ប្រាក់ដុល្លារ

តើការបន្ធូរបន្ថយលក្ខខណ្ឌលើការចាយក្រដាស់ប្រាក់ដុល្លារចាស់ៗ ឬប្រឡាក់ វាផ្តល់គុណសម្បត្តិ និងវិបត្តិយ៉ាងណាដល់វិស័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចជាតិ?


ធនាគារជាតិនៃកម្ពុជា កាលពីពេលថ្មីៗបានតម្រូវឱ្យគ្រប់សាខាធនាគារពាណិជ្ជនៅខេត្តសៀមរាបទទួលយកក្រដាសប្រាក់ដុល្លារអាម៉េរិកចាស់ៗ ឬប្រឡាក់ដោយមិនមានកាត់ទឹក ឬបង់កម្រៃសេវា ដើម្បីជួយសម្រួលដល់ការចាយវាយរបស់ភ្ញៀវទេសចរបរទេស។
ប្រាក់ដុល្លារ
ដោយ

ការដាក់ចេញយន្តការរបស់ធនាគារជាតិនៃកម្ពុជានេះ បានធ្វើឱ្យមានការជជែកក្នុងស្រទាប់មហាជន ដោយអ្នកខ្លះបានលើកឡើងជាចម្ងល់ថា ហេតុអ្វីធនាគារជាតិ ដាក់ឱ្យអនុវត្តតែនៅក្នុងខេត្តសៀមរាប ហើយមិនដាក់ឱ្យអនុវត្តឱ្យបានទូលំទូលាយ អ្នកខ្លះទៀតលើកឡើងថា ការធ្វើបែបនេះអាចធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ច និងប៉ះពាល់ដល់ការជំរុញការប្រើប្រាស់ប្រាក់រៀលជាដើម។ តើការតម្រូវឱ្យគ្រឹះស្ថានធនាគារទទួលប្រាក់ដុល្លារចាស់ និងប្រឡាក់ដោយមិនកាត់ទឹកនេះ វាផ្តល់គុណសម្បត្តិ និងវិបត្តិយ៉ាងណាដល់វិស័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចជាតិ?

អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា យល់ឃើញថា ការដូរក្រដាសប្រាក់ដុល្លារអាម៉េរិកចាស់ៗ ឬប្រឡាក់ ដោយមិនកាត់ទឹកសម្រាប់លុយដែលមានស្រាប់នៅក្នុងស្រុកទំនងជាមិនបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ប្រាក់រៀលនោះទេ ប៉ុន្តែប្រសិនបើមានការដោះដូរយ៉ាងគំហុកនោះចង់ ឬមិនចង់វាអាចនឹងធ្វើឱ្យប៉ះពាល់ដល់តម្លៃប្រាក់រៀល។ យ៉ាងណាមិញអ្នកជំនាញរូបនេះហាក់បារម្ភពីលំហូរ នៃប្រាក់ដុល្លារចាស់ៗ ឬប្រឡាក់មកពីប្រទេសជិតខាងចូលមកកម្ពុជា ដែលវាអាចនឹងធ្វើឱ្យមានភាពស្មុគស្មាញកាន់តែច្រើន។ តែយ៉ាងណាអ្នកឧកញ៉ាជឿជាក់ថា រាជរដ្ឋាភិបាលអាចគិតគូរលើបញ្ហានេះរួចហើយ មុននឹងដាក់ឱ្យអនុវត្តយន្តការនេះ។

​អ្នកឧកញ៉ា លឹម ហេង បានវាយតម្លៃថា ការដាក់ឱ្យអនុវត្តយន្តការឱ្យទទួលយកក្រដាសប្រាក់ដុល្លារអាម៉េរិកចាស់ៗ ឬឡាក់នៅក្នុងខេត្តសៀមរាបនេះ ទំនងជាអាចធ្វើឡើងក្នុងជំហានសាកល្បង ហើយប្រសិនបើការអនុវត្តនេះពុំមានផលប៉ះពាល់ដល់ចរន្តសេដ្ឋកិច្ច នោះរដ្ឋាភិបាលអាចនឹងពង្រីកដល់រាជធានីភ្នំពេញ និងខេត្តគោលដៅទេសចរណ៍សំខាន់ៗមួយចំនួនទៀត។

​ដោយឡែកលោក កាំង តុងងី ប្រធាននាយកដ្ឋានទំនាក់ទំនង និងជាអ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា យល់ឃើញថា ការជួយសម្រួល ការប្ដូរក្រដាសប្រាក់ដុល្លារអាម៉េរិកចាស់ៗ ឬប្រឡាក់ នៅក្នុងខេត្តសៀមរាប អាចគ្រាន់តែជាដំណោះស្រាយរយៈពេលខ្លីប៉ុណ្ណោះ។ យ៉ាងណាក៏ដោយអ្នកជំនាញរូបនេះលើកទឹកចិត្តឱ្យពលរដ្ឋខ្មែរគួរផ្ដោតលើការប្រើប្រាស់ប្រាក់រៀល និងការចាយប្រាក់តាមប្រព័ន្ធឌីជីថល ព្រោះវាមិនត្រឹមតែជួយលើកកម្ពស់សេដ្ឋកិច្ចជាតិ ប៉ុណ្ណោះទេ ថែមទាំងជាដំណោះស្រាយយូរអង្វែងដ៏មានប្រសិទ្ធភាព ហើយក៏ជាផ្នែកមួយជួយកាត់បន្ថយការលាងលុយកខ្វក់នៅកម្ពុជា ផងដែរ។

​ពាក់ព័ន្ធការបើកឱ្យទទួលយកក្រដាសប្រាក់ដុល្លារចាស់ៗ ឬប្រឡាក់នេះដែរ កាលពីពេលថ្មីៗ លោកជំទាវ ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានស្នើដល់ធនាគារចិន ប្រចាំទីក្រុងហុងកុងជួយសម្រួល និងបន្ធូរបន្ថយលក្ខណៈវិនិច្ឆ័យក្នុងការស្រាល់ជ្រើសក្រដាសប្រាក់ដុល្លារអាម៉េរិកពីកម្ពុជា និងបន្ទាបកម្រៃសេវា។ ជាការឆ្លើយតប ធនាគារកណ្តាលចិន បានទទួលសំណូមពរនេះ ហើយបញ្ជាក់ថានឹងយកសំណើនេះទៅពិភាក្សាជាមួយក្រុមការងាររបស់លោកបន្តទៀត។

ជាមួយគ្នានេះធនាគារជាតិនៃកម្ពុជា កំពុងអភិវឌ្ឍន៍កម្មវិធីទូរសព្ទ បាគង សម្រាប់ទេសចរ (Bakong Tourists App) ដែលគ្រោងដាក់ឱ្យដំណើរការក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីរួមចំណែកជួយជំរុញវិស័យទេសចរណ៍នៅកម្ពុជា តាមរយៈការជួយសម្រួលឱ្យភ្ញៀវអន្តរជាតិ អាចធ្វើប្រតិបត្តិការទូទាត់ឌីជីថលបានកាន់តែងាយស្រួល។

ធនាគារជាតិ រំពឹងថា កម្មវិធីនេះនឹងក្លាយជាផលិតផលទេសចរថ្មីមួយទៀត ដើម្បីបង្កើនភាពទាក់ទាញដល់ភ្ញៀវអន្តរជាតិ មកទស្សនាកម្ពុជា បន្ថែមពីផលិតផលទេសចរវប្បធម៌ ប្រពៃណី ប្រវត្តិសាស្ត្រ និងធម្មជាតិ ដែលមានស្រាប់។ ជាពិសេសវានឹងជួយលើកកម្ពស់កិត្យានុភាពជាតិ មួយកម្រិតទៀត តាមរយៈការផ្តល់ឱ្យភ្ញៀវអន្តរជាតិ នូវបទពិសោធន៍នៃការទូទាត់តាមឌីជីថលថ្មី ទំនើប និងជឿនលឿន៕

អត្ថបទ៖ បូ ដូឡា​

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ពន្ធដារធ្លាក់ចំណូលជាង១៥០លានដុល្លារនៅឆមាសទី១ តើវាបានឆ្លុះបញ្ចាំងយ៉ាងណាពីស្ថានភាពអាជីវកម្មក្នុងស្រុក?

ព័ត៌មាន
ការប្រមូលចំណូលពន្ធអាកររបស់អគ្គនាយកដ្ឋានពន្ធដារសម្រេចបានជាង១ពាន់៩រយលានដុល្លារអាម៉េរិកនៅឆមាសទី១ឆ្នាំនេះធ្លាក់ចុះជាង១៥០លានដុល្លារបើធៀបនឹង…

តើចិនដែលទិញមាសចូលច្រើនជាងគេនៅឆ្នាំ២០២៣ អាចសម្រុកទិញមាសចូលបន្ថែមទៀតទេ?

ព័ត៌មាន
ធនាគារកណ្ដាលចិន ដែលមានសេដ្ឋកិច្ចធំបំផុតទី២របស់ពិភពលោក បានក្លាយជាធនាគារកណ្ដាលឈានមុខគេក្នុងពិភពលោក ដែលបានសម្រុកទិញចូលមាសច្រើនជាងគេរហូត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ