វិស័យធនាគារ

ការប្រើប្រាស់កម្ចីលក្ខណៈបុគ្គលមានទំហំជាង១៥ពាន់លានដុល្លារ គិតត្រឹមត្រីមាសទី១ឆ្នាំនេះ ក្នុងនោះជាង៥៣% ជាកម្ចីទិញផ្ទះ


បើតាមរបាយការណ៍របស់ការិយាល័យឥណទានកម្ពុជា (CBC) គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៤ ការប្រើប្រាស់កម្ចីលក្ខណៈបុគ្គលមានទំហំសរុបជាង១៥ពាន់លានដុល្លារ ក្នុងនោះទំហំកម្ចីជាង៥៣% ត្រូវបានផ្តល់លើការទិញផ្ទះ និងជាង៤៥% ជាកម្ចីហិរញ្ញវត្ថុផ្ទាល់ខ្លួន។ ដើម្បីគ្រប់គ្រងហានិភ័យនៅក្នុងវិស័យអចលនទ្រព្យ ព្រមទាំងកាត់បន្ថយ និងចៀសវាងផលប៉ះពាល់ដែលអាចកើតមានជាយថាហេតុមកលើស្ថិរភាពហិរញ្ញវត្ថុ ធនាគារជាតិនៃកម្ពុជា កាលពីពេលកន្លងទៅបានជំរុញឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ត្រូវមានភាពប្រុងប្រយ័ត្នខ្ពស់លើការផ្តល់ឥណទាននៅក្នុងវិស័យនេះ។
វិស័យធនាគារ
ដោយ

លោក កាំង តុងងី ប្រធាននាយកដ្ឋានទំនាក់ទំនង និងជាអ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានគូសបញ្ជាក់ថា ដោយសារតែស្ថានភាពទីផ្សារក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា ស្ថិតក្នុងភាពមិនច្បាស់លាស់នៅប៉ុន្មានឆ្នាំចុងក្រោយនេះ បានធ្វើឱ្យហានិភ័យក្នុងវិស័យនេះមានការកើនខ្ពស់ជាងមុន ដែលជំរុញឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុត្រូវពង្រឹងគុណភាពលើការផ្តល់កម្ចីសម្រាប់វិស័យនេះ។

អ្នកជំនាញរូបនេះយល់ឃើញថា ការរឹតបន្តឹងលើការផ្តល់កម្ចីសម្រាប់វិស័យអចលនទ្រព្យក្នុងកាលៈទេសៈបច្ចុប្បន្ន វាជារឿងមួយល្អ ព្រោះវាអាចជួយការពារហានិភ័យជូនអតិថិជន និងប្រជាពលរដ្ឋដែលត្រូវប្រើប្រាស់កម្ចីក្នុងវិស័យមួយនេះ។ ជារឿងល្អ ក៏ដោយសារតែកន្លងមកនេះមានបញ្ហាជាច្រើនបានកើតឡើងទាក់ទងនឹងកម្ចីក្រៅប្រព័ន្ធ ឬការទទួលកម្ចីផ្ទាល់ជាមួយម្ចាស់ក្រុមហ៊ុនអចលនទ្រព្យ។ ម្យ៉ាងទៀត ការពង្រឹងគុណភាពលើការផ្តល់កម្ចីសម្រាប់វិស័យអចលនទ្រព្យនេះ គឺដើម្បីធ្វើឱ្យវិស័យយនេះមានស្ថិរភាព និងភាពច្បាស់លាស់មកវិញ ដោយសារតែការប្រើប្រាស់កម្ចីដែលមានគុណភាពទៅលើវិស័យ​អចល​នទ្រព្យនេះ នឹងអាចកាត់បន្ថយបញ្ហាជាច្រើនដែលអាចកើតមានជាយថាហេតុ។

​ជាមួយគ្នានេះ ឧកញ៉ា ចេង ខេង ប្រធានអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ CPL យល់ឃើញថា ការរឹតបន្តឹងការផ្តល់ឥណទានលើការទិញផ្ទះ ឬអចលនទ្រព្យក្នុងកាលៈទេសៈបច្ចុប្បន្នពីសំណាក់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ វាមិនត្រឹមតែជួយកាត់បន្ថយផលប៉ះពាល់មកលើទីផ្សារអចលនទ្រព្យប៉ុណ្ណោះទេ ថែមទាំងជួយកាត់បន្ថយហានិភ័យដល់វិស័យហិរញ្ញវត្ថុផងដែរ។

អ្នកជំនាញរូបនេះអះអាងថា ការផ្តល់កម្ចីក្នុងវិស័យអចលនទ្រព្យមិនបានត្រឹមត្រូវ វាមិនត្រឹមតែផ្តល់ហានិភ័យដល់វិស័យអចលនទ្រព្យនោះទេ តែវាក៏អាចធ្វើឱ្យប៉ះពាល់ដល់វិស័យហិរញ្ញវត្ថុផងដែរ តាមរយៈការជំរុញឱ្យកម្ចីមិនដំណើរការមានការកើនឡើង។

​គួរបញ្ជាក់ថា កាលពីពេលទៅថ្មីៗ លោកជំទាវ ជា សេរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានជំរុញឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់បន្តបង្កើនការប្រុងប្រយ័ត្នខ្ពស់លើការផ្តល់ឥណទានក្នុងវិស័យអចលនទ្រព្យ ក្រោយលោកជំទាវមើលឃើញពីទន់ខ្សោយរបស់វិស័យនេះ ដែលទីផ្សារផ្គត់ផ្គង់លើសតម្រូវការ ហើយសន្ទស្សន៍ថ្លៃលំនៅឋានមានការថយចុះ គួបផ្សំលំហូរវិនិយោគផ្ទាល់ពីបរទេសមកកាន់វិស័យនេះក៏មានការថមថយ។ ថ្នាក់ដឹកនាំរូបនេះកត់សម្គាល់ឃើញថា ក្រោយកំណើនឥណទានមានការថយចុះ គួបផ្សំនឹងការបញ្ចប់ការរៀបចំឥណទានឡើងវិញ បានធ្វើឱ្យឥណទានមិនដំណើរការកើនឡើងលឿន ដែលទាមទារឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុត្រូវបង្កើនការតាមដាន និងវាយតម្លៃជាប្រចាំលើហានិភ័យមកលើស្ថិរភាពហិរញ្ញវត្ថុ។

បើតាមរបាយការណ៍របស់ការិយាល័យឥណទានកម្ពុជា (CBC) គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៤ ការប្រើប្រាស់កម្ចីលក្ខណៈបុគ្គលមានទំហំសរុបជាង១៥ពាន់លានដុល្លារ ក្នុងនោះទំហំកម្ចីជាង៥៣% ត្រូវបានផ្តល់លើការទិញផ្ទះ ជាង៤៥% ជាកម្ចីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងជាង១% ជាកម្ចីសម្រាប់បណ្ណឥណទាន៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឥណ្ឌាត្រូវការវិស្វករផ្នែកបច្ចេកវិទ្យាជាន់ខ្ពស់រហូតដល់ទៅរាប់លាននាក់ ដើម្បីពន្លឿនសន្ទុះកំណើនសេដ្ឋកិច្ច

ព័ត៌មាន
អ្នកជំនាញលើកឡើងថា ឥណ្ឌា ដែលបានវ៉ាឈ្នះមហាយក្សចិន ក្លាយជាប្រទេសមានប្រជាជនច្រើនបំផុតរបស់ពិភពលោកក្នុងចំនួនរហូតដល់ទៅជាង១,៤ពាន់លាននាក់ នឹងត្…

លោក ចូ បៃដិន អះអាងជាថ្មីថានឹងមិនបោះបង់បេក្ខភាព ទោះមានការរិះគន់ច្រើនលើជរាភាព

ព័ត៌មាន
លោកប្រធានាធិបតី ចូ បៃដិន បានអះអាងថា គ្មានអ្វីនឹងធ្វើឱ្យលោកពិចារណាឡើងវិញលើការសម្រេចចិត្តក្នុងការបន្តឈរឈ្មោះប្រកួតប្រជែងក្នុងការបោះឆ្នោតប្រធា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ