​កាន់​ទីផ្សារអន្តរជាតិនោះទេ ដោយលោកបានអះអាងថា ការនាំចេញអង្ករកម្ពុជា នាពេលកន្លងមក ភាគច្រើនជាស្រូវវដូវប្រាំង ខណៈស្រូវវដូវវស្សា​មានចំនួនតិចតួចប៉ុណ្ណោះ។

បើតាមលោក លន់ យ៉េង បច្ចុប្បន្ន កសិករមួយចំនួនធំ បានប្ដូរពីការធ្វើស្រូវរដូវវស្សាមកធ្វើ​ស្រូវវដូវប្រាំងវិញ ដូច្នេះ បើទោះជាដំណើរការផលិតកម្មស្រូវវស្សាឆ្នាំនេះ ជួបបញ្ហាប្រឈមមួយចំនួន​ក៏ដោយ ក៏មិនប៉ះពាល់ខ្លាំងដល់ការនាំចេញអង្ករ ទៅកាន់ទីផ្សារអន្តរជាតិ នោះដែរ ក៏ប៉ុន្តែបញ្ហានេះអាចនឹងប៉ះពាល់ដល់ការនាំចេញស្រូវទៅប្រទេស​វៀតណាម តិចតួចដែរ។

គួរបញ្ជាក់ថា​ បើតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជានៅ៥ខែឆ្នាំ២០២២ កម្ពុជាសម្រេចបានការនាំ​ចេ​ញអង្ករទៅកាន់ទីផ្សារអន្តរជាតិសរុបជាង ២៨ម៉ឺន៣ពាន់តោន កើនឡើងជិត២២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ដោយឡែកនៅពេញមួយខែឧសភា កម្ពុជានាំចេញអង្ករសម្រេចបានជិត ៦ម៉ឺន៣ពាន់តោនកើនឡើងជាង៥៤% បើធៀបនឹងខែឧសភា កាលពីឆ្នាំ២០២១។ ជាមួយគ្នានេះ សហព័ន្ធស្រូវអង្ករកម្ពុជារំពឹងថា នៅឆ្នាំ២០២២ នេះ កម្ពុជានឹងអាចនាំចេញអង្ករសម្រេចបានចន្លោះពី៧៥ម៉ឺនទៅ៨០ម៉ឺនតោន៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារអេស៊ីលីដារំពឹងការជួញដូរភាគហ៊ុនកាន់តែសកម្ម ក្រោយប្រកាសបែងចែកភាគលាភដល់ភាគហ៊ុនិក

ព័ត៌មាន
ធនាគារ អេស៊ីលីដាបាន និងកំពុងផ្តល់ភាគលាភជូនភាគហ៊ុនិករបស់ខ្លួន សម្រាប់ប្រាក់ចំណេញនៅឆ្នាំ២០២១ ដែលមានទំហំទឹកប្រាក់សរុបជាង ២៣៧ពាន់លានរៀ…

ចរាចរណ៍នាវាដឹកទំនិញចេញ-ចូលកំពង់ផែស្វយ័តភ្នំពេញកើនដល់ជាង១០០% នៅ៥ខែឆ្នាំ២០២២

ព័ត៌មាន
បើទោះជាពិភពលោកបន្តស្ថិតក្នុងបរិបទនៃការរាតត្បាតជំងឺកូវីដ១៩ និងសង្រ្គាមរវាងរុស្សីនិងអ៊ុយក្រែន ប៉ុន្ដែសកម្មភាពដឹកជញ្ជូនទំនិញតាមកំពង់ផែស្វយ័…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ